ក្រុងចំនួន៥របស់កម្ពុជាត្រូវបានជ្រើសរើសសម្រាប់អនុវត្តគោលដៅទឹកស្អាត ដីស្អាត និងខ្យលល់អាកាសបរិសុទ្ធ

បរិស្ថាន ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០៩ កុម្ភៈ ២០២៣ | ម៉ោង ១៦:៣៤
VOD

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសពាក់ព័ន្ធ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសពាក់ព័ន្ធ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ក្រសួងបរិស្ថាន)


មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រុង​​​ចំនួន​​ ៥​ របស់​កម្ពុជា និង​​ប្រទេស​ចំនួន​៥ នៃ​តំបន់អាស៊ី បាន​​ចុះ​ហត្ថ​លេខា​លើ​សេច​ក្ដីប្រកាស Indore 3R ស្តីពី​ ​«គោល​ដៅ​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ»

ការចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ​បានធ្វើឡើងនៅក្នុង​វេទិកា​ថ្នាក់តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក លើ​ក​ទី១១​ ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ​ក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រុងទាំង៥របស់កម្ពុជា ដែលនឹងត្រូវអនុវត្តគោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាស​បរិសុទ្ធនោះ រួមមាន ក្រុងសែន​មនោរម្យ នៃខេត្តមណ្ឌលគិរី, ក្រុងពោធិ៍​សាត់ នៃ​ខេត្តពោធិ៍សាត់, ក្រុង​កែប នៃខេត្តកែប, ក្រុង​ព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប ខណៈប្រទេសទាំង៥​នោះ រួ​ម​មាន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។

លោកថា៖ «កសាងទីក្រុងមួយដែលគ្មានសំណល់ គឺធ្វើយ៉ាងម៉េច​ឱ្យទីក្រុងហ្នឹងត្រូវបានគ្រប់គ្រងទាំង​ស្រុង​នូវ​សំណល់ដែលបានបង្កើតឡើង»។

បើតាមលោក នេត្រ ភក្ត្រា កម្ពុជាក៏បានដាក់ចេញនូវការតាំងចិត្តក្នុងការ​រៀបចំទីក្រុង​ដែលគ្មានសំណល់នេះផងដែរ ក្នុងនោះរដ្ឋាភិបាលបានដាក់ចេញនូវ​​គោល​នយោបាយ​ជាតិ ស្តីពី ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ដែលក្នុងនោះ​ក៏​មានការ​គ្រប់គ្រងនូវសំរាមដែលបានបង្កើត​ឡើង​ ការរៀបចំនូវទីលាន​ចាក់សំ​រាមទៅតាម​​បច្ចេក​ទេស​ ការញែកសំរាម​ឱ្យបាន​ត្រឹម​ត្រូវតាម​​បច្ចេក​ទេស និង​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ប្រជា​ពលរដ្ឋឱ្យ​ចូលរួម​គ្រប់​គ្រង និង​វេច​​ខ្ចប់​សំរាម​របស់​ខ្លួន​ឱ្យ​បានត្រឹមត្រូវផងដែរ។

លោក​ថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បានសហការជាមួយ​​ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកៀរគរថវិកាពីម្ចាស់ជំនួយផ្សេងៗ ដើម្បីរៀបចំទីលាន​ចាក់សំរាម​ប្រកបដោយលក្ខណៈ​បច្ចេកទេស។​

លោកបានគូសបញ្ជាក់ថា៖ «អ៊ីចឹងទីលានចាក់សំរាមនៅទូទាំងប្រទេសនេះ យើងអត់ទាន់មានគ្រប់នៅឡើយទេ អត់ទាន់មានគ្រប់តាមបច្ចេកទេសនៅឡើយទេ យើងបានចាប់ផ្តើមមាននៅតាមបណ្តាខេត្តមួយចំនួន ដូចជា​ខេត្ត​ព្រះសីហនុ យើងមាននៅខេត្តបាត់ដំបង យើងកំពុងតែធ្វើនៅខេត្តសៀមរាបនេះ ហើយយើងមាននៅខេត្តកំពត ខេត្តកែបយើងមានរួចហើយ​ ហើយយើងកំពុងតែជំរុញទៅតាមបណ្តា​ខេត្ត​ផ្សេងៗទៀត ដើម្បីរៀបចំការ​គ្រប់គ្រងទីលានចាក់សំរាមឱ្យ​មានបច្ចេកទេស​ត្រឹម​ត្រូវ​»។

បើតាមមន្ត្រីក្រសួងបរិស្ថានរូបនេះ​ គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៤៦ប្រទេស​ហើយ ដែល​បាន​ចុះហត្ថលេខា​លើសេចក្តីប្រកាស Indore 3R​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles