បញ្ហាវិវាទដីធ្លី ព័ត៌មានជាតិ
លោក មេង គ្រុយពន្លក | ០៦ ធ្នូ ២០២២ | ម៉ោង ២១:៣៧
VOD

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងរដ្ឋបាលសាលខេត្តកោះកុង អង្គការដៃគូ សមាជិក-សមាជិការតាមសហគមន៍ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកជីផាត់ ខេត្តកោះកុង រួមគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៧៤ ឆ្នាំ២០២២។ (CCFC)
ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន១០ នៅខេត្តកោះកុង ស្នើដល់អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាជម្លោះដីធ្លី បញ្ឈប់ការរើសអើងលើអ្នកមានបញ្ហាដីធ្លី និងលើកលែងការចោទប្រកាន់លើពលរដ្ឋចំនួន ៣២នាក់ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី។
ការស្នើនេះបានធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ លើកទី៧៤ នៅឃុំព្រែកជីក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត សរុបចំនួនប្រមាណ១ ៣០០នាក់។
តំណាងសហគមន៍ដីធ្លីនៅឃុំជីខក្រោម ស្រុកស្រែអំបិល អ្នកស្រី ផាវ ញ៉ើង បានលើកឡើងថា ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូនោះ ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីមកពី១០សហគមន៍ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលពួកគាត់បានជួបប្រទះ ក្នុងនោះ ពួកគាត់ក៏បានស្នើទៅកាន់រដ្ឋបាលខេត្តកោះកុង ឱ្យពន្លឿនការដោះស្រាយវិវាទដីធ្លី ទម្លាក់ការចោទប្រកាន់លើពលរដ្ឋទាំង ៣២នាក់ ដែលរងការចោទប្រកាន់ដោយសារតែរឿងដីធ្លី និងស្នើឱ្យមានការផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រ ព្រមទាំងស្នើដល់អាជ្ញាធរបញ្ឈប់ការរើសអើងលើពលរដ្ឋដែលតវ៉ារឿងដីធ្លីផងដែរ។
អ្នកស្រីថា៖ «ហើយគេចោទប្រកាន់ពីបទញុះញង់ [លើពលរដ្ឋដែលសកម្មក្នុងការតវ៉ារឿងដីធ្លី]ដល់អ៊ីចឹងទៅ យើងស្នើឱ្យមានការទម្លាក់ការចោទប្រកាន់នេះ ព្រោះយើងជាជនរងគ្រោះ។ ហើយពន្លឿនក្នុងការដោះស្រាយបន្ថែមឱ្យពួកយើង បើអត់ដោះផង ចាំចោទប្រកាន់ពេលគ្នាទៅតវ៉ា អ៊ីចឹងមិនកុនហើយ»។
តំណាងសហគមន៍មានជម្លោះដីធ្លីនៅឃុំជីខលើ អ្នកស្រី ដេត ហួត បានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានដាក់ញត្តិជាច្រើនលើកច្រើនសាមកហើយ ទៅកាន់ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការដោះស្រាយបញ្ចប់វិវាទនៅឡើយ។ ករណីនេះ អ្នកស្រីថាបានធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព ដោយសារមិនមានដីសម្រាប់ប្រើប្រាស់ និងអាស្រ័យផល។
អ្នកស្រីថា៖ «យើងក៏បានដាក់[ញត្តិ]គ្រប់ជាន់ថ្នាក់ គ្រប់ស្ថាប័នទាំងអស់ សុំឱ្យលោកដោះស្រាយវិវាទដីធ្លីជូនពួកយើង តែសោកស្ដាយមែនទែន អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បែរជាគាត់បង្វែររឿងដីធ្លីរបស់ពួកយើង ហើយចោទយើងថាមិនមានមូលដ្ឋានគ្រឹះក្នុងការតវ៉ា»។
បើតាមក្រុមប្រជាពលរដ្ឋ ក្នុងវេទិកានោះ អាជ្ញាធរខេត្តដែលបានចូលរួម មិនបានឆ្លើយតបទៅនឹងការស្នើរបស់ពួកគាត់ទេ ដោយគ្រាន់តែបានលើកឡើងពីការអភិវឌ្ឍនានានៅក្នុងខេត្តប៉ុណ្ណោះ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង ដែលបានចូលរួមក្នុងវេទិកានោះទេ ដោយលោកប្រាប់ថាជាប់រវល់។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ដែលបានចូលរួមវេទិកានេះដែរ បានលើកឡើងថា ការស្នើសុំ និងលើកឡើងពីទុក្ខកង្វល់របស់ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយអ្នកមានអំណាចនេះ ជារឿងពិត ដែលពលរដ្ឋទាំងនោះជួបប្រទះ។
ករណីនេះ លោកបានជំរុញទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលធ្វើយ៉ាងណា ដោះស្រាយបញ្ហាវិវាទដីធ្លីទាំងនោះជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីឱ្យពួកគាត់មានដីសម្រាប់ប្រើប្រាស់ និងអាស្រ័យផលក្នុងជីវភាពរស់នៅ។
លោកថា៖ «ពួកគាត់ត្រូវបានគេចោទប្រកាន់ថាជាក្រុមបដិវត្តន៍ពណ៌ ជាក្រុមអនាធិបតេយ្យ អ៊ីចឹងហើយសេវាកម្មសង្គមផ្សេងៗហ្នឹងត្រូវបានគេផាត់ចេញ អត់មានការគាំពារពីរដ្ឋទេ មិនតែប៉ុណ្ណោះ គេប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ ចាប់ខ្លួនពួកគាត់ទៀត។ អ៊ីចឹងការស្នើសុំ៥ចំណុច គឺជារឿងដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយជូនពួកគាត់»៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។