ដោយ យ៉ង ចាន់តារា
2023.01.14
RFA

ទេសចរបរទេសមកទស្សនាប្រាសាទអង្គរវត្ត នាពេលកន្លងទៅ។ photo provided
កម្ពុជានឹងត្រៀមធ្វើពិធីអបអរជនជាតិចិននៅតាមច្រកព្រលានយន្តអន្តរជាតិនានានៅកម្ពុជានៅពេលខាងមុខ។ អនុប្រធាននាយកដ្ឋានច្រកទ្វារទី២នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក ស៊ឹម វណ្ណដេត បានសរសេរក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា កម្ពុជានឹងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់ភ្ញៀវទេសចរចិននៅតាមព្រលានយន្តហោះអន្តរជាតិ។
ទោះបីយ៉ាងណា អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋាភិបាលមិនទាន់កំណត់ថ្ងៃខែជាក់លាក់ក្នុងការរៀបចំពិធីអបអរសាទរទេសចរចិនចូលមកកម្ពុជានេះនៅឡើយទេ។ លោក តុប សុភ័ក ឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែមករា មក ជនជាតិចិនបានធ្វើដំណើរចូលកម្ពុជាបណ្តើរៗហើយ ដោយក្នុងមួយថ្ងៃមានជើងហោះហើរពីប្រទេសចិន ពី៤ ទៅ៥ ជើងហោះហើរ។ ដោយឡែក វត្តមាននៃជនជាតិចិន ចូលកម្ពុជានោះ លោកមិនទាន់មានរបាយការណ៍ជាតួលេខជាក់លាក់នៅឡើយ។ លោកបន្ថែមថា ការរៀបចំធ្វើពិធីអបអរសាទរជនជាតិចិននៅព្រលានយន្តហោះនោះ គឺជាការបង្ហាញពីសាមគ្គីភាព ការស្វាគមន៍ទាក់ទាញជនជាតិចិនឱ្យមកកម្ពុជាកាន់តែច្រើនតែប៉ុណ្ណោះ និងគ្មានពាក់ព័ន្ធនឹងរឿងនយោបាយអ្វីទេ។
លោក តុប សុភ័ក៖ «អាហ្នឹងជាលក្ខណៈស្វាគមន៍ចិនដែលបើកប្រទេសឡើងវិញបន្ទាប់ពីកូវីដធូរស្រាល។ ជារបៀបបដិសណ្ឋារកិច្ច ជានយោបាយទេសចរគឺយើងទទួលស្វាគមន៍ក្នុងន័យមិត្តភាព ជាពិសេសចិនជាទីផ្សារធំសម្រាប់ពិភពលោកទាំងមូល។ អ៊ីចឹង កម្ពុជារបស់យើងក៏យើងឈោងចាប់ទេសចរចិនមកបានដូចគ្នា មិនសម្រាប់តែយើងទេ ប្រទេសក្នុងតំបន់ជិតៗខាង ក៏គេមានការរៀបចំដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិនបានដូចគ្នា»។
ពាក់ព័ន្ធនឹងរឿងនេះ អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក លើកឡើងថា ខណៈកម្ពុជាជាកូនបំណុលរបស់ចិន និងមានវិបត្តិនយោបាយផងនោះ លោក ហ៊ុន សែន នឹងកាន់តែបង្ហាញអំពីភក្ដីភាពជាមួយជនជាតិចិន ដើម្បីលួងចិត្តដល់មេដឹកនៃប្រទេសចិន ដើម្បីផ្តល់ប្រាក់កម្ចីឥណទានបន្ថែម និងគាំទ្រផែនការផ្ទេរអំណាចទៅឱ្យលោក ហ៊ុន ម៉ាណែត។ លោកបន្តថា រដ្ឋាភិបាលឯកបក្សប្រឹងប្រែងគិតគូរប្រជាជនចិនបែបនេះ គឺជាការពង្រឹងទំនាក់ទំនងឱ្យជាមួយមេដឹកប្រទេសចិនក្នុងគោលដៅការពារផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះ។
លោក គៀន ពន្លក៖ «ខ្ញុំគិតថា បំណងរដ្ឋាភិបាលគឺលួងប្រទេសចិនក្នុងនាមជាមិត្តដែកថែបក្នុងការណ៍ដែលកំពុងជួបវិបត្តិជំងឺកូវីដ–១៩ កម្ពុជាយល់ឃើញថា ប្រសិនបើរឹតត្បិតទំនាក់ទំនង ជាពិសេសការរឹតត្បិតទិដ្ឋាការ (VISA) និងមានការត្រួតពិនិត្យតេស្តកូវីដ–១៩ នោះ គឺធ្វើឱ្យខូចទំនាក់ទំនងការបរទេសអន្តរជាតិជាមួយប្រទេសចិនដែលជាមិត្តដែកថែបរបស់ខ្លួន»។
របាយការណ៍អង្គការសុខភាពពិភពលោក (WHO) ចុះផ្សាយថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃទី១២ ខែមករា នៅប្រទេសចិនមាននាក់ឆ្លងជំងឺកូវីដ-១៩ថ្មី ជាង ២ម៉ឺន ៧ពាន់ករណី (២៧.៥៩០)។ ដោយឡែក នៅកម្ពុជាវិញ គិតត្រឹមថ្ងៃទី១២ ខែមករា កម្ពុជា មាននាក់ឆ្លងជំងឺនេះសរុប ជិត ១៤ម៉ឺននាក់ (១៣.៨៦៥១) ក្នុងនោះមានករណីឆ្លងថ្មីមាន ៩ករណី និងមាននាក់ស្លាប់ជាង ៣ពាន់នាក់ (៣.០៥៦)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
that is HUN SEN plane take Vietnamese and Chines to fill up the country kick Cambodian out