កម្ពុជា
17/02/2024 – 07:08
ដោយ៖ អ៊ឹង ប៊ុនថន
RFI
តំណាងរាស្រ្ដ និងពលរដ្ឋខ្មែរនៅអូស្ត្រាលីជំរុញឲ្យនាយករដ្ឋមន្ត្រីអូស្ត្រាលី លើកយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាទៅពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។ ការជំរុញនេះធ្វើឡើងតាមរយៈសកម្មភាពធម្មយាត្រាមួយ នៅលើចំងាយផ្លូវ១០គីឡូម៉ែត្រនៅថ្ងៃសៅរ៍នេះ ដើម្បីដាក់ញត្តិទៅសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល។
ពលរដ្ឋខ្មែរស្នើអូស្ត្រាលីពិភាក្សាពីបញ្ហាកម្ពុជាជាមួយលោក ហ៊ុន ម៉ាណែត
នៅចំពោះមុខ ក្រុមសកម្មជនខ្មែរនៅអូស្ត្រាលីដែលមានគ្នាប្រមាណ១០០នាក់ លោក តាក់ ម៉េងហ៊ាង សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា បានថ្លែងថា ការធ្វើធម្មយាត្រានៅថ្ងៃទី១៧កុម្ភៈនេះ គឺជាសកម្មភាពមួយនៅក្នុងចំណោមសកម្មភាពជាច្រើន ដែលពួកគេនឹងត្រូវធ្វើរហូតដល់ថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅដល់ប្រទេសអូស្ត្រាលី។
ការដោះលែងអ្នកទោសនយោបាយ ការបើកលំហប្រជាធិបតេយ្យ និងការផ្តល់យុត្តិធម៌សង្គម ជាដើម គឺជាអ្វីដែលត្រូវបានលើកឡើងដោយ អតីតតំណាងរាស្ត្រខ្មែរ អូស្ត្រាលី លោក ហុង លីម នៅចំពោះមុខក្រុមសកម្មជនខ្មែរ ដែលលើករូបថត លោក កឹម សុខា និងមានកាន់បដាជាច្រើនដែលសរសេរទាមទារឲ្យដោះលែងប្រទេសកម្ពុជាឲ្យមានសេរីភាពវិញ។

បើតាមអតីតតំណាងរាស្ត្រខ្មែរអូស្ត្រាលីរូបនេះ បញ្ហាប្រជាធិបតេយ្យនៅកម្ពុជា គឺជារឿងដែលពលរដ្ឋខ្មែរនៅក្រៅប្រទេសចង់ឃើញនាយករដ្ឋមន្ត្រីអូស្ត្រាលី លើកឡើងនៅចំពោះមុខលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១។
តាមគម្រោងប្រមុខរដ្ឋាភិបាលកម្ពុជានឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី៤ខែមីនាខាងមុខ ខណៈសកម្មជនខ្មែរនៅអូស្ត្រាលីក៏បានប្រកាសរួចហើយ ពីផែនការធ្វើបាតុកម្មប្រឆាំងនឹងវត្តមានមេដឹកវ័យក្មេងរបស់កម្ពុជារូបនេះ។
ជាការកត់សំគាល់ថា ការកម្រើកនៃបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសប្រឆាំងនឹងវត្តមានប្រមុខរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺស្របពេលដែលលោកស្រី មូរ សុខហួរ សមាជិកបក្សប្រឆាំងបានទៅជួបលោក ជូលាន ហៀល តំណាងរាស្ត្រសហព័ន្ធ ប្រចាំរដ្ឋ Victoria កាលពីថ្ងៃទី១០ខែកុម្ភៈ។ គឺជាជំនួបនិយាយពីយុទ្ធសាស្ត្រសម្រាប់ថ្ងៃអនាគត ខណៈដែល លោក ជូលាន ហៀល ត្រូវបានសកម្មជនខ្មែរចាត់ទុកថា តែងតែចេញមុខជួយដល់ប្រទេសកម្ពុជាពីរឿងប្រជាធិបតេយ្យនិង សិទ្ធិមនុស្ស។
យ៉ាងណាក៏ដោយ នៅមិនទាន់ឃើញសកម្មភាពពលរដ្ឋខ្មែរនៅអូស្ត្រាលីនាំគ្នាចេញសារស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅឡើយទេ ខណៈដែលសកម្មភាពនៃការតវ៉ាប្រឆាំងបានកម្រើកឡើងចាប់តាំងពីពេលនេះ៕