ជនជាតិចិននិងខ្មែរ ប្រមាណ៣០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យថតរឿងអាសអាភាស

កម្ពុជា-សង្គម
25/10/2023 – 12:38
ដោយ៖ ជួប នរក្សា
RFI

យ៉ាងហោចណាស់ មានជនជាតិចិន និងខ្មែរ ប្រមាណ៣០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នៅល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ ជនជាតិចិន និងខ្មែរ ត្រូវបានអាជ្ញាធរសង្ស័យពីបទថតរឿងអាសអាភាស ដែលបានបង្ហោះតាមបណ្តាញសង្គម។

ជនជាតិចិន និងខ្មែរ ប្រមាណ៣០នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យថតរឿងអាសអាភាស © Facebook


នៅមិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ណាមួយ អំពីប្រតិបត្តិការនៃការឃាត់ខ្លួនជនជាតិចិន និងខ្មែរ ប្រមាណ ៣០នាក់ បានឈានទៅដល់ការស៊ើបអង្កេតបែបណាជាបន្តនៅឡើយនោះទេ។ ក៏ប៉ុន្តែអ្វីជាការកត់សម្គាល់ គឺ ប្រតិបត្តិការរបស់ក្រុមកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ បានធ្វើឡើង នៅក្រោយពេលដែលវីដេអូអាសអាភាសមួយចំនួន បាននិងកំពុងលេចចេញ តាមវេបសាយអ៊ីនធឺណេត និងប្រព័ន្ធសង្គមតេលេក្រាម ជាដើម។

ប្រភពជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបង្រ្កាបនេះ ធ្វើឡើងដោយមានការស៊ើបអង្កេតបានម៉ត់ចត់ ខណៈដែលវីដេអូអាសអាភាសមួយចំនួននោះ បានលេចចេញនៅលើវេបសាយអ៊ីនធឺណេត ប្រមាណជាង១ខែមកហើយ។

គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារទី២៤តុលា បានបើកប្រតិបត្តិមួយ ក្នុងការចុះបង្រ្កាបជនជាតិចិន និងខ្មែរ នៅឯទីតាំងអាគារក្រុមហ៊ុនដឹកជញ្ជូនអាហាររបស់ចិន Wow Now ដែលមានទីតាំងនៅលើផ្លូវ៣១០ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមសមត្ថកិច្ច ការបង្រ្កាបនេះ គឺសង្ស័យទៅនឹងការថតវីដេអូអាសអាភាស រវាងជនជាតិចិន និងជនជាតិខ្មែរ៕

What Next?

Recent Articles