ដោយ ម៉ៅ សុធានី
2024.02.24
RFA

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំការិយាល័យសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកគ.ជ.ប
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឲ្យគណបក្សនយោបាយ ភ្នាក់ងារ និងអ្នកគាំទ្រគណបក្ស រួមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ដែលចាប់អនុវត្តពីម៉ោង១០យប់ថ្ងៃសុក្រ ទី២៣ កុម្ភៈនេះទៅ រហូតដល់ម៉ោង១២យប់ នៅថ្ងៃទី២៥ ខែកុម្ភៈ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប កាលពីថ្ងៃទី២៣ ខែកុម្ភៈ ព្រមានចាត់វិធានការម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប។
នៅទន្ទឹមនេះ គ.ជ.បក៏ណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យសហការជាមួយគ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយ ព្រមទាំងចាត់វិធានការទប់ស្កាត់នូវរាល់សកម្មភាព ដែលបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់មធ្យោបាយទុច្ចរិត ធ្វើឲ្យមានការភាន់ច្រឡំ ការរំខានដល់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតជាដើម។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ មានគណបក្សនយោបាយចំនួន ៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។