ដោយ សុជីវី
2023.02.09
RFA

អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន។ AFP
គណបក្សកាន់អំណាចចាត់ទុកថា ការពោលពាក្យអសុរោះ និងគ្មានមេត្តាចំពោះអ្នកមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាល មិនមែនជាអំពើអសីលធម៌នោះឡើយ។ ការលើកឡើងដូច្នេះ ជាការឆ្លើយតបទៅនឹងការស្នើសុំ របស់ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានបិទបញ្ចប់កាលពីម្សិលមិញនេះ។ គណបក្សភ្លើងទៀន គាំទ្រចំពោះការស្នើសុំឱ្យអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ នឹងត្រូវចេះអធ្យាស្រ័យឱ្យគ្នា ដើម្បីលើកកម្ពស់សាមគ្គីជាតិ និងរស់នៅដោយសុខដុមរមនាជាមួយគ្នា។
មន្ត្រីគណបក្សកាន់អំណាចថ្លែងការពារថ្នាក់ដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន ថា មិនបានធ្វើសកម្មភាពអសីលធម៌នៅក្នុងសង្គម ដូចការលើកឡើងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែកុម្ភៈ ថា ការខឹងក្រោធ និងប្រើពាក្យសម្ដីវាយប្រហារទៅលើអ្នកដែលប្រឆាំងរដ្ឋាភិបាល ពីសំណាក់ថ្នាក់ដឹកនាំប្រទេសលោក ហ៊ុន សែន នេះ មិនមែនជាអំពើអសីលធម៌នោះឡើយ។ លោកបន្ថែមថា ការខឹង និងពាក្យសម្ដីមិនសមរម្យទាំងនោះ ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ និងការប្រើប្រាស់ពាក្យសម្ដីអសុរោះមកលើថ្នាក់ដឹកនាំមុនតែប៉ុណ្ណោះ។ ដោយឡែក ឆ្លើយតបទៅនឹងការស្នើសុំឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាព លោក សុខ ឥសាន លើកឡើងថា គឺជារឿងមិនអាចធ្វើទៅបាននោះឡើយ ព្រោះលោកថា ជាការអនុវត្តច្បាប់ និងមិនពាក់ព័ន្ធជាមួយការលើកកម្ពស់សីលធម៌អ្នកដឹកនាំប្រទេសនោះទេ។
លោក សុខ ឥសាន៖ «ពាក្យសម្ដីអសុរោះណាមួយ ដែលពាក់ព័ន្ធទៅដល់បុគ្គល ដល់ក្រុមគ្រួសារ អាហ្នឹងមិនអាចអត់ឱនបានទេ ត្រូវតែមានការឆ្លើយតប។ បញ្ហាសំខាន់ យើងទៅរកធាតុដើមនរណាអ្នកបង្កើតបញ្ហាហ្នឹង? អ្នកណាបង្កើតអំពើហិង្សា ដោយពាក្យសម្ដី អាហ្នឹងត្រូវយល់ ហើយដូច្នេះមិនត្រូវចោទប្រកាន់អ្នកដែលឆ្លើយតបទេ ព្រោះគ្រាន់តែជាកន្ទុយ»។
ចំណែកឯអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ គាំទ្រចំពោះការស្នើសុំរបស់ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ព្រោះការស្នើសុំនេះ គឺដូចគ្នាទៅនឹងបាវចនារបស់គណបក្សភ្លើងទៀន ដែលយកសីលធម៌ សច្ចធម៌ យុត្តិធម៌ ជាគោល នៅក្នុងការដឹកនាំគណបក្ស និងប្រទេសជាតិ។ លោកបន្ថែមថា គណបក្សភ្លើងទៀនមានគោលការណ៍ធ្វើនយោបាយ ដោយមិនចាត់ទុកនរណាម្នាក់ជាសត្រូវនោះឡើយ ហើយសព្វថ្ងៃនេះ គណៈពង្រឹងបក្ស ក៏កំពុងតែផ្សព្វផ្សាយគោលការណ៍ធ្វើនយោបាយប្រកបដោយសីលធម៌ខ្ពស់ និងមិនប្រើប្រាស់សម្ដីអសុរោះ ឬស្អប់អ្នកដែលមាននិន្នាការនយោបាយខុសពីខ្លួនឡើយ។
លោក គឹមសួរ ភិរិទ្ធ៖ «យើងតែងតែចង់ឱ្យថ្នាក់ដឹកនាំប្រទេស មិនថាតែនៅក្នុងគណបក្សភ្លើងទៀនទេ គឺអ្នកនយោបាយទាំងអស់នៅស្រុកខ្មែរហ្នឹង ធ្វើការងារ ធ្វើសកម្មភាពនយោបាយ ប្រកបទៅដោយការអត់ឱនឱ្យគ្នា ទាំងកាយ ទាំងចិត្ត ធ្វើម៉េចឱ្យចិត្តហ្នឹងកុំក្ដៅ កុំហិង្សាដាក់គ្នា ដោយសារតែការប្រកួតប្រជែងផ្នែកនយោបាយ យើងត្រូវចាត់ទុកថាជាខ្មែរតែមួយ ហើយយើងត្រូវការពួតដៃគ្នាដើម្បី ស្ដារឡើងវិញ កសាងឡើងវិញ នូវខឿនសីលធម៌សម្រាប់សង្គមជាតិយើង ព្រោះឥឡូវយើងឃើញថាមានការធ្លាក់ចុះ(សីលធម៌) មិនថាតែអ្នកនយោបាយ មិនថាតែពលរដ្ឋសាមញ្ញទេ យើងឃើញថាមានការមិនសូវអត់ឱនគ្នា»។
ការឆ្លើយតបពីគណបក្សនយោបាយទាំង២នេះ ធ្វើឡើងបន្ទាប់ពីទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានអំពាវនាវឱ្យអ្នកនយោបាយគ្រប់និន្នាការ ចេះចែករំលែកក្ដីស្រលាញ់ឱ្យគ្នា និងផ្ដល់ការអធ្យាស្រ័យឱ្យគ្នា ដើម្បីកសាងជាតិឱ្យរឹងមាំឡើងវិញ នៅក្នុងពិធីបិទបញ្ចប់កម្មវិធីធម្មយាត្រារយៈពេល៧ថ្ងៃ ដើម្បីលើកកម្ពស់សីលធម៌សង្គម នៅខាងមុខរូបសំណាកអ្នកតាឃ្លាំងមឿង កាលថ្ងៃទី៧ ខែកុម្ភៈ។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើធម្មយាត្រានេះឡើង ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដោយបានស្នើឱ្យថ្នាក់ដឹកនាំប្រទេស ត្រូវបញ្ឈប់ការប្រើប្រាស់ពាក្យអសុរោះ និងដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពវិញ ដើម្បីបង្កើតសាមគ្គីភាពជាតិ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ដែលធ្លាប់បានបួស២០វស្សាដែរនោះ យល់ឃើញថា នៅពេលអ្នកនយោបាយបង្ហាញសេចក្ដីខឹងក្រោធ គុំកួន មិនមានមេត្តាចិត្ត នឹងធ្វើឱ្យមានផលអាក្រក់ធំៗ៣យ៉ាង ទី១. គឺបុគ្គលដែលខឹងក្រោធខ្លួនឯងផ្ទាល់ បានបាត់បង់ក្ដីសុខផ្ទាល់ខ្លួន ព្រោះភ្លើងកំហឹងបានដុតរោលខាងក្នុងខ្លួនបុគ្គលដែលគ្មានមេត្តាចិត្ត។ ទី២. បុគ្គលដែលខឹងក្រោធ នឹងបាត់បង់កិត្តិយស និងការគាំទ្រ ព្រោះបានបង្ហាញពីភាពឆោតល្ងង់ មិនចេះគ្រប់គ្រងអារម្មណ៍នៅទីសាធារណៈ និងទី៣. គឺផ្ដល់គំរូអាក្រក់ដល់ប្រជាពលរដ្ឋទូទៅ ដោយបានចាត់ទុកសេចក្ដីខឹងក្រោធ គុំកួនគ្នាជារឿងធម្មតា និងនាំឱ្យបែកបាក់សាមគ្គីជាតិ។ លោក កើត សារ៉ាយ បន្ថែមថា ការប្រកាន់ឥរិយាបថប្រកបដោយសីលធម៌ មានតម្លៃជាសកល ដូច្នេះ បុគ្គលដែលអាចរក្សាសីលធម៌បានពេលណា បុគ្គលនោះផ្ទាល់ជាអ្នកបានក្ដីសុខ និងកិត្តិយស។
លោក កើត សារ៉ាយ៖ «បើនិយាយនៅក្នុងទ្រឹស្ដីព្រះពុទ្ធសាសនា បុគ្គលនៅពេលដែលខឹងនរណាម្នាក់ គឺប្រៀបបានដូចជាយកដុំភ្លើង មកដាក់នៅក្នុងខ្លួន តែងតែធ្វើឱ្យខ្លួនឯងឆាបឆេះ ក្ដៅក្រហាយ ដេកមិនលក់ បក់មិនល្ហើយ ហូបមិនឆ្ងាញ់ទៅណា»។
អ្នកនយោបាយ ថ្នាក់ដឹកនាំប្រទេស និងមន្ត្រីរាជការដែលមានតួនាទីគ្រាក់ៗ ភាគច្រើន ត្រូវបានគេមើលឃើញថា កាន់តែបាត់បង់សីលធម៌ ក្នុងការបំពេញកិច្ចការផ្ទាល់ខ្លួន។ មន្ត្រីអង្គការសង្គមស៊ីវិល យល់ឃើញថា ដើម្បីលើកកម្ពស់សីលធម៌សង្គមឡើងវិញ ថ្នាក់ដឹកនាំប្រទេស និងអ្នកនយោបាយ ត្រូវចេះអធ្យាស្រ័យឱ្យគ្នា និងមិនត្រូវធ្វើនយោបាយដោយចង់កម្ចាត់ដៃគូរប្រកួតប្រជែងឡើយ ដើម្បីទទួលបានការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព និងសន្តិភាពពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HAS….HAS…HAAAAAAAAAAAAA gold still be gold no matter what . the guy used to be an evil how can you change him to be our GOD . it is impossible to change the evil monster to normal human being. you can not force the tiger to eat grass like a cow I think this evil is trying to have fresh meat till he gone from this world . please take a look this monster is teaching his cob to eat fresh meat and sharing with him while he is too old to slaughter his pray . after all this SOK ESAN guy just only a one kind of predator who used to eat the fresh mean after that evil monster
WOW …look at your stinky mouth it is so stinky and ugly