លោក ថេង សាវឿន ប្រកាសដកខ្លួនចេញពីផ្ទះសាមគ្គី ខណៈសុំទោស លោក ហ៊ុន សែន

កម្ពុជា-សង្គម
28/05/2023 – 09:01
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា និង​សហការី២រូបទៀត បាន​ចេញមុខ​​សុំទោស​លោក ហ៊ុន សែន និង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សមាជិក​នៃ​ផ្ទះ​សាមគ្គី​ ដែល​​ជាកន្លែង​ប្រជុំ​របស់​ក្រុម​សកម្មជន​សង្គម។ ការ​ចេញមុខ​សុំទោស​​នៅគ្រា​ដែល​កំពុងជាប់ពន្ធនាគារនេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពីលោក ហ៊ុន សែន កាលពីម្សិលមិញ ​បាន​ប្រាប់​ឲ្យ​ប្រទេស​ជា​ម្ចាស់​ជំ​នួយ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ការ​ផ្តល់​លុយ​ទៅ​កាន់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​លោក​ហៅ​ថា​ជា​ការ​ធ្វើ​បដិវត្តន៍​កសិករ​​។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា © Internet


តាមរយៈ​វីដេអូ​ដែល​ផ្សព្វផ្សាយ​ដោយ​បណ្តាញ​សារព័ត៌មាន Fresh News លោក ថេង សាវឿន បាន​និយាយ​ថា លោកបានធ្វើ​សកម្មភាពទៅតាមការញុះញង់​ពីបរទេស ហើយ​សុំឲ្យលោក ហ៊ុន សែន និងលោក ស ខេង អភ័យទោស​ចំពោះរូបលោក។ សកម្មជន​ដែលធ្លាប់​រងរបួសធ្ងន់​កាលពីព្រឹត្តិការណ៍​តវ៉ា​របស់​កម្មកររោងចក្រ​យ៉ាក់ជីង​ឆ្នាំ២០១៤រូបនេះ ក៏ប្រកាស​ដក​ខ្លួនចេញពីសមាជិក​នៃ​​ផ្ទះ​សាមគ្គី​ ដែល​​ជាកន្លែង​ប្រជុំ​របស់​ក្រុម​សកម្មជន​សង្គមផងដែរ ហើយអំពាវនាវឲ្យកសិករ​ដែល​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​មហាផ្ទៃ​រំសាយការជួបជុំ។


លោក ថេង សាវឿន និងក្រុមការងាររបស់លោកផ្សេងទៀតត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់រថយន្តដែលជិះរួមគ្នា ក្នុងទិសដៅត្រឡប់មករាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាលបុគ្គលិកក្នុងខេត្តរតនៈគិរីកាលពីទី១៧ ខែឧសភា។ ការចាប់ឃាត់ខ្លួនលោក ថេង សាវឿន គឺធ្វើឡើងស្របតាមសំណើររបស់សមត្ថកិច្ចខេត្តរតនៈគិរី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថាការចាប់ខ្លួនលោក ថេង សាវឿន ជាប់ពាក់ព័ន្ធនឹងគម្រោងផែនការធ្វើបដិវត្តន៍កសិករ។  ក្រោយមក​តុលាការ​បានចោទ​ប្រធានសមាគមរូបនេះ ពីបទញុះញង់ និង​រួមគំនិតក្បត់។

ការ​ចេញមុខ​សុំទោសរបស់​លោក ថេង សាវឿន ​​នៅគ្រា​ដែល​កំពុងជាប់ពន្ធនាគារនេះ​គឺ​ធ្វើ​ឡើង​បន្ទាប់ពីលោក ហ៊ុន សែន ​បាន​ប្រាប់​ឲ្យ​ប្រទេស​ជា​ម្ចាស់​ជំ​នួយ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ការ​ផ្តល់​លុយ​ទៅ​កាន់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ខ្លះ​ដែល​លោក​ហៅ​ថា​ជា​ការ​ធ្វើ​បដិវត្តន៍​កសិករ​​។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា ការ​ចេញមុខ​សុំទោស​របស់​សកម្មជនដែល​ជាប់​ឃុំ​កន្លងមក ​រួមទាំងលោក ថេង សាវឿន គឺជាសិទ្ធិរបស់ពួកគេ ខណៈពួកគេ​រងការ​លំបាកទាំងផ្លូវកាយ និង​ផ្លូវចិត្តក្នុងពន្ធនាគារ។ តែលោកយល់ថា ការសុំទោសនេះគឺធ្វើឡើង​ដោយសារតែអស់​ជម្រើសប៉ុណ្ណោះ ហើយថា បើមានកំហុសពិតមែន ការសុំទោសនេះ តាម​ផ្លូវច្បាប់ក៏មិនរួចខ្លួនឡើយ៕

What Next?

Recent Articles