កម្ពុជា
24/02/2024 – 05:58
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ស្ថាប័នចំនួន១៥៥ នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤ បានស្នើឲ្យអគ្គស្នងការនគរបាលជាតិ ស៊ើបអង្កេត និងចាប់ខ្លួនឃាតករ ដែលបាញ់សម្លាប់ លោក ហ៊ី វុទ្ធី មកដាក់ទោសតាមច្បាប់។ លោក ហ៊ី វុទ្ធី អតីតប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសាន់តិច ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០០៧។ មកដល់ខួប១៧ឆ្នាំនៃការស្លាប់របស់ លោក ហ៊ី វុទ្ធី គឺស្ថាប័នចំនួន១៥៥ អះអាងជនរងគ្រោះនៅមិនទាន់ទទួលយុត្តិធម៌នៅឡើយ។
ស្ថាប័នចំនួន១៥៥ ជំរុញឲ្យស៊ើបអង្កេតករណីសម្លាប់ លោក ហ៊ី វុទ្ធី
នៅក្នុងលិខិតដាក់ទៅកាន់ អគ្គស្នងការនគរបាលជាតិ ដែលភ្ជាប់នឹងការគាំទ្រពីអង្គការ សមាគម និងសហជីពចំនួន១៥៥ អ្នកស្រី ទូច សើ ប្រធានសហជីពសេរីកម្មករ បានគូសបញ្ជាក់ថា ការបាញ់សម្លាប់លោក ហ៊ី វុទ្ធី នៅម៉ោង៥ព្រឹកថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០០៧ នៅតាមផ្លូវវេងស្រេងគឺជាអំពើព្រៃផ្សៃ ប៉ុន្តែ១៧ឆ្នាំមកនេះ ឃាតករ និងអ្នកនៅពីក្រោយនៅមិនទាន់ចាប់មកដាក់ទោសនៅឡើយ។
បើតាមសហជីពដដែលនេះ ការជំរុញឲ្យស៊ើបអង្កេតឡើងវិញលើសំណុំរឿងឃាតកម្មមួយនេះ គឺដើម្បីបញ្ចប់និទណ្ឌភាពនៅកម្ពុជា។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ មករា ២០១៤ បានលើកយកសំណុំរឿង ឃាតកម្មលើ លោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតករបាញ់សម្លាប់នៅអាយុ៣៥ឆ្នាំនោះ មកជុំនុំជម្រៈ។ ឃាតកម្មនេះ គឺមានជនជាប់ចោទឈ្មោះចាន់ សុផុន ភេទប្រុស អាយុ៣២ឆ្នាំ និងបក្សពួកមួយចំនួនទៀត ដែលត្រូវបានតុលាការចោទប្រកាន់។
បើតាម លោកចៅក្រម សំណុំរឿងនេះ តុលាការបានបើកសវនាការជំនុំជម្រះជាច្រើនដងមកហើយ និងបានសម្រេចចាត់របៀបក្នុងការស៊ើបអង្កេតលើកជនសង្ស័យដទៃទៀត និងសាក្សី។

ការជំនុំជម្រៈឡើងវិញពេលនោះ គឺបន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០១១ បានកាត់ទោសដោយកំបាំងមុខជនលើជាប់ចោទ ឈ្មោះ ចាន់ សុផុន ដាក់ពន្ធនាគារ១៨ឆ្នាំ។ ប៉ុន្តែចាប់ខ្លួនបានក្នុងខែមីនា ២០១២។ បន្ទាប់មកជនជាប់ចោទបានប្តឹងជំទាស់នឹងសាលក្រមនេះ។
នៅចំពោះមុខចៅក្រមជំនុំជម្រះក្តីកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០១៤ ជនជាប់ចោទបានបដិសេធថា ខ្លួនមិនបានពាក់ព័ន្ធនឹងការសម្លាប់ លោកហ៊ី វុទ្ធី នោះទេ តែថាបានស្គាល់ជនរងគ្រោះមុនពេលស្លាប់។
ដោយសារតែជនជាប់ចោទបដិសេធ និងរងគ្រោះមិនអាចទទួលយកបានលើការរកយុត្តិធម៌លើសំណុំរឿង មួយនេះ ទើបនៅឆ្នាំ២០១៥ លោក ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួងពិសេសមួយដើម្បីស៊ើបអង្កេតលើករណីសម្លាប់មេដឹកនាំសហជីពដែលមានទាំង លោក ជា វិជ្ជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី។
ប៉ុន្តែពីខាងសហជីព នៅតែអះអាងថា សំណុំរឿងឃាកម្មលើមេដឹកនាំសហជីពទាំង៣រូបនេះនៅមិនទាន់រកឃាតករពិត និងអ្នកនៅពីក្រោយមកទទួលទោសតាមច្បាប់នៅឡើយ ខណៈដែល ប៊ន សំណាង និងសុខ សំអឿន ដែលត្រូវកាត់ទោសជាច្រើនឆ្នាំពីបទឃាតកម្ម លោក ជា វិជ្ជា នៅទីបំផុត ត្រូវបានដោះលែងវិញដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់៕