ដោយ ហ៊ុំ ចំរើន
2024.04.03
RFA

ពលរដ្ឋរងគ្រោះដីធ្លីនៅតែគ្មានជំនឿ និងទុកចិត្តទៅលើអាជ្ញាធរខេត្តព្រះវិហារ ដែលអំពាវនាវឲ្យពលរដ្ឋ និងក្មេងតូចៗ កំពុងរស់នៅក្នុងព្រៃឲ្យវិលត្រឡប់បានចូលទៅរស់នៅក្នុងភូមិវិញ ប្រសិនបើមិនមានសេចក្ដីប្រកាសពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជាសាធារណៈនោះទេ។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋបាលខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមេសា ប្រកាសឲ្យពលរដ្ឋកំពុងរត់ពួនក្នុងព្រៃ ត្រឡប់ទៅរស់នៅក្នុងភូមិវិញ ហើយអាជ្ញាធរ និងជួយទំនុកបម្រុង និងមិនយកទោសពៃរ៍នោះទេ។
ពលរដ្ឋមានជម្លោះដីធ្លីនិងកំពុងបោះជុំរុំរស់នៅក្នុងព្រៃ ស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អះអាងថាពួកគេមិនមានជំនឿ និងទុកចិត្តទៅលើអាជ្ញាធរខេត្តព្រះវិហារនោះទេ ពីព្រោះកន្លងទៅពលរដ្ឋដែលព្យាយាមចូលទៅមើលផ្ទះសម្បែង និងចង់ទៅរស់នៅក្នុងភូមិវិញនោះ ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ។
ពលរដ្ឋម្នាក់ដែលចេញមុខទាមទារឲ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លី លោកស្រី លូត សាឡា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែមេសា ថា ពួកគាត់គ្មានជំនឿ និងទុកចិត្តទៅលើអាជ្ញាធរខេត្តព្រះវិហារនោះទេ ពីព្រោះកន្លងទៅអាជ្ញាធរខេត្តមួយនេះ ជាអ្នកចាប់ពលរដ្ឋ និងដុតផ្ទះសម្បែង យកដីស្រែចម្ការរបស់ប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។ លោកស្រីបន្ថែមថា ប្រសិនបើចង់ឲ្យពួកគាត់ជឿទុកចិត្តទៅលើអាជ្ញាធរលុះត្រាតែមានបទបញ្ជា ឬសេចក្ដីប្រកាសជាសាធារណៈពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត និងមានការដោះលែងពលរដ្ឋ ដែលកំពុងជាប់ឃុំ ព្រមទាំងប្រគល់ដីផ្ទះសម្បែងមកឲ្យពលរដ្ឋវិញ។
លោកស្រី លូត សាឡា៖ «ឲ្យនាយករដ្ឋមន្ត្រីគាត់ប្រកាសមក ដោះលែងបងប្អូនខ្ញុំដែលនៅជាប់ឃុំ។ ពួកខ្ញុំអត់អ៊ីចឹងទេនៅក្នុងព្រៃពិបាកណាស់ ខ្ញុំអរគុណខាងអាជ្ញាធរខេត្តគាត់ប្រកាសមក ប៉ុន្តែបើឲ្យខ្ញុំជឿជាក់ទីមួយឲ្យមានការដោះលែង ទីពីរប្រកាសជាសាធារណៈហើយឈប់តាមចាប់ ឈប់ចាប់ចង ហើយរកកន្លែងដែលពួកខ្ញុំរស់នៅបាន ធ្វើប៉ុណ្ណោះបានគឺពួកខ្ញុំនឹងទៅ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី និងអភិបាលស្រុកគូលែន លោក ប៉ែន ជឹង បានទេ នៅថ្ងៃទី៣ ខែមេសា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក្ដី រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៣ ខែមេសា បានបង្ហោះសេចក្ដីប្រកាសព័ត៌មាន នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តព្រះវិហារ ច្រានចោលព័ត៌មានដែលថា មានកុមារតូចៗ កំពុងតែធ្លាក់ខ្លួនឈឺ ដោយអាជ្ញាធរសំអាងថា ពួកគេរកមិនឃើញពលរដ្ឋនិងក្មេងតូចៗ ដែលកំពុងរត់ពួនក្នុងព្រៃធ្លាក់ខ្លួនឈឺ និងអំពាវនាវឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅរស់នៅក្នុងភូមិវិញ ហើយប្រសិនបើពលរដ្ឋខ្វះខាតអាជ្ញាធរ និងទំនុកបម្រុងថែមទៀត។
ទោះបីអាជ្ញាធរចេញសេចក្ដីអំពាវនាវចំនួន ៣លើកយ៉ាងណាក្ដី ពលរដ្ឋដែលកំពុងរត់ពួនក្នុងព្រៃអះអាងថា អាជ្ញាធរតែងតែលេងល្បិចឲ្យពលរដ្ឋចូលទៅក្នុងភូមិ ដើម្បីចាប់ខ្លួនប្រជាពលរដ្ឋ ពីព្រោះកន្លងទៅ ពលរដ្ឋដែលព្យាយាមចូលទៅមើលផ្ទះដីស្រែចម្ការរបស់ពួកគេ នៅក្នុងបរិវេណក្រុមហ៊ុន សិលា ដាម៉ិច អាជ្ញាធរបានចាប់ខ្លួនដាក់ពន្ធនាគារ ដូច្នេះទើបប្រជាពលរដ្ឋមិនជឿទុកចិត្តអាជ្ញាធរខេត្តព្រះវិហារឡើយ។
ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានតាមដាន និងអង្កេតរឿងនេះ លោក កើត សារាយ យល់ឃើញថា អាជ្ញាធរខេត្តព្រះវិហារត្រូវតែបង្ហាញឆន្ទៈ និងគោលជំហរជាក់លាក់ និងទទួលខុសត្រូវចំពោះសេចក្ដីប្រកាសរបស់ខ្លួនថា មានការដោះស្រាយ និងមិនតាមចាប់ខ្លួនពលរដ្ឋទាំងអស់នោះទៀត ទើបពលរដ្ឋមានភាពជឿជាក់។ លើសពីនោះលោកថា អាជ្ញាធរត្រូវតែកាត់ឆ្វៀលដីឲ្យពលរដ្ឋទាំងនោះ ដើម្បីមានកន្លែងស្នាក់នៅសមរម្យ។
លោក កើត សារាយ៖ «វាមិនទាស់ខុសទេការចេញសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្ត ប៉ុន្តែយ៉ាងហោចណាស់ក៏សុំឲ្យមានឆន្ទៈ ការទទួលខុសត្រូវមួយចំពោះសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនឯង កុំស្អីបន្តិចអ្នកនៅក្រៅប្រទេស ស្អីបន្តិចជនមួយក្ដាប់តូចកេងចំណេញនយោបាយ ខ្ញុំគិតថាយើងគួរតែផ្ដោតទៅលើវិធានការដោះស្រាយជូនប្រជាពលរដ្ឋ ជាជាងលើកភាគីផ្សេងទៀតមកពាក់ព័ន្ធដាក់បន្ទុកឲ្យក្លាយជាបញ្ហាបន្ថែម»។
កាលពីថ្ងៃទី២៣ ខែមីនា អាជ្ញាធរខេត្តព្រះវិហារបានចាប់ខ្លួនប្រជាពលរដ្ឋចំនួន ២នាក់ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ បន្ទាប់ពីពួកគេព្យាយាមចូលទៅរកសាច់ញាតិ និងមើលផ្ទះសម្បែងនៅក្នុងបរិវេណក្រុមហ៊ុន សិលា ដាម៉ិច បើទោះបីជាអាជ្ញាធរខេត្តបាន ចេញសេចក្ដីប្រកាសអំពាវនាវឲ្យពលរដ្ឋត្រឡប់ទៅរស់នៅក្នុងភូមិវិញលើកទី២ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅក្ដី។ រហូតមកដល់ពេលនេះ អាជ្ញាធរខេត្តព្រះវិហារបានចាប់ខ្លួនប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន សិលា ដាម៉ិច ចំនួន ២៧នាក់ហើយ ក្រោយសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ប្រដាប់ដោយអាវុធ បានចុះរុះរើនិងដុតផ្ទះសម្បែង រហូតដល់មានការបង្ក្រាបដោយហិង្សា និងបន្តតាមចាប់ពលរដ្ឋមួយចំនួនទៀត ដែលកំពុងរត់ពួនក្នុងព្រៃ៕