ដោយ សុជីវី
2022.12.07
RFA

ក្រុមយុវជន និងសកម្មជនសិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុងចម្ងាយជាង ៩០ គីឡូម៉ែត្រ មកដល់ស្ពានកំពង់ក្តី ខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែធ្នូ ដោយផ្តើមចេញដំណើរពីផ្សារកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូខាងមុខនេះ។ រូប៖ CYN
ថ្ងៃទី២ នៃយុទ្ធនាការជិះកង់ប្រវែងជាង ៣០០គីឡូម៉ែត្រពីខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ របស់ក្រុមសកម្មជនសិទ្ធិមនុស្ស បានធ្វើដំណើរដល់ព្រំប្រទល់ស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំហើយ នៅរសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការឃ្លាំមើល និងសួរនាំពីអាជ្ញាធរតាមដងផ្លូវជាហូរហែ។ យុទ្ធនាការថ្ងៃដដែលនេះ ក្រុមយុវជនផ្ញើសារទៅកាន់ រដ្ឋាភិបាលឱ្យចាប់អារម្មណ៍ ជួយជ្រោមជ្រែងយុត្តិធម៌សង្គមឡើងវិញ។
ក្រុមយុវជន និងសកម្មជនសិទ្ធិមនុស្ស ៣០នាក់ បន្តជិះកង់ក្នុងចម្ងាយជាង ៩០ គីឡូម៉ែត្រ នៅថ្ងៃទី៧ ខែធ្នូ ដោយផ្តើមចេញដំណើរពីផ្សារកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បោះពួយទៅកៀកទីរួមខេត្តកំពង់ធំ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ខែធ្នូខាងមុខនេះ។

ពួកគាត់សង្កេតឃើញថា បច្ចុប្បន្នស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែធ្ងន់ធ្ងរទៅ ពុំធូរស្បើយឡើយ ដោយសារ មានក្រុមឧកញ៉ា និង អ្នកមានអំណាចខ្លះ បន្តប្រើឥទ្ធិពលរំលោភយកដីធ្លីដោយខុសច្បាប់ បំផ្លាញព្រៃឈើ ធនធានធម្មជាតិ និង កាប់ទន្ទ្រានព្រៃឈើស្ទើរគ្រប់តំបន់ជាប់ដែនអភិរក្ស។ រីឯពលរដ្ឋក្រីក្រ តែងតែរងគ្រោះដដែលៗ ដោយសារបាត់បង់ដីធ្លី ធនធានធម្មជាតិ និងព្រៃឈើកើនឡើងច្រើន គ្មានយន្តការលុបបំបាត់នៅឡើយទេ។
យុវជនចូលរួមយុទ្ធនាការកញ្ញា ឡុង សុខលីន សង្កេតឃើញថា ពលរដ្ឋនៅតែភ័យខ្លាច ក្នុងការសម្តែងមតិ សូម្បីតែការចែករំលែក ភាពអយុត្តិធម៌សង្គមតាមបណ្តាញសង្គមហ្វេសបុក (Facebook) ក៏ពួកគាត់ខ្លាចរអាដែរ ព្រោះខ្លាចអាជ្ញាធរធ្វើបាប។ កញ្ញាបញ្ជាក់ថា ពលរដ្ឋភាគច្រើនសុខចិត្តស្ងៀមស្ងាត់ មិនហ៊ាននិយាយរិះគន់ បើទោះបីជា មានរឿងអយុត្តិធម៌សង្គមកើតឡើងនៅចំពោះមុខក្តី។ តាមរយៈព្រឹត្តិការណ៍នេះ កញ្ញាសង្ឃឹមថា ពលរដ្ឋនឹងយល់ដឹងច្បាស់ ពីការប្រើប្រាស់សិទ្ធិរបស់ខ្លួន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ៖
«ចង់ឱ្យពលរដ្ឋគាត់ដឹងថា យើងមានសិទ្ធិកុំឱ្យខ្លាចក្នុងការបញ្ចេញមតិឬក៏ធ្វើសកម្មភាពអីដែលត្រឹមត្រូវបើយើងអត់ធ្វើសកម្មភាពអីទេយើងនឹងភ្លេចថាយើងមានសិទ្ធិអ្វីខ្លះក្នុងសង្គមនេះ។អត់មានការភ័យខ្លាចអីទេបងព្រោះវាជារឿងត្រឹមត្រូវក្នុងការធ្វើយុទ្ធនាការនេះ»។
ក្រុមយុវជនឱ្យដឹងថា កំឡុងពេលធ្វើយុទ្ធនាការនេះ មានយុវតីម្នាក់ មានបញ្ហាសុខភាព អស់កម្លាំង ឈឺរាងកាយ ដោយត្រូវសម្រាកនៅមន្ទីរពេទ្យរយៈពេលខ្លី តែពេលនេះ បានធូរស្រាលហើយ។ យុទ្ធនាការជិះកង់ទាំងនេះ ក្រុមយុវជនសិទ្ធិមនុស្ស ព្យាយាមតស៊ូជិះកង់រយៈ៥ថ្ងៃជាប់ៗគ្នា ដើម្បីទាមទារយុត្តិធម៌សង្គម ក្រោមអាកាសធាតុក្តៅ និងជិះបញ្ច្រាសខ្យល់ចាប់ពីចំណុចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ឆ្ពោះទៅកាន់ក្រុងភ្នំពេញ។ ពួកគាត់ជិះកង់ពាក់ឯកសណ្ឋានអាវយឺតពណ៌ផ្ទៃមេឃ និងពណ៌សរ ភ្ជាប់ពាក្យស្លោកថា ការគោរពសិទ្ធិមនុស្ស នាំមកនូវយុត្តិធម៌សង្គម។

ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា នៅកម្ពុជាពុំមានការរឹតត្បិត និងគំរាមកំហែងសិទ្ធិពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ដែលធ្វើសកម្មភាពត្រឹមត្រូវស្របតាមច្បាប់នោះឡើយ។ បន្ថែមពីនេះលោកថា អាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ ចំពោះតែបុគ្គលមួយចំនួនតូច បានប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ តែបែរជាចោទសមត្ថកិច្ចថា រំលោភសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា អ្នកនយោបាយ ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ពុំអាចប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន តាមអំពើចិត្តនោះទេ គឺត្រូវគោរពច្បាប់រដ្ឋ និងកិត្តិយសអ្នកដទៃ៖
«អ្វីដែលគាត់ធ្វើនៅពេលដែលបានប្រព្រឹត្តល្មើសច្បាប់សមត្ថកិច្ចមានវិធានការចំពោះគាត់ទាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ទាំងតុលាការពួកគាត់បែរជាចោទសមត្ថកិច្ចទាំងនោះថារំលោភសិទ្ធិមនុស្សនេះជាការខុសឆ្គងទាំងស្រុងព្រោះពលរដ្ឋក្តីមន្ត្រីសង្គមស៊ីវិលនិងអ្នកនយោបាយក្តីពុំមែនប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនតាមអំពើចិត្តនោះទេគឺប្រើប្រាស់តាមច្បាប់រដ្ឋនិងគោរពកិត្តិយសសេចក្ដីថ្លៃថ្នូរអ្នកដទៃ»។
ឆ្លើយតបនឹងបញ្ហានេះដែរ ប្រធានបណ្តាញជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ មើលឃើញថា ព្រៃឈើ ភ្នំ បឹង រ៉ែ ដីធ្លី អូរ និងធនធានធម្មជាតិ ក្នុងខេត្តមណ្ឌលគិរីកំពុងឋិតក្នុងភាពគ្រោះថ្នាក់ ដោយសារក្រុមអ្នកមានអំណាច ឃុបឃិតជាមួយអាជ្ញាធរ រំលោភបំពានយកជាបន្តបន្ទាប់ គ្មានការអនុវត្តច្បាប់ច្បាស់លាស់។
លោកស្រីថា ការគោរពសិទ្ធិមនុស្សមានស្តង់ដារពីរ រវាងពលរដ្ឋ និងអ្នកមានអំណាច ដោយអ្នកមានអំណាច ឬឧកញ៉ាប្រព្រឹត្តល្មើសច្បាប់ឈូសឆាយដីព្រៃរាប់រយហិកតារគ្មានទោសពៃរ៍ ផ្ទុយពីពលរដ្ឋសាមញ្ញ៖
«អ្នកមានឱកាសយើងឃើញហើយ ឧកញ៉ាអ្នកធំ និងអ្នកមានអំណាចអ្នករងគ្រោះ ពលរដ្ឋក្រីក្រ ទន់ខ្សោយ។ មានតែក្នុងក្រដាសតែអត់គោរពសិទ្ធិសូមស្នើឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធគោរពសិទ្ធិមនុស្ស»។

សកម្មជនសិទ្ធិមនុស្សបន្ថែមថា នៅល្ងាចថ្ងៃដដែលនេះ ពួកគាត់ជិះកង់ ក្នុងចម្ងាយផ្លូវជាង៩០ គីឡូម៉ែត្រ មកដល់កៀកទីរួមខេត្តកំពង់ធំ ពុំមានអាជ្ញាធរណាហាមឃាត់នោះទេ ប៉ុន្តែឃើញនគរបាលពាក់ឯកសណ្ឋានមកថតរូប សួរនាំ និងឃ្លាំមើលសកម្មភាពតាមដងផ្លូវ។ ពួកគាត់គ្រោង នឹងទៅឱ្យដល់ទីលានប្រជាធិបតេយ្យ ក្នុងក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ប៉ះចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ ហើយបន្តប្រារព្ធព្រឹត្តិការណ៍ជិះកង់ ចម្ងាយ ៣០គីឡូម៉ែត្រ បន្ថែមទៀតនៅថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។