កម្ពុជា-សង្គម
11/02/2023 – 07:30
ដោយ៖ ជួប នរក្សា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន AP – Huang Jingwen
កម្ពុជា-ចិន បានអះអាងពីការកសាងសហគមន៍វាសនារួមគ្នា ដើម្បីកំណត់ទិសដៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ ការអះអាងនេះធ្វើឡើង នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ដោយបានជួបជាមួយប្រមុខដឹកនាំចិន លោក ស៊ី ជីនពីង។ ការកសាងសហគមន៍វាសនាកម្ពុជា-ចិន ត្រូវបានភាគីទាំងពីរចេញនូវសេចក្តីថ្លែងការណ៍រួម ដោយមាន៨ចំណុច រួមមានទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងសង្គម។
សេចក្តីថ្លែងការណ៍រួម ពីរដ្ឋធានីប៉េកាំង នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា កម្ពុជា-ចិន អះអាងពីការគាំទ្រគ្នាទៅវិញទៅមកនៅលើបញ្ហា ដែលជាប្រយោជន៍រួម សម្រាប់ការកសាងសហគមន៍វាសនារួមគ្នា។ ដោយជំហររបស់ភាគីចិន គឺនឹងគាំទ្រឥតងាករេចំពោះកម្ពុជា និងប្រឆាំងដាច់ខាតចំពោះរដ្ឋបរទេសណា ដែលចង់កកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ។
ដោយឡែកជំហររបស់កម្ពុជាវិញ គឺប្រកាសជាថ្មីថា កម្ពុជាគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះ គោលនយោបាយចិនតែមួយ ដែលសំដៅទៅរកបញ្ហាផ្ទៃក្នុងរបស់ចិន គឺកោះតៃវ៉ាន់។ ពោលគឺកម្ពុជា បានអះអាងថា ខ្លួននឹងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់ឡើយ។
រីឯបញ្ហាសិទ្ធិមនុស្សវិញ កម្ពុជា-ចិន ក៏យល់ស្របគ្នា ភាពប្រសើរឡើងនៃសិទ្ធិមនុស្សត្រូវផ្អែកលើតម្រូវការរបស់ពលរដ្ឋ និងលក្ខខណ្ឌជាតិជាក់ស្តែង។ តាមសេចក្តីថ្លែងការណ៍រួម គឺប្រទេសទាំងពីរនៅតែបន្តប្រឆាំងដាច់ខាត ចំពោះការធ្វើនយោបាយ និងយកបញ្ហាសិទ្ធិមនុស្សមកធ្វើជាឧបករណ៍ បំពានប្រជាធិបតេយ្យ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។
ភាពស្អិតរមួតលើរាល់កត្តានយោបាយបែបនេះ ត្រូវបានកម្ពុជានិងចិន បញ្ជាក់ថា ជាការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នា និងបង្កើនទំនុកចិត្តនយោបាយ ក្នុងការឈានទៅរកទំនាក់ទំនងកម្ពុជា-ចិន ឲ្យស្ថិតនៅលើផ្លូវដែលត្រឹមត្រូវ។ ការណ៍នេះ កម្ពុជា-ចិន បានបញ្ជាក់បន្ថែមថា នឹងរួមគ្នាបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដោយឈរលើវិស័យអាទិភាពចំនួន៦។ ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការនយោបាយ-គុណភាពនិងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
អ្វីដែលមិនអាចចោលបានសម្រាប់ប្រទេសទាំងពីរ គឺកត្តាសេដ្ឋកិច្ច។ សម្រាប់កត្តាសេដ្ឋកិច្ច កម្ពុជា-ចិន បានវាយតម្លៃរួមគ្នា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលចាប់អនុវត្តតាំងពីឆ្នាំ២០២២មក។ បន្ថែមពីនេះ កម្ពុជា-ចិន បានឯកភាពគ្នា ទៅលើការបង្កើត ច្រករបៀងមច្ឆា និងអង្ករ នៅភាគពាយព្យ កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដែលឈានទៅរកការបង្កើនទំហំពាណិជ្ជកម្មបន្ថែមរវាងកម្ពុជា-ចិន។
គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ចំនួន៣ថ្ងៃ នៅប្រទេសចិន ពេលនេះ គឺដើម្បីចរចាលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ជាលទ្ធផល គឺរដ្ឋាភិបាលកម្ពុជា ទទួលបានកញ្ចប់ហិរញ្ញប្បទានពីចិន សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវដែកនៅកម្ពុជា ដែលស្ថិតក្រោមយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ទីក្រុងប៉េកាំង៕