ដោយ ម៉ៅ សុធានី
2024.02.17
RFA

ពលរដ្ឋថៃដាក់ផ្កាកូលាបមុខរូបថត រំលឺកលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) ដែលបាត់ខ្លួននៅទីក្រុងភ្នំពេញ ដែលជាសកម្មភាពតវ់ានៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ BenarNews
គណៈកម្មាធិការបាត់ខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិ (UN Committee on Enforced Disappearances) គ្រោងបើកសម័យប្រជុំលើកទី២៦ ចាប់ពីថ្ងៃទី១៩ កុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ខាងមុខ នៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ដើម្បីពិនិត្យករណីបាត់ខ្លួននៅប្រទេសកម្ពុជា បូគីណា ហ្វាសូ (Burkina Faso) និងប្រទេសហុងឌុយរ៉ាស់ (Honduras)។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែកុម្ភៈ មិនបានបញ្ជាក់ច្បាស់ក្នុងរបាយការណ៍ អំពីជនដែលត្រូវបាត់ខ្លួននៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែបើតាមរបាយការណ៍សំរាប់សម័យប្រជុំលើកទី២៦នេះ គឺពិនិត្យលើករណីបាត់ខ្លួន និងបញ្ជូនខ្លួនជនជាតិទួរគី លោក អូស្មាន់ ការ៉ាសា (Osman Karaca) ត្រឡប់ទៅទួរគីវិញដោយខុសច្បាប់ ពីបទចោទថា បានប្រព្រឹត្តសកម្មភាពភេរវកម្ម។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ សកម្មជនសិទ្ធិមនុស្សថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit ) បានបាត់ខ្លួននៅកម្ពុជា បន្ទាប់ពីជនមួយក្រុមបានចាប់បង្ខំលោកឲ្យ ចូលក្នុងរថយន្តមួយដឹកយកទៅបាត់ នៅមុខអគារខុនដូ មេគង្គ ហ្គាដីន (Mekong Gardens)។ អាជ្ញាធរកម្ពុជា រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញសកម្មជនថៃនេះនៅឡើយទេ។
អ្នកជំនាញការអន្តរជាតិឯករាជ្យចំនួន ១០នាក់ នៃគណៈកម្មាធិការបាត់ខ្លួនដោយបង្ខំរបស់អង្គការសហប្រជាជាតិ នឹងពិនិត្យករណីទាំងនោះ ដោយអនុវត្តទៅតាមអនុសញ្ញា និងអនុសាសន៍ដែលបានផ្តល់ដោយគណៈកម្មាធិការ ក្នុងសម័យប្រជុំកាលពីឆ្នាំមុន។ គណៈកម្មាធិការនេះបានទទួលរបាយការណ៍ ដែលបានដាក់ជូនពីគណៈប្រតិភូនៃប្រទេសទាំងបី ដើម្បីជជែកពីបញ្ហាមួយចំនួន ក្នុងនោះប្រទេសកម្ពុជានឹងចាប់ផ្តើមដំបូង នៅថ្ងៃទី១៩ និង២០ ខែកុម្ភៈ នៅប្រទេសស្វីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។