ដោយ ថា ថៃ
2023.09.16
RFA

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង និងភរិយា ពេលត្រូវបាននាំមកសាកសួរនៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៥ កញ្ញា ២០២៣។ រូប៖ ហ្វេសប៊ុកលោកស្រី សុ វណ្ណា
សាលាឧទ្ធរណ៍រាជធានីភ្នំពេញសម្រេចបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន៣នាក់ នៅពន្ធនាគារ ក្រោមហេតុផលថា សំណុំរឿងមិនទាន់បិទការស៊ើបសួរនៅឡើយ។ ការសម្រេចនេះ គឺបន្ទាប់ពីតុលាការជាន់ខ្ពស់មួយនេះ បានបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ជនជាប់ឃុំនយោបាយទាំង៣នាក់។ ក្រុមគ្រួសារសកម្មជនគណបក្សភ្លើងទៀន ចាត់ទុកសេចក្ដីសម្រេចរបស់តុលាការ គឺជាអំពើអយុត្តិធម៌ និងជាការធ្វើទុក្ខបុកម្នេញទៅលើគ្រួសាររបស់ពួកគាត់។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល និងតម្រូវឱ្យបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន៣នាក់ ក្នុងសំណុំរឿងពីរផ្សេងគ្នានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា។
ប្រពន្ធ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី សុ វណ្ណា សោកស្ដាយចំពោះការបន្តឃុំខ្លួនប្ដី ខណៈភ្នែករបស់ប្ដីលោកស្រីដែលមានជំងឺធ្លុះបាតភ្នែកនៅតែហើម និងឈឺចាប់ម្ដងៗ ក្រោយពីវះកាត់រួចតាំងពីថ្ងៃទី២៨ ខែកញ្ញា។ លោកស្រីចាត់ទុកការបន្តឃុំខ្លួនប្ដីរបស់លោកស្រីទាំងមានជំងឺភ្នែកធ្ងន់ធ្ងរនេះ គឺជាការធ្វើទុក្ខបុកម្នេញលើគ្រួសាររបស់លោកស្រី និងមិនមែនជាការអនុវត្តច្បាប់ដោយយុត្តិធម៌នោះឡើយ។
លោកស្រី សុ វណ្ណា៖ «សំណូមពរឱ្យតុលាការខាងពន្ធនាគារ សូមដោះលែងឱ្យប្ដីខ្ញុំចេញនៅក្រៅឃុំទៅ ព្រោះខ្ញុំទៅថ្ងៃហ្នឹងឃើញប្ដីខ្ញុំធ្ងន់ធ្ងរជាងមុនណាស់ សុខភាពគាត់អត់ល្អទេ ហើយមើលអត់ឃើញ អត់អីអ៊ីចឹងខ្ញុំពិបាកដែរណា ព្រោះគាត់ឈឺខ្លាំងរំពឹងខ្ញុំតែប៉ុណ្ណឹង ថាគាត់បាននៅក្រៅឃុំ ភ្នែកគាត់ទៅមុខមិនដឹងយ៉ាងម៉េចទេ ព្រោះព្រឹកមិញឃើញដើរតែដឹកដៃហ្នឹង លក្ខណៈមើលទៅពិបាកណាស់ ពិបាកណាស់មើលនឹងភ្នែកពិបាកមើលមែន»។
ជុំវិញរឿងនេះ មេធាវីការពារក្ដីលោក តូច ថឹង គឺលោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរីក្រោយពីសវនាការថា ការសម្រេចបន្តឃុំខ្លួនលោក តូច ថឹង ទាំងមានជំងឺធ្ងន់ធ្ងរ និងមានអាយុ៧៥ឆ្នាំទៅហើយនោះ គឺជាការធ្វើទារុណកម្មទៅលើកូនក្ដីរបស់លោក។
លោក ជូង ជូងី៖ «ខ្ញុំយល់ឃើញថា ហាក់ដូចជាការធ្វើទារុណកម្មគាត់អ៊ីចឹង គាត់អាយុច្រើន ៧៥ឆ្នាំហើយសុខភាពគាត់អត់ធានា ហើយគាត់មានបញ្ហាភ្នែកធ្ងន់ធ្ងរ ប៉ុន្តែតុលាការនៅតែមិនព្រមឱ្យគាត់នៅក្រៅឃុំឱ្យគាត់ព្យាបាលភ្នែក។ ខ្ញុំនឹងជួបគាត់ដើម្បីប្រើសិទ្ធិប្ដឹងសាទុក្ខទៅកំពូលទៀត»។
អាជ្ញាធរក្រុងភ្នំពេញបានឃាត់ខ្លួនលោក តូច ថឹង កាលខែមីនា ពាក់ព័ន្ធនឹងសំណុំរឿងជាមួយលោក សៀម ភ្លុក និងលោក ឃឿន វីរ៉ាត់ ដែលតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ៦ខែ ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
ក្រៅពីមានជំងឺធ្លុះបាតភ្នែកហើយនោះ លោក តូច ថឹង ក៏មានជំងឺទឹកនោមផ្អែម និងលើសជាតិអាស៊ីដផងដែរ។ កន្លងមក បើទោះបីជាគ្រូពេទ្យតម្រូវឱ្យលោក តូច ថឹង ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ៤សប្ដាហ៍ ក្រោយពីវះកាត់ភ្នែកហើយក្ដី ប៉ុន្តែអាជ្ញាធរមិនអនុញ្ញាតឱ្យលោក តូច ថឹង សម្រាកព្យាបាលនៅមន្ទីរពេទ្យនោះឡើយ ដោយអះអាងថា នៅក្នុងពន្ធនាគារក៏មានអគារពេទ្យឱ្យស្នាក់នៅ និងព្យាបាល។
ដោយឡែក នៅថ្ងៃទី១៥ ខែកញ្ញា ដដែលនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ក៏បានសម្រេចបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀនពីរនាក់ទៀត គឺ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀតនៅខេត្តត្បូងឃ្មុំ លោក អេង ស្រូយ និងប្រធានចលនាស្ត្រីថ្នាក់ជាតិរបស់គណបក្សភ្លើងទៀនអ្នកស្រី វង រុន្នី ផងដែរ។
ជុំវិញរឿងនេះ មេធាវីការពារក្ដីលោក សំ សុខគង់ លើកឡើងថា ប្រធានចៅក្រមជំនុំជម្រះ លោក វង់ ស៊ុន សម្រេចបន្តឃុំខ្លួនកូនក្ដីរបស់លោកទាំងពីរ ក្រោមហេតុផលមិនទាន់បញ្ចប់ការស៊ើបសួរ និងរង់ចាំសវនាការជំនុំជម្រះសេចក្ដី។
នៅក្នុងសំណុំរឿងនេះ ពួកគាត់នៅតែប្រតិកម្មថា ពួកគាត់មិនបានប្រព្រឹត្តិដូចបទចោទប្រកាន់ អ៊ីចឹងអ្វីដែលគាត់ហួសចិត្តគឺ អង្គហេតុនៃការចោទប្រកាន់ហ្នឹង វាមិនមែនជាការពិត ព្រោះថាពួកគាត់មិនបានធ្វើអីទាល់តែសោះហើយមានការចោទប្រកាន់ ហើយមានការចាប់ខ្លួន។
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន អតីតគ្រូបង្រៀននគរបាលជាតិកម្រិតមធ្យមថ្នាក់លេខ៤ នៃសាលាបណ្ឌិតសភានគរបាលកម្ពុជាលោក អេង ស្រូយ និងលោកស្រី វង រុន្នី កាលពីថ្ងៃទី១៧ ខែកក្កដា ហើយបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្រោមបទចោទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងរឿងបោះឆ្នោត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការសម្រេចបន្តឃុំខ្លួនសកម្មជនគណបក្សភ្លើងទៀន គឺមិនឆ្លុះបញ្ចាំងពីការគោរពសិទ្ធិមនុស្សដែលរដ្ឋាភិបាលបានទទួលស្គាល់នោះឡើយ។ លោកបន្ថែមថា ការបន្តឃុំខ្លួនសកម្មជននយោបាយ ក៏ជាការបញ្ជាក់ថា រដ្ឋាភិបាលថ្មី មិនបើកលំហប្រជាធិបតេយ្យ និងការប្រកួតប្រជែងនយោបាយតាមបែបសេរីពហុបក្សផងដែរ។
លោក ស៊ឹង សែនករុណា៖ «ការសម្រេចនានាពាក់ព័ន្ធទៅនឹងការផ្ដល់ឱកាសទៅដល់សកម្មជននយោបាយដែលកំពុងជាប់ឃុំ ឱ្យមានសេរីភាពអីទាំងអស់នេះ ខ្ញុំយល់ថាអាចនឹងមានភាពល្អប្រសើរឡើង ពាក់ព័ន្ធទៅនឹងការទំនាក់ទំនងជំនួញពាណិជ្ជកម្មឬក៏សេដ្ឋកិច្ច ហើយនិងនយោបាយរវាងកម្ពុជាយើងជាមួយអន្តរជាតិ ជាពិសេសគឺបណ្ដាប្រទេសលោកសេរី ដែលគេអាចនឹងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីស្ដារនូវស្ថានភាពវិបត្តិសេដ្ឋកិច្ច សង្គម អីទាំងអស់ហ្នឹង ឱ្យវាមានភាពល្អប្រសើរឡើង»។
អ្នកវិភាគនយោបាយលើកឡើងថា ការបន្តឃុំខ្លួនសកម្មជននយោបាយ នឹងធ្វើឱ្យរដ្ឋាភិបាលថ្មី កាន់តែប្រឈមនឹងការថ្កោលទោសពីសំណាក់បណ្ដាប្រទេសនាំមុខខាងលទ្ធិប្រជាធិបតេយ្យ ខណៈការបោះឆ្នោតកាលពីពេលកន្លងទៅ មិនត្រូវបានគេចាត់ទុកថា ធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។