ដោយ ឡេង ម៉ាលី
2023.10.26
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (មុខគេឆ្វេង) ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” កាលពីថ្ងៃទី២៤ តុលា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិលចាត់ទុកការដាក់ចេញនូវគោលដៅនៃការអភិវឌ្ឍប្រកបដោយសមធម៌របស់រដ្ឋាភិបាលថ្មី គ្រាន់តែជាការប្រើទ្រឹស្ដីបោកប្រាស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ ខណៈដែលពួកគាត់កំពុងស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច និងប្រឈមភាពក្រីក្រ។ ពួកគាត់ថា ផលដែលកើតចេញពីការអភិវឌ្ឍដោយសមធម៌នោះ មានចំពោះតែបក្ខពួក របស់មន្ត្រីរដ្ឋាភិបាល និងអ្នកមានអំណាចដែលចាំតែកេងចំណេញផលប្រយោជន៍ពីប្រជាពលរដ្ឋប៉ុណ្ណោះ។
អ្នកឃ្លាំមើលយល់ឃើញថា កម្មវិធីនយោបាយរបស់លោក ហ៊ុន ម៉ាណែត លើគោលនយោបាយអភិវឌ្ឍប្រកបដោយសមធម៌ និងការបែងចែកផលប្រយោជន៍រវាងអ្នកមាន និងអ្នកក្រនេះ គឺនិយាយឱ្យតែពីរោះស្ដាប់ប៉ុណ្ណោះប៉ុន្តែការអនុវត្តជាក់ស្ដែង រដ្ឋាភិបាលតែងបរាជ័យលើការអនុវត្តគោលនយោបាយទាំងនោះប្រកបដោយតម្លាភាព។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ តុលា ថា ផែនការ ឬគោលនយោបាយផ្សេងៗ ដែលកន្លងមករដ្ឋាភិបាលចូលចិត្តអះអាងថា ធ្វើដើម្បីពលរដ្ឋ ច្រើនតែហុចផលប្រយោជន៍ឱ្យអ្នកមានអំណាច ខណៈអ្នកត្រូវការពិតប្រាកដបែរជាទទួលបានផលតិចតួច ឬមិនបានទទួលសោះក៏មាន។ លោកបន្តថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ចង់ផ្ដល់សមធម៌ជួយសង្គ្រោះពលរដ្ឋក្រីក្រមែន នោះលោកត្រូវតែអនុវត្តតាមគោលនយោបាយដែលបានតាក់តែងឱ្យចេញជាផ្លែផ្កា ជាពិសេសគឺកែប្រែសង្គមកម្ពុជាឱ្យក្លាយជាសង្គមចែកគ្នារស់ មិនមែនដណ្ដើមគ្នារស់ដូចសព្វថ្ងៃនេះទេ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ពួកកាន់អំណាចផ្ដាច់ការទ្រឹស្ដីតែអ៊ីចឹងឯង។ ប្រទេសកុម្មុយនិស្តដូចគ្នា ទ្រឹស្ដីល្អណាស់ ប៉ុន្តែបើជាក់ស្ដែងអត់មានធ្វើកើតទេ បើឥឡូវនេះប្រទេសកម្ពុជាយើងដណ្ដើមគ្នារស់ មិនមែនចែកគ្នារស់។ អ្នកមានគឺមានខ្លាំងមែនទែន អ្នកក្រគឺក្រខ្លាំងមែនទែន! និយាយឱ្យចំ អ្នកក្រគឺ៨០ភាគរយ។ (តែ)បើយើងចង់មើល(ឃើញ)សមធម៌ត្រឹមត្រូវចែកគ្នារស់បាន គឺដូចនៅប្រទេស និងនៅប្រទេសលោកសេរី»។
ការលើកឡើងរបស់មន្ត្រីគណបក្សប្រឆាំងរូបនេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ តុលា ប្រកាសដាក់ចេញនូវគោលនយោបាយអភិវឌ្ឍប្រកបដោយសមធម៌ និងការបែងចែកផលប្រយោជន៍រវាងអ្នកមាន និងក្រ។ កម្មវិធីនយោបាយទាំងនោះមានជាអាទិ៍ការពង្រឹងសេវាថែទាំសុខភាព ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បច្ចេកទេស រួមទាំងផ្ដល់ជំនួយសង្គមជូនជនក្រីក្រ និងគ្រួសារងាយរងគ្រោះ។
លោក ហ៊ុន ម៉ាណែត៖ «ព្រោះផលលាភមិនអាចប្រមូលផ្ដុំតែក្រុមមនុស្សម្នាក់ មនុស្សមួយក្រុមនោះទេ។ ផលលាភនៃការអភិវឌ្ឍដោយសមធម៌គឺធ្វើយ៉ាងណា យើងផ្ដល់នូវអាទិភាព និងការជួយដល់ប្រជាពលរដ្ឋយើងដែលត្រូវការជួយឱ្យចំគោលដៅ គឺអ្នកដែលមានជីវភាពលំបាក និងអ្នកនៅក្រោមដើម្បីជួយគាត់ឱ្យរឹងដៃរឹងជើងឡើងមកជីវភាពមធ្យម និងរីកចម្រើនតទៅមុខ! នេះជាគោលដៅធំសម្រាប់រាជរដ្ឋាភិបាលរបស់យើង»។
ទោះជាបែបនេះក្ដី ការអភិវឌ្ឍប្រកបដោយសមធម៌ និងការបែងចែកផលប្រយោជន៍ពីអ្នកមាន ដែលលោក ហ៊ុន ម៉ាណែត អះអាងថា ជាអ្នកជោគជ័យលើការវិនិយោគ ទៅឱ្យពលរដ្ឋក្រីក្រនោះ ហាក់ផ្ទុយស្រឡះពីការពិតនៅក្នុងសង្គម ព្រោះប្រជាពលរដ្ឋខ្មែរជាច្រើន កំពុងរស់នៅក្នុងជីវភាពក្រីក្រ ជំពាក់ធនាគារ លក់ទ្រព្យសម្បត្តិដើម្បីសងបំណុល និងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ស្របពេលដែលមន្ត្រីគ្រាក់ៗនៅក្នុងជួររដ្ឋាភិបាល និងបក្ខពួកមន្ត្រីធំៗ សោយសុខលើគំនរទ្រព្យសម្បត្តិ ប្រើប្រាស់របស់ថ្លៃៗ និងមានលុយទិញផ្ទះនៅក្រៅប្រទេសរាប់លានដុល្លារ។ ជាក់ស្ដែង ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខ្លួនលោកផ្ទាល់ ដែលដឹកនាំប្រទេសពីរជំនាន់នោះ មានទ្រព្យសម្បត្តិមហាសាល ដោយលោក ហ៊ុន សែន ដែលជាឪពុក ពាក់នាឡិកាដៃដាំពេជ្រតម្លៃរាប់លានដុល្លារជាច្រើនគ្រឿង។
ទាក់ទិនរឿងនេះ ប្រធានសមាគមការពរសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ឃើញថា គម្លាតរវាងអ្នកមាន និងអ្នកក្រនៅក្នុងសង្គមបច្ចុប្បន្ន នៅឆ្ងាយពីគ្នា ទាំងការប្រើប្រាស់សិទ្ធិ និងកម្រិតជីវភាព ក្នុងនោះប្រជាពលរដ្ឋមួយចំនួន បានរងគ្រោះដោយសារការរំលោភយកដីធ្លី និងការបណ្ដេញចេញដោយបង្ខំពីសំណាក់អ្នកមានអំណាច និងអ្នកវិនិយោគដែលស្និទ្ធនឹងមន្ត្រីក្នុងជួររដ្ឋាភិបាល។ លោកយល់ឃើញថា ដើម្បីជំរុញឱ្យគោលការណ៍អភិវឌ្ឍប្រកបដោយសមធម៌ មានប្រសិទ្ធភាព រដ្ឋាភិបាលគួរបង្កើតឱ្យមានយន្តការ តម្លាភាពនៅក្នុងសង្គម តាមរយៈការលុបបំបាត់អំពើពុករលួយ និងលើកស្ទួយយុត្តិធម៌សង្គម។
លោក នី សុខា៖ «យើងមើលឃើញរូបភាពកន្លងមក មិនមែនរឿងសមធម៌ទេ គឺរឿងវប្បធម៌ចែករំលែក ហើយវប្បធម៌ចែករំលែកហ្នឹង គឺគ្មានអ្វីក្រៅពីអ្នកមានទ្រព្យ អ្នកពុករលួយមួយចំនួន យកទៅចែកយកទៅបិទបាំងនូវអំពើអាក្រក់របស់ខ្លួនមួយចំនួន តែប៉ុណ្ណឹងទេ។ វាអត់មានអ្វីជានិរន្តរភាពទេ។ ព្រោះជាលុយក្នុងហោប៉ៅគេ គេចង់ទិញចែកថ្ងៃណាក៏ចែកថ្ងៃហ្នឹងទៅ ហើយបបួលគ្នាទៅចែកទៅ ទៅថតដើម្បីយមមុខយកមាត់អ៊ីចឹងទៅ»។
អ្នកឃ្លាំមើល និងមន្ត្រីសង្គមស៊ីវិល យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថ្មីនៅរក្សាប្រព័ន្ធការងារចាស់ដើរតាមរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន នោះផែនការ ឬគោលនយោបាយ ដែលដាក់ចេញមកនឹងត្រូវបរាជ័យ អសារបង់ ហើយថែមទាំងត្រូវរងការរិះគន់ថាជាគោលនយោបាយយកមុខ គ្មានប្រយោជន៍សម្រាប់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។