កម្ពុជា-នយោបាយ
05/05/2023 – 08:35
ដោយ៖ សេង បារាំង
RFI

គណបក្សភ្លើងទៀន © Internet
គណបក្សភ្លើងទៀន នៅតែរក្សាជំហរឲ្យលោក រ៉ុង ឈុន ដែលជាអនុប្រធានគណបក្ស ឈរឈ្មោះជាបេក្ខជនលេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាលដដែល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បើទោះជាមានការផ្សព្វផ្សាយថា លោក រ៉ុង ឈុន មិនអាចឈរឈ្មោះបោះឆ្នោតបាន បើមិនទាន់ស្ដារនីតិសម្បទា។ ប៉ុន្តែលោក រ៉ុង ឈុនខ្លួនឯងផ្ទាល់ បានបញ្ជាក់ថា បញ្ហានេះរង់ចាំគណបក្សភ្លើងទៀន យកបញ្ជីបេក្ខជនទៅដាក់នៅ (គ.ជ.ប) សិន បើមានការប្រែប្រួលយ៉ាងណានោះ ទើបគណបក្សធ្វើការពិចារណាផ្លាស់ប្ដូរជំហរ។
ថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃសុក្រទី០៥ ខែឧសភានេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានឲ្យដឹងថា គណបក្សភ្លើងទៀន នៅតែរក្សារូបលោកឲ្យឈរឈ្មោះជាបេក្ខជនលេខរៀងទី១នៅមណ្ឌលខេត្តកណ្ដាលដដែល។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក រ៉ុង ឈុន បន្ទាប់ពីសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល បានលើកយកសាលដីកាតុលាការកំពូល មកបញ្ជាក់ថា លោក រ៉ុង ឈុន មិនអាចឈរឈ្មោះបោះឆ្នោតឡើយ បើមិនទាន់ស្ដារនីតិសម្បទា។ មិនតែប៉ុណ្ណោះ លោក រ៉ុង ឈុន បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលអនុវត្តទោស តាមរយៈសាលដីការបស់តុលាការកំពូល ដែលប្រឈមនឹងការចាប់ខ្លួន បើមិនអនុវត្តតាមដីការបស់តុលាការទេនោះ។
ប៉ុន្តែទោះជាយ៉ាងណា គណបក្សភ្លើងទៀន នឹងសម្រេចឡើងវិញ ប្រសិនបើ គ.ជ.ប បដិសេធបញ្ជីបេក្ខជនឈរឈ្មោះឆ្នោតរបស់គណប្សភ្លើងទៀន នៅពេលយកទៅដាក់នៅ គ.ជ.ប។ នេះបើតាមលោក រ៉ុង ឈុន។ បើតាមលោក រ៉ុង ឈុន គណបក្សភ្លើងទៀន នឹងយកបញ្ជីបេក្ខឈរឈ្មោះបោះឆ្នោត ទៅដាក់នៅ គ.ជ.ប នៅថ្ងៃស្អែក ដែលមានរូបលោកជាអ្នកដឹកនាំផ្ទាល់ផងដែរ។ សម្រាប់លោក រ៉ុង ឈុន នៅតែចាត់ទុកខ្លួនឯងថា នៅមានសិទ្ធិគ្រប់គ្រាន់ឈរឈ្មោះឲ្យគេបោះឆ្នោត។ មានសិទ្ធិគ្រប់គ្រាន់ ដោយសាររូបលោកធ្លាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងមិនបានធ្វើខុសចំពោះការសម្រេចរបស់តុលាការឡើយ។
សូមរំលឹកថា លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារចំនួនពី២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍បានបន្ថយទោសពី២ឆ្នាំ មកនៅត្រឹម១ឆ្នាំ៣ខែនិង១១ថ្ងៃ រាប់ចាប់ពីថ្ងៃឃុំខ្លួន ខណៈទោសនេះ តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ដដែល និងដាក់លោក រ៉ុង ឈុន ឲ្យស្ថិតក្រោមការត្រូតពិនិត្យតាមផ្លូវតុលាការចំនួន៣ឆ្នាំ។
ក្រោយពីចេញពីពន្ធនាគារមក នៅចុងខែមករា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អតីតប្រធានសហភាពសហជីពកម្ពុជា បានប្រកាសប្រឡូកនយោបាយជាមួយគណបក្សភ្លើងទៀន ហើយត្រូវបានគណបក្សនេះ សម្រេចតែងតាំងជាអនុប្រធានគណបក្សផងដែរ៕