ដោយ ទីន ហ្សាការីយ៉ា
2023.01.05
RFA

អ្នកភូមិជិត ១០នាក់ តំណាងឱ្យពលរដ្ឋ ២០០គ្រួសារ រស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ យកញត្តិស្នើសុំកិច្ចអន្តរាគមន៍ ពីអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបពីពលរដ្ឋ
ពលរដ្ឋប្រមាណ ២០០គ្រួសារ ខកចិត្តនឹងអាជ្ញាធរខេត្តមណ្ឌលគិរី នៅតែមិនអើពើការពារភ្នំធម្មជាតិពីរកន្លែង ដែលជាប្រភពសេដ្ឋកិច្ច និងជាកន្លែងប្រតិបត្តិជំនឿវប្បធម៌របស់អ្នកភូមិ។ ពលរដ្ឋលើកឡើងដូច្នោះ នៅក្រោយពីភ្នំធម្មជាតិទាំងនេះ បន្តទទួលរងការឈូសឆាយព្រៃឈើទ្រង់ទ្រាយធំ ដើម្បីទន្ទ្រានយកដី រួចធ្វើប្លង់កម្មសិទ្ធិពីសំណាក់បុគ្គលមានលុយមានអំណាច។
ពលរដ្ឋទាំងនោះដែល ភាគច្រើនជនជាតិដើមភាគតិចព្នងរស់នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តមណ្ឌលគិរី និងមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីសង្គ្រោះភ្នំធម្មជាតិពីរកន្លែង ដែលកំពុងប្រឈមការរំលោភបំពាន ដើម្បីគ្រប់គ្រងជាកម្មសិទ្ធិឯកជន ក្រោយពីឈូសឆាយដើមឈើមានតម្លៃអស់មួយផ្នែកធំ។
អ្នកភូមិចាត់ទុកភ្នំធម្មជាតិទាំងនេះ ជាជម្រកយ៉ាងសំខាន់របស់សត្វព្រៃ និងជាកន្លែងប្រតិបត្តិជំនឿសាសនា របស់ជនជាតិដើមភាគតិចព្នង គួរតែថែរក្សាឱ្យល្អទាក់ទាញភ្ញៀវទេសចរ។
តំណាងពលរដ្ឋ និងជាប្រធានបណ្ដាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លោកស្រី ផ្លឹក ភីរុំ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ធ្នូថា ពួកលោកស្រីបានយកញត្តិមានស្នាមមេដៃ តំណាងពលរដ្ឋ ៦នាក់ ស្នើឱ្យអភិបាលខេត្តមណ្ឌលគិរីដោះស្រាយបញ្ហានេះ ក៏ប៉ុន្តែមកទល់ពេលនេះជាង ១ខែមកហើយ អាជ្ញាធរមិនទាន់ឆ្លើយតបនៅឡើយទេ។
លោកស្រីថា បំណងរួមរបស់ពលរដ្ឋ ទាមទារឱ្យ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បញ្ឈប់សកម្មភាពឈូសឆាយ និងកាប់បំផ្លាញព្រៃឈើ និងជម្រកសត្វព្រៃ នៅតំបន់ភ្នំទាំងនេះ។ លោកស្រីបញ្ជាក់ថា ពេលនេះតំបន់ភ្នំទាំងនេះ កំពុងប្រឈមការ លួចធ្វើប្លង់រឹង ប៉ះចំជម្រកសត្វព្រៃ និងទីកន្លែងអាស្រ័យផលព្រៃឈើយ៉ាងសំខាន់របស់អ្នកភូមិ។
លោក ថង សាវុន៖ «តំបន់ជំនឿជនជាតិដើមភាគតិចនៅភូមិឡៅកាដូចគ្នា នៅមានសត្វព្រៃ នៅមានព្រៃឈើ ឥលូវមានការឈូសឆាយ ពួក ខ្ញុំប្ដឹងទៅសាលាខេត្ត ដើម្បីឱ្យខេត្តជួយអន្តរាគមន៍ រហូតទល់ពេលនេះ អត់ទាន់ឃើញ ខេត្តជួយអន្តរាគមន៍ទេ»។
កាលពីដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅ តំណាងពលរដ្ឋ ៦នាក់ ក្នុងចំណោមពលរដ្ឋ ២០០គ្រួសារ បានផ្ដិតមេដៃ ដាក់ញត្តិទៅមន្ទីរដែនដី និងសាលាខេត្តមណ្ឌលគិរី ដើម្បីស្នើឱ្យអាជ្ញាធរផ្អាកការផ្ដល់ប័ណ្ណកម្មសិទ្ធិ ឱ្យបុគ្គលឈ្មោះ ស៊ឹម បូផាន់ណា ឃុន សមណា និង ត្រឿង យុន រួមទាំងបក្ខពួក។
អ្នកភូមិរកឃើញថា បុគ្គលទាំងនេះ ពួកគាត់មិនដឹងថា ធ្វើការនៅស្ថាប័នណាទេ បានរំលោភយកដីព្រៃ តាមបណ្ដោយចង្កេះភ្នំ និងខ្នងភ្នំធម្មជាតិពីរកន្លែង ដែលជាអត្តសញ្ញាណវប្បធម៌ភូមិកំណើតរបស់ពួកគាត់តាំងពីបុរាណកាលមក។
តំណាងសហគមន៍ លោកស្រី ផ្លឹក ភីរុំ ទទូចដល់អាជ្ញាធរ ឱ្យពន្លឿនចុះបញ្ជីដីនៅតំបន់ភ្នំទាំងពីរនេះ ជាកន្លែងអភិរក្ស ព្រោះទីនោះមានសត្វព្រៃកម្រជាច្រើនប្រភេទ កំពុងរស់នៅរួមមាន សត្វទោចព្រៃ ស្វា និងក្ងោក ជាដើម។ លោកស្រីថា កន្លងទៅ ក្រុមអ្នកមានអំណាច ឃុបឃិតជាមួយអាជ្ញាធរមួយចំនួន បានឈូសឆាយផ្ដួលដើមឈើធំៗ ដែលជាកន្លែងសត្វទោចលោតលេង និងឈូសឆាយព្រៃអាស្រ័យផល ដែលអ្នកស្រុករកអនុផលព្រៃឈើចិញ្ចឹមជីវិត។
លោកស្រីសង្កេតឃើញថា បើទោះបីជាពេលនេះ សកម្មភាពឈូសព្រៃនៅតំបន់ភ្នំទាំងនេះ បានផ្អាកហើយ ក៏ប៉ុន្តែអាជ្ញាធរមិនបានស៊ើបអង្កេតរកជនល្មើសមកផ្ដន្ទាទោសនៅឡើយទេ។
លោកស្រី ផ្លឹក ភីរុំ៖ «អាស្រ័យផលភ្នំហ្នឹង ជនជាតិដើមភាគតិច ២០០គ្រួសារ រកឃ្មុំនៅហ្នឹងទាំងអស់ហ្នឹង រកជ័រទាំងអស់ហ្នឹង ហើយប្រតិបត្តិការជំនឿសាសនា ក៏គេជំនឿភ្នំហ្នឹងដែរ តែមានបុគ្គលលក់ដូរវាមិនស្មើភាព»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែង សុភគ៌ និងអ្នកនាំពាក្យសាលាខេត្តមណ្ឌលគីរី លោក នាង វណ្ណៈ បាននៅឡើយទេ នៅថ្ងៃទី៥ មករា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
ចំណែកចៅសង្កាត់សុខដុម អ្នកស្រី នេត ឆាយា និង ក្រុមឈ្មួញដែលអ្នកភូមិចោទថា បានរំលោភយកដីអភិរក្សនេះ ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែចៅសង្កាត់រងសុខដុម លោក ពៅ សុផាត បដិសេធថា អាជ្ញាធរឃុំពុំទាន់ទទួលដំណឹង ជុំវិញការឈូសឆាយព្រៃឈើ និងការធ្វើប្លង់រឹង នៅតំបន់ភ្នំនេះនៅឡើយទេ។ លោករិះគន់ពលរដ្ឋថា គួរតែរាយការណ៍រឿងនេះ ប្រាប់អាជ្ញាធរមូលដ្ឋានជាមុនសិន ហើយលោកបដិសេធឆ្លើយសំណួរផ្សេងទៀត ព្រោះលោកមិនដឹងរឿងរ៉ាវនេះ ៖
លោក ពៅ សុផាត៖«បើចង់ដឹងការពិត ខាងបងប្អូនជនជាតិដើមហ្នឹង គាត់និយាយមកកន្លែងណា? ឱ្យដឹង ចាំបាច់ទៅរាយការណ៍ដល់ណា? ដល់ណា?»។
ភ្នំធម្មជាតិពីរកន្លែង ដែលជនជាតិដើមភាគតិចព្នងដាក់ឈ្មោះថា ភ្នំឆ្មាឥតទ្រុប និងភ្នំអន្តើហ្គើ ឋិតក្នុងភូមិឡៅកា សង្កាត់សុខដុម ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំព្រេច គ្រប់គ្រងដោយក្រសួងបរិស្ថាន។
អ្នកភូមិថា ភ្នំទាំងនេះមានទឹកជ្រោះ អមដោយដើមឈើធំៗ ប្រភេទសុក្រំ ឈើទាល ជ័រចុង និង គគីរ ជាដើម ដែលដុះតាមជម្រាលភ្នំ ចង្កេះភ្នំ និងខ្នងភ្នំ កំពុងទទួលរងការកាប់បំផ្លាញ។ លើសពីនេះ ពេលនេះ មានជនខិលខូចមួយចំនួន បានប្រើរូបភាពទិញលក់ដីខុសច្បាប់ ធ្វើសកម្មភាពឈូសឆាយ ព្រៃឈើ ព្រៃអាស្រ័យផល និងដីព្រៃជំនឿ ធ្វើជាកម្មសិទ្ធិឯកជន អស់ជាច្រើនហិកតារ ប៉ះពាល់ប្រពៃណីជនជាតិដើមភាគតិច។
ជុំវិញរឿងនេះ មន្ត្រីអង្កេតសិទ្ធិមនុស្សនៃអង្គការអាដហុក ប្រចាំខេត្តមណ្ឌលគិរី លោក គ្រើង តុលា សង្កេតឃើញថា អំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុង គឺជាចំណុចខ្សោយ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ បង្កគ្រោះថ្នាក់ខ្លាំងដល់ធនធានធម្មជាតិ និងសិទ្ធិជនជាតិដើមភាគតិចព្នង។ លោកអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាដោះស្រាយចំណុចទាំងនេះជាបន្ទាន់៖
លោក គ្រើង តុលា៖ «ហេតុអ្វីដែលខ្ញុំថា អំពើពុករលួយ នៅពេលមានបុគ្គលម្នាក់ យកឯកសារយកដីព្រៃ ស៊ីញេលើភ្នំ លើដីជ្រោះ គាត់អត់ឃើញដីផង គាត់គ្រាន់តែឃើញលុយ គាត់ស៊ីញេយកៗ។ នេះជាបញ្ហាប្រឈមមួយ ដែលប្រមុខរដ្ឋាភិបាលកែតម្រូវរដ្ឋបាលរបស់គាត់ ជាពិសេស សម្ដេចក្រឡាហោម ស ខេង»។
ប្រជាសហគមន៍សង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន នៅតែប្រព្រឹត្តកំហុសដដែលៗ ហើយធ្វេសប្រហែសមិនយកចិត្តទុកដាក់ ការពារធនធានធម្មជាតិ ដែលជាប្រភពចំណូលរបស់ពលរដ្ឋ។
ពេលនេះសម្បត្តិធម្មជាតិរួមមាន ព្រៃភ្នំ ទឹកជ្រោះ បឹង និង អូរធម្មជាតិជាដើមនៅតែប្រឈមគ្រោះថ្នាក់ ឬការរំលោភបំពានពីជនមានអំណាច ដោយគ្មានយន្តការលុបបំបាត់ទាល់តែសោះ។
ជនជាតិដើមភាគតិចព្នង ចាត់ទុក ដីព្រៃឈើ ជាអាយុជីវិត និងជាប្រភពស្បៀងអាហារយ៉ាងសំខាន់ ដែលអ្នកភូមិតែងតែរកអនុផលព្រៃឈើ ធ្វើកសិកម្ម ធ្វើចម្ការវិលជុំ និងឃ្វាលគោក្របី ជាដើម៕
កំណត់ចំណាំ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។