កម្ពុជាផ្អាកនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កករយៈពេល៦ខែ

កម្ពុជា
24/02/2024 – 09:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI

អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បាន​ចេញ​ប្រកាស​មួយ​នៅ​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៤ ​ដោយ​ផ្អាក​ជា​បណ្តោះ​អាសន្ន​លើ​ការ​នាំ​ចូល​គ្រឿង​ក្នុង​សត្វ​ និង​បំណែក​សាច់​បង្កក​រយៈ​ពេល​៦​ខែ ​ចាប់​ពី​ថ្ងៃ​ទី​១២​មីនា​ដល់​១២​កញ្ញា​ឆ្នាំ​២០២៤​។ ​ការ​​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ទំនិញ​ទាំង​នេះ​ គឺ​ដោយ​សារ​តែ​កន្លង​មក​ សមត្ថ​កិច្ច​ចាប់​បាន​​គ្រឿង​ក្នុង​សត្វ ​និង​សាច់​បង្កក​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស ​មាន​ខូច​គុណ​ភាព​ និង​​រក្សា​ទុក​មិន​បាន​ត្រឹម​ត្រូវ​ ដែល​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​បរិភោគ​ាន៣្នាមានសមត្ថផ្ស់​នោះ រួមមាន គ១៥៥ស្ថាប។

កម្ពុជាផ្អាកនាំចូលគ្រឿងក្នុងសត្វ និងបំណែកសាច់បង្កករយៈពេល៦ខែ


នៅក្នុង​លិខិត​របស់អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ប្រភេទទំនិញ​ដែល​ត្រូវ​ផ្អាកនាំចូលនោះ រួមមាន អណ្តាត សត្វគោ ក្របី បង្កក ។ គ្រឿងក្នុងរបស់សត្វគោ ក្របី ដែលអាចបរិភោគបាន គ្រឿងក្នុងជ្រូក និងគ្រឿងក្នុងមាន់ ជាដើម។ ក៏ប៉ុន្តែ ការ​ផ្អាកនាំចូលនេះ មានការ​លើក​លែង​ចំពោះការនាំ​ចូល​របស់គម្រោង​វិនិយោគ មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ សម្រាប់​ប្រើ​ប្រាស់​ជាធាតុ​ចូល​ផលិតកម្មសម្រាប់​ការនាំ​ចេញ។

កាលពីចុងឆ្នាំ២០២៣ លោក គុណ ញឹម អគ្គនាយកគយ ថ្លែងថា កន្លងមកការនាំចូលសាច់បង្កមិនសូវមានភាពតឹងរឹង ដោយតម្រូវត្រឹមតែលិខិតបញ្ជាក់សុខភាពសាច់សត្វពីប្រទេសដែលនាំចូល។ ចំណែកក្រុមហ៊ុននាំចូលវិញគ្រាន់តែបង់ពន្ធអាករ និងមានឯកសារគ្រប់គ្រាន់គឺអាចនាំចូលបាន។ កត្តាទាំងនេះហើយលោក​កត់សំគាល់ថា ធ្វើឱ្យការនាំចូលសាច់បង្កកមកកម្ពុជាមានចំនួនច្រើន ហើយបង្កឱ្យខូចគុណភាព។

ការចេញវិធានការផ្អាកនាំចូលគ្រឿង​ក្នុង​សត្វ និងបំណែកសាច់​បង្កក​រយៈ​ពេល​៦​ខែនេះ គឺបន្ទាប់ពី សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីចុងឆ្នាំ២០២៣ បានស្នើឲ្យផ្អាកការនាំចូលសាច់ពីក្រៅប្រទេស ដោយសំអាងថា ការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារគឺកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់។

គ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក ដែល​សមត្ថកិច្ចចាប់បាន​កន្លងមក
គ្រឿងក្នុងសត្វ និងបំណែកសាច់បង្កក ដែល​សមត្ថកិច្ចចាប់បាន​កន្លងមក © FB

កាលពីដើមខែធ្នូឆ្នាំ​២០២៣ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានរកឃើញសាច់បង្កកខុសច្បាប់ជិត៤០០តោនដែលនាំចូលពីក្រៅប្រទេសស្តុកក្នុងឃ្លាំទំនិញមួយកន្លែងស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាច់​បង្កក​ទាំងនោះ​រួមមាន​សាច់មាន់ ​គ្រឿងក្នុង​មាន់ ​សាច់ជ្រូក ​និង​សាច់​ក្របី​ជាដើម។ ប៉ុន្តែសាច់ទាំងនេះមិនត្រូវ​បាន​បញ្ជាក់​ពី​ប្រភព​នាំចូល​នោះទេ​៕

What Next?

Recent Articles