កម្ពុជា-នយោបាយ
11/02/2023 – 07:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សមាជវិសមញ្ញរបស់គណបក្សភ្លើងទៀន © FB
លោក រ៉ុង ឈុន និង លោកបណ្ឌិត សុខ ហាច ត្រូវបានគណបក្សភ្លើងទៀនជ្រើសតាំងជាអនុប្រធានគណបក្សជំទាស់នេះ នៅក្នុងការធ្វើសមាជវិសមញ្ញនាព្រឹកថ្ងៃសៅរ៍នេះ នៅឯខេត្តសៀមរាប។ ការជ្រើសតាំងអ្នកនយោបាយ២រូបឲ្យធ្វើជាអនុប្រធានគណបក្សភ្លើងទៀនបន្ថែមទៀតនេះធ្វើឲ្យចំនួនអនុប្រធានគណបក្សនេះកើនដល់៦រូប ខណៈលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះកំពុងចាប់ឃុំក្នុងពន្ធាគារ។
លោក រ៉ុង ឈុន ថ្លែងនៅចំពោះមុខសមាជិកគណបក្សរាប់រយនាក់ថា លោកទើ់បសម្រេចកាលពីថ្ងៃទី៣១មករា២០២៣ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកថាក្តីសុបិន្តរបស់លោកចង់ឃើញស្នាមញញឹមរបស់ប្រជាពលរដ្ឋនៅពេលក្រោកពីដំណែក។ ការណ៍នេះត្រូវបានលោក រ៉ុង ឈុន អត្ថាធិប្បាយថា ជាក្តីសុបិន្តរួមចង់ឃើញសង្គមកម្ពុជាមានយុត្តិធម៌។
លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារយ៉ាងតិច២ដងទាក់ទងរឿងអត្ថាធិប្បាយពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម លោកធ្លាប់ចូលប្រឡូកក្នុងឆាកនយោបាយតាំងអំឡុងទស្សវត្ស១៩៩០ជាមួយគណបក្សជាតិខ្មែរ ដែលក្រោយមកដូរមកជាគណបក្ស សម រង្ស៊ី និងចុងក្រោយនេះដូរឈ្មោះមកជាគណបក្សភ្លើងទៀន។ អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះក៏ជាធ្លាប់ជាសមាជិកគណបក្សសង្គ្រោះជាតិផងអំឡុងបោះឆ្នោតជាតិ២០១៣។
ចំណែក លោកបណ្ឌិត សុខ ហាច ដែលពីដំបូងត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនោះ នៅពេលនេះក៏ត្រូវអង្គសមាជបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រឆាំងនេះផងដែរ។
សេដ្ឋវិទូរូបនេះ គឺជាបញ្ញវន្តខ្មែរដ៏ឆ្លើមមួយរូប ធ្លាប់បំរើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank) ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC)។
លោក សុខ ហាច បានថ្លែងនៅចំពោះមុខសមាជិកបក្សថា តួនាទីជាអនុប្រធានគណបក្សនេះគឺជាអំរែកដ៍ធំមួយសម្រាប់រូបលោកក្នុង «ការផ្លាស់ប្តូរពីក្រទៅមាន»។ លោកពន្យល់ថា ការផ្លាស់ប្តូរក្រទៅមានគឺមានន័យថា ធ្វើឲ្យកសិករមានជីវភាពធូរធារ តាមរយៈ «លក់ថ្លៃទិញថោក»។
ការជ្រើសតាំងលោក រ៉ុង ឈុន និងលោក សុខ ហាច ឲ្យធ្វើជាអនុប្រធានគណបក្សភ្លើងទៀនបន្ថែមទៀតនេះធ្វើឲ្យចំនួនអនុប្រធានគណបក្សជំទាស់នេះកើនដល់៦រូប ខណៈលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះកំពុងចាប់ឃុំក្នុងពន្ធាគារ៕