កម្ពុជា-នយោបាយ
27/05/2023 – 09:11
ដោយ៖ ជួប នរក្សា
RFI
ក្រសួងការបរទេសជប៉ុន នៅថ្ងៃសុក្រ បានបញ្ចេញប្រតិកម្មរបស់ខ្លួន ពីកង្វល់ជុំវិញសភាពការណ៍បោះឆ្នោតថ្នាក់ជាតិនៅកម្ពុជាពេលខាងមុខ ដែលនឹងអវត្តមានគណបក្សប្រឆាំង។ សេចក្តីថ្លែងការណ៍របស់ជប៉ុន ដែលធ្វើឡើងបន្ទាប់ពីប្រតិកម្មរបស់អាមេរិក គឺបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនចំពោះការកសាងប្រជាធិបតេយ្យនៅកម្ពុជា និងបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពការបោះឆ្នោតខាងមុខតាមបែបប្រជាធិបតេយ្យ។

ការឃោសនាបោះឆ្នោតរបស់គណបក្សភ្លើងទៀន © Internet
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ លោក ONO Hikariko គឺ រដ្ឋាភិបាលជប៉ុនតាមដានប្រកបដោយកង្វល់អំពីសភាពការណ៍ឆ្ពោះទៅការបោះឆ្នោតជាតិនៅកម្ពុជានាខែកក្កដាខាងមុខនេះ។ ក្នុងមាគ៌ានៃការកសាងសង្គមប្រជាធិបតេយ្យមួយដ៏រឹងមាំ វាចាំបាច់ណាស់ដែលត្រូវបង្កើតបរិយាកាសមួយដែលអាចឱ្យប្រជាពលរដ្ឋបញ្ចេញមតិផ្សេងៗគ្នា។ រដ្ឋាភិបាលជប៉ុន បាននិងកំពុងរួមចំណែកដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជា តាមរយៈការសន្ទនាជាមួយរដ្ឋាភិបាល គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដទៃទៀតនៃកម្ពុជា ដោយបញ្ចេញទស្សនៈដោយស្មោះត្រង់ និងផ្តល់នូវកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ដល់ភាគីទាំងនេះ។
បើតាមសេចក្តីថ្លែងការណ៍ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជា គឺមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាខ្លួនឯង និងសម្រាប់តំបន់ ក៏ដូចជាសម្រាប់សហគមន៍អន្តរជាតិផងដែរ។ ហើយរដ្ឋាភិបាលជប៉ុននឹងបន្តរួមចំណែកដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់កម្ពុជា។
ប្រតិកម្មរបស់ក្រសួងការបរទេសជប៉ុន បែបនេះ គឺបន្ទាប់ពីគណបក្សភ្លើងទៀន ដែលគេចាត់ទុកថា ជាគណបក្សសំឡេងប្រឆាំងមានឥទ្ធិពលនៅចំពោះមុខនៃការបោះឆ្នោត ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមិនចុះបញ្ជី ដោយសារតែកង្វះឯកសារ។ ហើយផ្លូវតវ៉ាចុងក្រោយរបស់បក្សប្រឆាំងមួយនេះ ក៏ត្រូវរលត់ទាំងស្រុង នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃព្រហស្បតិ៍ បានតម្កល់ការសម្រេចរបស់គជប ទុកជាបានការ។
ជាការសម្រេចរបស់ស្ថាប័នរដ្ឋ ដែលញ៉ាំងឲ្យសហគមន៍អន្តរជាតិ បន្តថ្កោលទោសជាថ្មីម្តងទៀត ដោយរួមទាំងសហរដ្ឋអាមេរិក។ អាមេរិក តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានចាត់ទុក ការផាត់គណបក្សភ្លើងទៀនចេញពីការបោះឆ្នោត ជាការដើរហួសបន្ទាត់ដែលកម្ពុជាបានប្តេជា្ញចិត្តជាមួយសហគមន៍អន្តរជាតិ ក្នុងការកសាងប្រទេសប្រជាធិបតេយ្យ ពហុបក្ស រីកចម្រើន។
ក្រៅពីនេះប្រតិកម្មពីបណ្តាអង្គទូត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត បានធ្វើឡើង តាំងពីគ្រាដែលគណបក្សភ្លើងទៀន ត្រូវបាន គ.ជ.ប បដិសេធចុះបញ្ជី កាលពីថ្ងៃទី១៥ឧសភាមកម្ល៉េះ។ រាប់ចាប់តាំងពីអូស្ត្រាលី បារាំង អាល្លឺម៉ង់ អង់គ្លេស និងសហភាពអឺរ៉ុប ជាដើម បានថ្កោលទោសការសម្រេចនេះ ថាធ្វើឲ្យបាត់បង់សិទ្ធិរបស់អ្នកបោះឆ្នោត ដែលចង់បានអ្នកតំណាងរបស់ពួកគេ។
ទោះយ៉ាងណា ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃសៅរ៍នេះ បានចេញមកបរិយាយហេតុផល ជាថ្មីម្តងទៀត នៅចំពោះមុខនៃការរិះគន់ និងការថ្កោលទោស ដែលមិនសុខចិត្តរបស់សហគមន៍អន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ថាការរិះគន់ទាំងនោះ បានបង្កឲ្យមានការភាន់ច្រឡំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលម្អៀងនយោបាយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយចំពោះការអវត្តមានគណបក្សភ្លើងទៀន ឬគណបក្សណាមួយនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់ភាពសេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើយ៕