ដោយ ប្រាជ្ញ ចេវ
2024.04.02
RFA
ពលរដ្ឋនៅស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា មានក្រុមហ៊ុនជិត១០ បានកាយភ្នំយកថ្មម៉ាប់ ធ្វើឲ្យប៉ះពាល់ដីព្រៃសហគមន៍ជាង ១ពាន់ហិកតារ និងដីព្រៃតំបន់ការពារមួយចំនួនទៀត ដើម្បីយកថ្មទៅលក់នៅក្រៅប្រទេស។ សង្គមស៊ីវិល ទទូចឲ្យរដ្ឋាភិបាលពិនិត្យនិងសិក្សាអំពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ជាមុនសិន មុននឹងអនុញ្ញាតឲ្យធ្វើអាជីវកម្មមួយនេះ។
ពលរដ្ឋរស់នៅ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុនកំពុងឈូសឆាយ និងកាយយកថ្មម៉ាប យកទៅលក់នៅក្រៅប្រទេសធ្វើឲ្យប៉ះពាល់ដីព្រៃសហគមន៍វាលកំបោរ ជាង១ពាន់ហិកតារ និងដីតំបន់ការពារជាច្រើនហិកតារថែមទៀត។ សហគមន៍ថា ពួកគេមិនទាន់ដឹងក្រុមហ៊ុនទាំងអស់នោះស្របច្បាប់ឬខុសច្បាប់នៅឡើយទេ តែទោះជាយ៉ាងណាពួកគេស្នើឲ្យអាជ្ញាធរហាមឃាត់និងបញ្ឈប់ក្រុមហ៊ុនឈូសឆាយដីព្រៃសហគមន៍វាលកំបោរតទៅទៀត។
ពលរដ្ឋរស់នៅឃុំជ័យឧត្ដម លោក ដាំ លាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០១ខែមេសាថា ពលរដ្ឋចំនួន៣ភូមិខិតខំការពារដើមឈើ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានអាស្រ័យផល ប៉ុន្តែបច្ចុប្បន្នត្រូវបានក្រុមហ៊ុនថ្មម៉ាបមិនស្គាល់ឈ្មោះជាច្រើនក្រុមហ៊ុន បានឈូសឆាយ យកថ្មមានតម្លៃ។ លោកបន្ថែមថា ពលរដ្ឋនៅតំបន់នោះមិនហ៊ានរិះគន់ និងតវ៉ានោះទេ ដោយសារក្រុមហ៊ុនទាំងនោះ មានអ្នកមានអំណាចនៅក្រោយខ្នង។
លោក ដាំ លាន៖ «យើងខំប្រឹងការពារខំពង្រឹងចង់ងាប់ហើយប៉ុន្មានឆ្នាំកន្លងមក ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយ គេជីកយកមិនសោកស្ដាយយ៉ាងម៉េច ។ ខំសន្សំដើមឈើទុកឲ្យកូនចៅធ្វើផ្ទះធ្វើសម្បែង គេជីកបាត់បង់អស់មិនស្ដាយយ៉ាងម៉េច យើងប្រជាពលរដ្ឋមិនដឹងធ្វើយ៉ាងម៉េច ចាំមើលថ្នាក់លើ យើងជាប្រជាពលរដ្ឋមានតែសុំសំណូមពរកុំឲ្យគេកាប់បំផ្លាញព្រៃឈើ បើមិនបំផ្លាញយ៉ាងម៉េចបើយករ៉ែនៅខាងក្រោមដី គេឈូសចោលហើយដើមឈើ»។
សហគមន៍ឲ្យដឹងថា ព្រៃសហគមន៍វាលកំបោរ មានពលរដ្ឋចំនួន៣ភូមិគឺភូមិថ្មី ភូមិស្រែឈូក និងភូមិដីឡូតិ៍ ស្ថិតនៅក្នុងឃុំជ័យឧត្តម អាស្រ័យផលជាយូរណាស់មកហើយ ដូចជា ដកផ្សិត និងរករុក្ខជាតិផ្សេងៗទៀត យកទៅលក់បានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ព្រៃសហគមន៍មួយនេះ មានផ្ទៃដីជាង២ពាន់ហិកតារ មានទីតាំងជាប់តំបន់ដែនជម្រកសត្វព្រៃលំផាត់ ។ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា បានទេ នៅថ្ងៃទី១ ខែមេសា ដោយទូរស័ព្ទ ចូលតែគ្មានអ្នកទទួល។
ទោះជាយ៉ាងណា កាលពីចុងឆ្នាំ២០២៣ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានប្រកាសឲ្យដកហូត និងបញ្ឈប់ផ្ដល់អាជ្ញាប័ណ្ណ ក្រុមហ៊ុនធ្វើអាជីវកម្មថ្មណា ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងពលរដ្ឋ និងក្រុមហ៊ុនដែល មិនបានអនុវត្តតាមនីតិវិធីរបស់ក្រសួង និងមិនបានសិក្សាពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ។
ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា ការធ្វើអាជីវកម្មថ្មមួយរយៈចុងក្រោយនេះ កំពុងតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ រស់នៅជុំវិញតំបន់នោះ។ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែសិក្សាស្រាវជ្រាវ និងមានការវាយតម្លៃអំពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ មុននឹងធ្វើការអនុញ្ញាតឲ្យក្រុមហ៊ុនណាមួយធ្វើអាជីវកម្ម ដើម្បីជៀសវាង កុំឲ្យមានផលប៉ះពាល់ដល់ពលរដ្ឋនៅតំបន់នោះបន្ថែមទៀត។
លោក ហេង គឹមហុង៖ «អ៊ីចឹងទាំងអស់នេះជាកត្តាធ្វើឲ្យ មិនផ្ដល់ផលចំណេញដល់សង្គមទេ កន្លងមកមានការលើកលែងពន្ធ ឥឡូវមានការធ្វើអាជីវកម្មធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋទៀតអ៊ីចឹង ធ្វើឲ្យខាតបង់ផ្ទួនៗ ធ្វើឲ្យខាតបង់ផលប្រយោជន៍ដូច្នេះការគិតគូរផាសុកភាពរបស់ប្រជាពលរដ្ឋ និងការបង្កើតពន្ធឡើងវិញនឹងជារឿងសំខាន់ដែលរដ្ឋត្រូវធ្វើ»។
កាលពីចុងខែកញ្ញាកន្លងទៅ រដ្ឋាភិបាលបានបើកភ្លើងខៀវឲ្យក្រុមហ៊ុនឯកជន ដែលធ្វើអាជីវកម្មនាំចេញថ្មកែច្នៃធម្មជាតិ មិនចាំបាច់បង់ពន្ធ និងថ្មធម្មជាតិបង់ពន្ធត្រឹមតែ៥ភាគរយតែប៉ុណ្ណោះ។ក្នុងចំណោមក្រុមហ៊ុនរកស៊ីអាជីវកម្មថ្មនៅកម្ពុជា ក៏មានក្រុមហ៊ុនរបស់លោក ឧកញ៉ា ឡេង ឬទ្ធី ផងដែរ គឺក្រុមហ៊ុន ឬទ្ធីក្រានីត (ខេមបូឌា) ខូអិលធីឌី (RITHY GRANITE (CAMBODIA) CO., LTD ) ។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះកំពុងធ្វើអាជីវកម្មថ្មធម្មជាតិ នៅតាមបណ្ដាខេត្តចំនួន ១០នៅក្នុងប្រទេសកម្ពុជា រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគិរី ព្រះវិហារ កំពង់ធំ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តតាកែវ និងកំពុងបន្តផ្គត់ផ្គង់ថ្ម ទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។