អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មេ​ដឹកនាំ​បើក​បេះដូង​សន្ដោស​ដល់​ខ្មែរ​ដូច​គ្នា​គ្រប់​និន្នាការ

ដោយ ឡេង ម៉ាលី
2023.04.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មេ​ដឹកនាំ​បើក​បេះដូង​សន្ដោស​ដល់​ខ្មែរ​ដូច​គ្នា​គ្រប់​និន្នាការ

អ្នកស្រី ធីតា ឃឹះ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម រូប៖ RFA


លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​របស់​លោក​តែងតែ​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​តូច​តែ​មាន​បេះដូង​ធំ​ដោយ​មាន​ទឹក​ចិត្ត​ល្អ​សន្ដោស​ប្រណី។ សម្រាប់​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ជំរុញ​ឱ្យ​មេ​ដឹកនាំ​អនុវត្តន៍​ចិត្ត​សន្ដោស​ប្រណី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​គ្នា ដែល​កំពុង​ជួប​ការ​លំបាក​គ្រប់​និន្នាការ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ពង្រីង​ការ​អនុវត្តន៍​ឱ្យ​ដូច​ការ​និយាយ​ថា កម្ពុជា​ប្រទេស​មាន​បេះដូង​ធំ​ចិត្ត​សន្ដោស​ប្រណី​នៅ​ក្នុង​ស្រុក ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ និង​ឈាន​ដល់​ការ​ផ្សះផ្សា​ជាតិ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍន៍​សង្គម អ្នកស្រី ធីតា ឃឹះ លើក​ឡើង​ថា មនុស្ស​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នៅ​តែ​មាន​វប្បធម៌​ហិង្សា ដែល​បន្សល់​ពី​សម័យ​សង្គ្រាម។ អ្នកស្រី​បន្ត​ថា ជា​ការ​ជះ​ឥទ្ធិពល​ខ្លាំង ​នៅ​ពេល ដែល​ថ្នាក់​ដឹកនាំ​ថ្លែង​សារ​ជា​សាធារណៈ​ប្រើ​ពាក្យ​ហិង្សា​គំរាម​កំហែង។

អ្នកស្រី ធីតា ឃឹះ៖ «កាល​ណា​យើង​អត់​មាន​សន្តិភាព​នៅ​ក្នុង​ផ្លូវ​ចិត្ត​យើង​មាន​សម្ដី​មិន​ល្អ​ក្រេវក្រោធ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​នៅ​ក្នុង​ក្បាល​មេក្រូ​ហ្នឹង​និយាយ​កាន់​តែ​ជះ​កាន់​តែ​ខ្លាំង។ បើ​យើង​និយាយ​តាម​ក្បាល​មេក្រូ​ជា​ថ្នាក់​ដឹកនាំ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​នៅ​ក្បែរ​ខ្លួន​លោក​បាន​ផ្សព្វផ្សាយ​សារ​បន្ត​បន្ទាប់​ថា កម្ពុជា​ជា​ប្រទេស​តូច តែ​មាន​បេះដូង​ធំ មាន​ទឹក​ចិត្ត​ល្អ ជា​គំរូ​ដល់​ប្រទេស​ផ្សេងៗ ទៀត។ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែមេសា​នេះ មាន​ការ​បត់​ក្រដាស​ធ្វើ​រូប​បេះដូង​បាន​ជាង ៣លាន​រូប រហូត​បាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​នោះ សារ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល ដែល​ថា កម្ពុជា​មាន​ចិត្ត​សន្ដោស​ប្រណី​ផ្សព្វផ្សាយ​កាន់តែ​ខ្លាំង​ឡើង។

ដើម្បី​ចង់​បង្ហាញ​ពី​បេះដូង​ធំ​នេះ លោក ហ៊ុន សែន សម្រេច​ចំណាយ​លុយ​រដ្ឋ ១៣១លាន​ដុល្លារ​លើ​ថ្លៃ​អាហារ និង​ការ​ស្នាក់នៅ​ជំនួស​ឱ្យ​ម្ចាស់​ប្រទេស​នានា ដែល​បញ្ជូន​ប្រតិភូ​កីឡា​មក​ប្រកួត​ស៊ីហ្គេម​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី១៧ ខែឧសភា។

ជុំវិញ​បញ្ហា​នេះ​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​មាន​ការ​ពង្រីក​ចិត្ត​សន្ដោស​នេះ​នៅ​ក្នុង​ប្រទេស ព្រោះ​កន្លង​មក​លោក ហ៊ុន សែន តែងតែ​ប្រើ​សម្ដី និង​ធ្វើ​ជាក់ស្ដែង គឺ​ការ​ចាប់ចង និង​សម្លាប់។

កាលពីខែមិថុនាឆ្នាំ២០១៧លោក ហ៊ុន សែន ថ្លែង​ថា ក្នុង​ករណី​ចាំបាច់​លោក នឹង​បាញ់​សម្លាប់​ក្រុម​បក្ស​ប្រឆាំង ២០០ ទៅ ៣០០នាក់។ លុះដល់ខែវិច្ឆិកាឆ្នាំ២០១៧ដដែលលោក ហ៊ុន សែន ថ្លែង​ថា លោក​ស្ដាយ​ក្រោយ ដែល​មិន​សម្លាប់​ពលរដ្ឋ​តវ៉ា​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣។

លោក ហ៊ុន សែន៖ «បើ​ខ្ញុំ​ដឹង​រឿង​ហ្នឹង​ប្រហែល​ចុង​ឆ្នាំ២០១៣ និង​ឆ្នាំ២០១៤ គឺ​ពួក​នេះ​ងាប់​អស់​ហើយ។ ថ្ងៃ​មុន​ល្ងាច​ថ្ងៃ​ទី១៥ គេ​កំណត់​យក​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៣ ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​រំលំ​យើង។ បើ​ខ្ញុំ​ឃើញ​ពី​ពេល​ហ្នឹង អ្នក​ទាំង​នេះ​ងាប់​តាំង​ពី​ពេល​ហ្នឹង ពេល​នេះ​ជា​បុណ្យ​ខ្មោច​ពួក​ហ្នឹង​ទៀត»

លោក ហ៊ុន សែន មិន​ដែល​បង្ហាញ​ការ​សោក​ស្ដាយ ឬ​សុំ​ទោស​នោះ​ទេ ចំពោះ​ការ​ប្រើ​កម្លាំង​យោធា​បាញ់​សម្លាប់​កម្មករ​អស់ ៥នាក់ និង​របួស​ប្រមាណ ៤០នាក់ នៅ​ដើម​ឆ្នាំ២០១៤ នៅ​ពេល​ពួក​គេ​តវ៉ា​ដំឡើង​ប្រាក់ខែ។

ចំណែក​នៅ​ខែមេសា ឆ្នាំ២០២៣ នេះ ខណៈ​ពលរដ្ឋ​កំពុង​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច កសិករ​ដាំ​ដំណាំ​គ្មាន​ទីផ្សារ រោងចក្រ​បិទ​ទ្វារ កម្មករ​បាត់បង់​ការងារ​នោះ លោក ហ៊ុន សែន បែរ​ជា​ជំរុញ​ឱ្យ​មាន​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ផ្សេង​ទៅ​វិញ។

លោក ហ៊ុន សែន៖ «មិន​មែន​បងប្អូន​មួយ​ចំនួន​ផ្អែក​លើ​លោក ហ៊ុន សែន ថា កុំ​អាល​សង​សុំ​អនុគ្រោះ​កុំ​រឹប​អូស​កុំ​ស្អីៗ អា​ហ្នឹង​អត់​ទេ បើ​មាន​កុំ​ទុក​យូរ​នាំ​ជំពាក់​ការ​ប្រាក់​គេ​ច្រើន​ទេ ហើយ​បើ​សិន​ជា​បុគ្គល​ណា​ភ្ជាប់​រឿង​នយោបាយ​ថា បើ​គេ​ឈ្នះ​មិន​ឱ្យ​សង រឹបអូស​អា​ហ្នឹង​មុន​ទៅ ផ្ដាច់​ជើង​អា​ហ្នឹង​ចោល​តែ​ម្ដង​ទៅ និយាយ​តាម​មួយ​បែប ផ្ដាច់​ចោល​តែ​ម្ដង​ទៅ»

អ្នក​សិក្សា​ផ្នែក​សង្គម​និង​នយោបាយ​លោក ប៉ោ មករា ជំរុញ​ឱ្យ​មេ​ដឹកនាំ​អនុវត្តន៍ ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​នោះ​សង្គម​នឹង​មាន​សេចក្ដី​សុខ។ លោក​បន្ត​ថា ការ​អនុវត្តន៍​ច្បាប់​បាន​ត្រឹម គឺ​ជា​ការ​បង្ហាញ​អំពី​ចិត្ត​សន្ដោស ហើយ​បាន​ធ្វើ​ជា​គំរូ​ដល់​មេ​ដឹកនាំ​ក្រោយៗ ទៀត​ផង។

លោក ប៉ោ មករា៖ «ពលរដ្ឋ ក៏​ដូច​ជា​អ្នក​បន្ត​វេន​ទាំង​អស់​ហ្នឹង គាត់​ឡើង​មក គឺ​ដឹង​តែ​ឃើញ​ភាព​ជា​គំរូ​របស់​មេ​ដឹកនាំ​របស់​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង គឺ​ឃើញ​ធ្វើ​ល្អ​បន្សល់​គំរូ​ល្អ​គាត់​ធ្វើ​បែប​ហ្នឹង​ទៀត ប៉ុន្តែ​បើ​សិន​ជា​អ្នក​ដឹកនាំ ឬ​អ្នក​នយោបាយ​មួយ​ចំនួន គាត់​ធ្វើ​ទង្វើ​មិន​ល្អ គាត់​នឹង​ធ្វើ​តាម​គ្នា​ទៀត។អ៊ីចឹង​យើង​អត់​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ភាព​សុខដុម​ជាមួយ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​គ្នា​ឯង​ហ្នឹង​ទេ»

បើ​និយាយ​ពី​ការ​អនុវត្តន៍​ច្បាប់ គឺ​គម្រោង​យុត្តិធម៌​ពិភពលោក​ចាត់​ថ្នាក់​កម្ពុជា​លេខ១៣៩ ក្នុង​ចំណោម ១៤០ប្រទេស គឺ​កម្ពុជា​ជា​ប្រទេស​មាន​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ។

មន្ត្រី​បក្ស​នយោបាយ​ផ្សេងៗ ដែល​ជាប់​ឃុំ​តម្រូវ​ឱ្យ​សុំ​ទោស​លោក ហ៊ុន សែន ដើម្បី​រួច​ខ្លួន​មិន​បាច់​តតាំង​តាម​ផ្លូវ​ច្បាប់​ទេ ហើយ​ខ្លះ​ទៀត រង​ការ​វាយដំ​រក​មុខ​ជន​បង្ក​មិន​ឃើញ។

ចំណែក​កម្មករ​តវ៉ា​ពី​សិទ្ធិ​ការងារ និង​អ្នក​មាន​ជម្លោះ​ដីធ្លី​រាប់​សិប​ឆ្នាំ ស្វែងរក​យុត្តិធម៌​បែរ​ជា​ត្រូវ​ចោទ​ប្រកាន់​ជា​ក្រុម​បក្ស​ប្រឆាំង ឬ​ធ្វើ​បដិវត្តន៍​ពណ៌​ទៅ​វិញ។

អ្នកស្រី ធីតា ឃឹះ ជំរុញ​ដល់​មេដឹកនាំ​ឱ្យ​យក​គោលការណ៍​សេរីភាព និង​ច្បាប់ ធ្វើជា​គ្រឹះ​ហើយ​ទប់ស្កាត់​វប្បធម៌​ហិង្សា​កុំ​ឱ្យ​រីក​រាល​ដាល​នៅ​ក្នុង​សង្គម។

នៅ​ក្នុង​សង្គម​ពេល​ដែល​រីក​រាលដាល​អំពើ​អយុត្តិធម៌ ឬ​ហិង្សា​មិន​មែន​ប៉ះពាល់​តែ​អ្នក​នយោបាយ​ប្រឆាំង​ទេ គឺ​មន្ត្រី​ជាន់​ខ្ពស់ និង​ឧកញ៉ា​មាន​ប្រាក់ និង​មាន​អំណាច ក៏​ប៉ះពាល់ ហើយ​តែង​សុំ​ការ​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles