ដោយ សេក បណ្ឌិត
2023.05.26
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់កំហុសទាំងគ្មានភស្តុតាងថា គណបក្សភ្លើងទៀន គឺមានឯកសារច្បាប់ដើម នៃចុះបញ្ជីរបស់គណបក្សនេះ ចូលរួមការបោះឆ្នោត ប៉ុន្តែ ថ្នាក់ដឹកនាំគណបក្សនេះមិនយកប្រើប្រាស់ទេ ព្រោះមិនចង់ចូលរួមការបោះឆ្នោត។ ទោះយ៉ាងណាក្ដី មន្ត្រីគណបក្សភ្លើងទៀន លើកឡើងថា ជំហររបស់គណបក្សនេះ គឺចូលរួមការបោះឆ្នោត មិនមែនបង្កបញ្ហាដល់រដ្ឋាភិបាលនោះឡើយ។
លោក ហ៊ុន សែន ថា លោកមិនជឿថា ឯកសារច្បាប់ដើមនៃចុះបញ្ជីរបស់គណបក្សភ្លើងទៀន បាត់បង់ទេ។ ប៉ុន្តែលោកថា ឯកសារនោះ កំពុងស្ថិតក្នុងដៃថ្នាក់ដឹកនាំគណបក្សនេះ ប៉ុន្តែ អ្នកកាន់ឯកសារនោះលាក់ទុក ដែលជាផែនការមិនចូលរួមការបោះឆ្នោតខែកក្កដាខាងមុខ។ លោកចោទប្រកាន់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនធ្វើដូច្នេះ ដើម្បីយកបរទេសមកគាបសង្កត់កម្ពុជា ឬរដ្ឋាភិបាល របស់លោក។ បើទោះជាលោក ហ៊ុន សែន មិនបញ្ចេញឈ្មោះថា មេដឹកនាំគណបក្សភ្លើងទៀន រូបណារៀបចំផែនការនេះទេ។
លោក ហ៊ុន សែន៖ «គេមិនចង់ឱ្យគណបក្សនេះចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែ អ្វីដែលគេចង់បានគឺគេយកបរទេសមកគាបកម្ពុជា។ ខ្ញុំគិតថា ជាឧបាយកលរបស់អ្នកណាមួយដែលធ្វើឱ្យបាត់មិនដែលបាត់បញ្ជីជាតិទេហើយមានតែមេដឹកនាំសំខាន់ៗហ្នឹងគោលដៅរបស់គេគឺចង់ឱ្យមានការប្រឈមជាមួយបរទេសខ្លះដែលស្រលាញ់ពួកគេនោះ»។
លោក ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងពិធីជួបកម្មកររោងចក្រនៅរាជធានីភ្នំពេញថ្ងៃទី២៦ ខែឧសភា។ សាររបស់លោក ហ៊ុន សែន បែបនេះ ធ្វើឡើងក្រោយមួយថ្ងៃដែលស្ថាប័នកំពូលរបស់ជាតិ គឺក្រុមប្រឹក្សាធម្មនុញ្ញ សម្រេចមិនឱ្យគណបក្សភ្លើងទៀន អាចចូលរួមក្នុងការបោះឆ្នោតខាងមុខនេះបានឡើយ ព្រោះគណបក្សនេះ គ្មានឯកសារច្បាប់ដើមនៃចុះបញ្ជីគណបក្ស ដែលការសម្រេចនេះ គឺដូចទៅនឹងសម្រេចរបស់ គ.ជ.ប ដែរ។
ទាក់ទងការចោទប្រកាន់របស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ឱ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សភ្លើងទៀននៅរក្សាជំហរ ចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខ។ ទោះយ៉ាងណា លោក គីមសួរ ភីរិទ្ធ ថា ពេលនេះគណបក្សភ្លើងទៀន រក្សាភាពស្ងៀមស្ងាត់សិន ដោយរង់ចាំការសម្រេចរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលអាចធ្វើឡើងនៅចុងសប្ដាហ៍នេះ ដើម្បីកំណត់ថា គណបក្សនេះត្រូវធ្វើអ្វីបន្តទៀត។
លោក លោក គីមសួរ ភីរិទ្ធ៖ «បើសិនជាយើងមានយើងចាំបាច់ទៅទទូចសុំក្រសួងមហាផ្ទៃធ្វើអី ហើយក្រសួងមហាផ្ទៃបើសិននេះលោកគួរតែឱ្យហើយយើងយកទៅដាក់បានបាត់ទៅហើយ ហើយមែនទែនទៅគណបក្សគ្មានចេតនា ចង់បង្កបញ្ហាជូនរដ្ឋាភិបាលទេ ចង់តែចូលរួមនេះឆន្ទៈពិតប្រាកដ ចង់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតតាមបែបលក្ខណៈប្រជាធិបតេយ្យសេរី»។
ជុំវិញជំហររបស់គណបក្សភ្លើងទៀននេះដែរ កាលពីយប់ទី២៥ ខែឧសភា គណបក្សនេះបានចេញសេចក្ដីថ្លែងការណ៍ថា ការមិនអនុញ្ញាតឱ្យគណបក្សចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិខាងមុខ គឺមិនស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ រដ្ឋធម្មនុញ្ញ ជាពិសេស ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រៅពីនេះ ក៏ធ្វើឱ្យប៉ះពាល់សិទ្ធិ និងការសម្រេចចិត្ត របស់ពលរដ្ឋជិត២លាននាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សភ្លើងទៀន កាលពីការបោះឆ្នោតថ្នាក់ក្រោមជាតិកន្លងមក។ បើទោះជាគណបក្សភ្លើងទៀន បាត់បង់ឱកាសចូលរួមការបោះឆ្នោតខាងមុខក្ដី ប៉ុន្តែ គណបក្សនេះ ស្នើអ្នកគាំទ្ររបស់ខ្លួន ឱ្យបន្តនូវឆន្ទៈរឹងមាំ តទៅទៀត។
ទាក់ទងរឿងនេះដែរ អ្នកសិក្សាការអភិវឌ្ឍសង្គមបណ្ឌិត សេង សារី លើកឡើងថា រយៈពេល ២៨ឆ្នាំ មកនេះ លោក សម រង្ស៊ី បានប្រើយុទ្ធសាស្ត្រជាច្រើនដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រកម្ចាត់ (Defeat Strategy) របស់លោក ហ៊ុន សែន ដើម្បីរក្សាចលនានយោបាយរបស់ខ្លួន។ លោកបន្តថា លោក សម រង្ស៊ី បានប្តូរឈ្មោះគណបក្សពីឈ្មោះមួយទៅឈ្មោះមួយ ដូចជា ពីគណបក្សជាតិខ្មែរ ទៅគណបក្ស សម រង្ស៊ី និងគណបក្សភ្លើងទៀន ដូចសព្វថ្ងៃនេះ។ ក្រៅពីនេះ មាន ការចងសម្ព័ន្ធមិត្តនយោបាយជាមួយ លោក កឹម សុខា ការប្រើប្រាស់យន្តការអន្តរជាតិ និងការធ្វើមហាបាតុកម្ម ជាដើម។ លោក សេង សារី សង្កេតឃើញទៀតថា ជាលទ្ធផលមកដល់ពេលនេះ ចលនានយោបាយ របស់ លោក សម រង្ស៊ី បានដាច់ក្បាលពីដងខ្លួន និងពីដងខ្លួនទៅកន្ទុយ តែមិនទាន់ស្លាប់ដូចចលនានយោបាយ លោកតា សឺន សាន ហ៊្វុនស៊ិនប៉ិច និងខ្មែរក្រហម នៅឡើយទេ។
ចំណែក អ្នកវិភាគនយោបាយ លោក គឹម សុខ កត់សម្គាល់ឃើញថា ការចោទប្រកាន់របស់លោក ហ៊ុន សែន ពេលនេះ គឺលោក ហ៊ុន សែន និយាយទាំងមិនបានដឹងថាខ្លួននិយាយខុស ព្រោះបើសំអាងលើសំដីរបស់លោក ហ៊ុន សែន គឺស្មើនឹងគណបក្សភ្លើងទៀនមានឯកសារគ្រប់គ្រាន់អាចចូលរួមការបោះឆ្នោតបាន។ លោក គឹម សុខ ថ្លែងឌឺដង ទៅលោក ហ៊ុន សែន ថា បើលោក ហ៊ុន សែន ដឹងច្បាស់ថា គណបក្សភ្លើងទៀន មានឯកសារចុះបញ្ជីគ្រប់គ្រាន់ គឺលោក ហ៊ុន សែន អាចប្រាប់ទៅ គ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោត។ លោក គឹម សុខ បន្តទៀតថា នេះជាល្បិចរបស់លោក ហ៊ុន សែន ដែលទម្លាក់កំហុសទៅមេដឹកនាំគណបក្សភ្លើងទៀន ព្រោះពេលនេះរដ្ឋាភិបាល លោក ហ៊ុន សែន និង គ.ជ.ប កំពុងរងសម្ពាធពីសហគមន៍អន្តរជាតិ។
លោក លោក គឹម សុខ៖ «លោក ហ៊ុន សែន គ្រាន់តែឱ្យក្រសួងមហាផ្ទៃផលិតឯកសារទទួលស្គាល់សិទ្ធិរបស់គណបក្សភ្លើងទៀន ចុះបញ្ជីចូលរួមបោះឆ្នោតទៅឱ្យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ទទួលស្គាល់ទៅចប់បាត់ទៅហើយ លោក សម រង្ស៊ី ឯណា អាចខ្ទាស់បានពីព្រោះក្រសួងមហាផ្ទៃគឺជាអង្គការរដ្ឋនៃរដ្ឋាភិបាលដែលមានភារកិច្ចផលិតឯកសារគតិយុត្តិសម្រាប់ប្រើប្រាស់»។
គណបក្សភ្លើងទៀន គឺជាគណបក្សក្រៅរដ្ឋាភិបាលទី១ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋច្រើនជាងគេ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ កន្លងមក។ ក្រុមប្រឹក្សាធម្មនុញ្ញ និង គ.ជ.ប ដែល តក្រោមឥទ្ធិពលគណបក្សកាន់អំណាច សម្រេចបិទមិនឱ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតខាងមុខនេះ ខណៈប្រទេសក្បែរខាងកម្ពុជា ក្នុងតំបន់អាស៊ាន ប្ដូរមេដឹកនាំតាមរយៈការបោះឆ្នោត គឺប្រទេសទាំងនោះ សុទ្ធតែគណបក្សប្រឆាំងឈ្នះការឆ្នោតគណបក្សលើគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
បើសិនជាចង់ដឹងថា តើគណបក្សភ្លើងទានប្រើល្បិចមិនចង់ចូលរួមក្នុងការបោះឆ្នោតឬទេនោះ អច្ចឹងសូមលោក ហ៊ុនសែន ហ៊ានអោយបក្សភ្លើងទាន មានដំណើរការពេញលេញ មិនរុករករឿងគេ ឈប់រកកលល្បិចចាប់គេ តើហ៊ានធានាបានទេ?
គណបក្សភ្លើងទាន មិនដែលគិតថា ខ្លាចចាញ់ក្នុងការបោះឆ្នោតនោះ គឹគ្រាន់តែចង់បាននិងមានសិទ្ធស្មើរភាពគ្នាក្នុងការរកសម្លេងអ្នកគាំទ្រតែបុណ្ណោះ ឈ្នះឬចាញ់ គឺទុកអោយប្រជាពលរដ្ធដែលជាម្ចាស់ឆ្នោតជាអ្នកសម្រេច។ Come on Mr. Hun Sen, we just want to see a real election. We want to know who the people will decide who’s the next PM. Win or lose is up to our Cambodian people. Enough with all these pointing fingers and blaming each other. Let’s show the world that we are a great ANKOR nation. Just for once, have our leaders come face to face and embrace each other’s before everything is too late.