ក្រុម​អ្នក​តស៊ូ​មតិ​ទទួច​ជា​ថ្មី​ឲ្យ​រដ្ឋា​ភិ​បាល​ផ្តល់​យុត្តិ​ធម៌​ដល់​លោក​ ឈុត​ វុទ្ធី

កម្ពុជា-សង្គម
26/04/2023 – 07:39
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ក្រុមអ្នកតស៊ូមតិដែលចេញមុខដោយក្រុមសកម្មជនបរិស្ថាន បានទទួចជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ជូន លោក ឈុត វុទ្ធី សកម្មជនព្រៃឈើដែលត្រូវបានបាញ់សម្លាប់កាលពី១១ឆ្នាំមុន។ © Internet


​ក្រុម​អ្នក​តស៊ូ​មតិ​ដែល​ចេញ​មុខ​ដោយ​ក្រុម​សកម្ម​ជន​បរិស្ថាន​ បាន​ទទួច​ជា​ថ្មី​ម្តង​ទៀត​ ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ស្វែង​រក​យុត្តិ​ធម៌​ជូន​ លោក ​ឈុត ​វុទ្ធី​ សកម្ម​ជន​ព្រៃ​ឈើ​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​១១​ឆ្នាំ​មុន​។ ​ការ​ទទួច​បែប​នេះ​គឺ​តាម​រយៈ​សកម្ម​ភាព​របស់​ក្រុម​យុវ​ជន​ប្រមាណ​៣០​នាក់​ នាំ​គ្នា​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ពុធ​នេះ​។

ដូចរៀងរាល់ឆ្នាំដែរ ការដាក់ញត្ដិរបស់​សកម្មជនទៅកាន់​ក្រសួង​យុត្តិធម៌នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ គឺត្រូវនឹងខួប១១ឆ្នាំ នៃឃាតកម្ម សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើក្នុងប្រទេសកម្ពុជា។ អតីតយោធារូបនេះ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពេលដែលរូបលោក និងអ្នកសារព័ត៌មានពីរនាក់ទៀត ចុះទៅយកព័ត៌មាននៅជិតតំបន់ព្រៃការពារក្នុងខេត្តកោះកុង។ ជាកន្លែងដែលត្រូវលសកម្មជនព្រៃឈើរូបនេះជីកកកាយអំពីសំណុំរឿងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលអះអាងថាមានទាក់ទងយ៉ាងជិតស្និតនឹងមន្ត្រីយោធាពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនី ព្រមទាំងជាតំបន់ដែលសង្ស័យថាមានការចម្រាញ់វល្លិរមៀតខុសច្បាប់ ។


លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ គឺស្លាប់មុនពេលដែលមន្ត្រីយោធា ឈ្មោះ អ៊ិន រតនា ក៏ត្រូវបាន​បាញ់សម្លាប់​នៅពេលផ្ទុះអាវុធគ្រានោះ គ្រាដែលអ្នកកាសែត២រូប​របស់ The Cambodia Daily ក៏មានវត្តមាន​នៅទីនោះ។

សំណុំរឿងនេះគឺមានបុគ្គលិក​ក្រុមហ៊ុន Timber Green ឈ្មោះ រ៉ាន់ បូរ័ត្ន ម្នាក់ប៉ុណ្ណោះត្រូវបាន​តុលាការខេត្តកោះកុង​ផ្តន្ទាទោសនៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ២០១២ ឲ្យជាប់​ពន្ធនាគារ​ ពីរឆ្នាំ ​ពីបទ​បាញ់សម្លាប់​មន្ត្រីយោធា ដែលរដ្ឋាភិបាល​បានអះអាងថា​បានសម្លាប់​​លោក ឈុត វុទ្ធី។

ទោះជាយ៉ាងណាក្រុមអង្គការសិទ្ធិមនុស្សដែលតាមដានករណីនេះ បានកត់សំគាល់ថា មន្ត្រីរដ្ឋាភិបាល​បានរៀបចំ​លំដាប់នៃការពន្យល់​ដែលមានលក្ខណៈ​ផ្ទុយគ្នា ហើយចំលែកៗជាច្រើន សម្រាប់ការស្លាប់​របស់លោក វុទ្ធី នៅមុនបិទបញ្ចប់​ដោយការ​ចង្អុលនូវ​ការបាញ់​ទៅលោក អ៊ិន រតនា។

​អង្គការ​សិទិ្ធមនុស្ស និងសកម្មជន នៅតែអះអាងថា“ការស៊ើបអង្កេត​លើករណី​ការសម្លាប់​លោក ឈុត វុទ្ធី គឺជាការ​មិនយកចិត្តទុកដាក់​ដល់ភាព​យុត្តិធម៌។ ដោយសារតែហេតុផលទាំងនេះ ទើបក្រុមសកម្មជនសង្គមនៅតែទទួចឲ្យស្វែងរកយុត្តិធម៌ជូនលោក ឈុត វុទ្ធី ខណៈ​ដែលពួកគេបាននាំគ្នា​រំឭកខួប១១ឆ្នាំ​នៃការ​ស្លាប់​របស់សកម្មជនព្រៃឈើរូបនេះ៕

What Next?

Recent Articles