សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​២ ដែល​ស្នើ​សុំ​ឱ្យ​ជួយ​ជនបរទេស​ចំនួន​៣​នាក់​ពី​ការ​ឃុំ​ខ្លួន​ដោយ​បង្ខំ

ដោយ ថា ថៃ
2023.02.11
RFA

សមត្ថកិច្ច​ទទួល​បាន​បណ្តឹង​២ ដែល​ស្នើ​សុំ​ឱ្យ​ជួយ​ជនបរទេស​ចំនួន​៣​នាក់​ពី​ការ​ឃុំ​ខ្លួន​ដោយ​បង្ខំ

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ។ RFA File


ក្រសួងមហាផ្ទៃ​ទទួល​បាន​បណ្តឹង​ចំនួន​២​ករណី​ទៀត ដែល​ស្នើសុំ​ឱ្យ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជា​ជនបរទេស​ចំនួន​៣​នាក់​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្រសួង​ទទួល​បណ្តឹង​ទាំងពីរ​នេះ កាល​ពី​ថ្ងៃទី​៨ កុម្ភៈ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា ជនបរទេស​៣​នាក់​នោះ​ជា​ជនជាតិ​អ្វី និង​ត្រូវ​បាន​គេ​ឃុំឃាំង​នៅក្នុង​ខេត្ត​ណាមួយ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​បកស្រាយ​បន្ថែម​ជុំវិញ​ការ​ស្នើ​សុំ​នេះ​ឡើយ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្តែ​មិន​មាន​អ្នកទទួល។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា គិត​មកដល់​ត្រឹម​ថ្ងៃទី​៨ ខែកុម្ភៈ ក្រសួង​ទទួល​បាន​សំណើ​ឱ្យ​ជួយ​សង្គ្រោះ​សរុប​ចំនួន ៧៣១​ករណី មាន​មនុស្ស​ជាង ១​ពាន់ ៧​រយ​នាក់ (១.៧៧៦​នាក់​) ហើយ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​បាន​ជិត ៥​រយ (៤៦១)​ករណី និង​ជួយសង្គ្រោះ​មនុស្ស​បាន​ចំនួន ជាង​១​ពាន់​នាក់ (១.០៧៩​នាក់)។

ទោះជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ជួយសង្គ្រោះ​ជនបរទេស ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន និង​បង្ខំ​ឱ្យ​ធ្វើការ​ដោយមាន​ប្រសិទ្ធភាព​នោះ​ទេ ។ ជាក់ស្ដែង កាលពី​ចុងខែ​មករា កន្លង​ទៅ កម្លាំង​សមត្ថកិច្ច​ប្រទេស​ម៉ាឡេស៊ី (Malaysia) បាន​មក​ជួយ​ជនជាតិ​ម៉ាឡេស៊ី ១១៤​នាក់ ក្នុង​ចំណោម​ជនជាតិ​ម៉ាឡេស៊ី ១៤៥​នាក់ ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​គេ​ឃុំ​ខ្លួន និង​បង្ខំ​ឱ្យធ្វើ​ការបោកប្រាស់​តាម​អនឡាញ ដោយ​ខ្លួនឯង​ផ្ទាល់​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles