ដោយ នៅ វណ្ណារិន
2024.04.04
RFA

(រូបឯកសារ) ស្ទឹងមង្គលបុរី ខេត្តបន្ទាយមានជ័យ រីងស្ងួតក្នុងរដូវប្រាំង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ រូប៖ ពីពលរដ្ឋ
បញ្ហាអាកាសធាតុកាន់តែក្ដៅ នៅក្នុងរដូវប្រាំងឆ្នាំនេះ បានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋមួយចំនួន។ ពួកគាត់ស្នើដល់រដ្ឋាភិបាលឱ្យបញ្ចុះថ្លៃទឹកភ្លើង និងគិតគូរលើការបង្កើនប្រព័ន្ធធារាសាស្ត្រ ព្រមទាំងប្រភពទឹក សម្រាប់ពលរដ្ឋនៅតំបន់ដាច់ស្រយាល ដើម្បីសង្គ្រោះពួកគាត់ពីភាពក្ដៅហួតហែង និងគ្រោះរាំងស្ងួតក្នុងរដូវប្រាំងនេះ។
កំណើនសីតុណ្ហភាពនារដូវប្រាំងក្នុងឆ្នាំនេះ កំពុងដុតរោលមនុស្សសត្វ និងរុក្ខជាតិ ឱ្យរស់នៅទាំងត្រដរ ដោយរំខានដល់ការរស់នៅប្រចាំថ្ងៃ ការបំពេញការងារ ការប្រកបរបររកស៊ី និងការធ្វើកសិកម្ម ជាដើម។
នៅតាមតំបន់វាលស្រែ និងចម្ការដំណាំមួយចំនួនដូចជាខេត្តបាត់ដំបង ផលដំណាំរបស់កសិករខ្លះ បានងាប់ក្រៀមស្វិតក្រញង់ ខ្លះស្លឹករួញឡើងក្រហម ចំណែកនៅតាមថ្លុក ស្រះ និងអណ្ដូងមួយចំនួន បានរីងទឹកជាបន្តបន្ទាប់ ដែលអាចឱ្យគេចាប់ត្រីបាន។
ពលរដ្ឋនៅឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង លោក និល សុផល ប្រាប់ថា ដោយសារតែរដូវប្រាំងឆ្នាំនេះ ក្ដៅជាងឆ្នាំមុន និងមានភ្លៀងកក់ខែយឺត និងតិចជាងឆ្នាំមុន ទើបបណ្ដាលឱ្យបឹងបួ អណ្ដូង ស្រះ និងប្រឡាយមួយចំនួន រីងស្ងួតលឿនជាងឆ្នាំមុន ដែលធ្វើឱ្យពលរដ្ឋប្រឈមនឹងការខ្វះទឹកសម្រាប់ប្រើប្រាស់ ធ្វើកសិកម្ម និងការចិញ្ចឹមសត្វ។
លោក និល សុផល៖ «ក្ដៅខ្លាំងណាស់! (ស្រះ អណ្ដូង) រីងអស់ហើយ។ កម្ដៅនេះ ប៉ះពាល់ទាំងអស់ ចិញ្ចឹមសត្វអត់រីកចម្រើនទេ»។
ដោយឡែក ចំពោះរបររកស៊ីវិញនៅតាមទីប្រជុំវិញ ពលរដ្ឋប្រកបរបររត់ម៉ូតូកង់បី នៅខេត្តសៀមរាប លោក ស៊ិន ពិសិដ្ឋ លើកឡើងថា ដោយសារអាកាសធាតុក្ដៅខ្លាំង បានធ្វើឱ្យពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួន មិនសូវចេញមកដើរកម្សាន្តច្រើនឡើយ ដែលធ្វើឱ្យចំណូលរបស់លោកធ្លាក់ចុះ។ លោកបន្តថា ស្របពេលដែលចំណូលធ្លាក់ចុះហើយនោះ ការប្រើប្រាស់អគ្គិសនី និងទឹកស្អាតប្រចាំថ្ងៃនៅក្នុងផ្ទះរបស់លោកកើនឡើង ខណៈកូនៗ របស់លោក ក៏ប្រឈមនឹងបញ្ហាសុខភាព បណ្ដាលមកពីការឡើងកម្ដៅនេះដែរ ដែលកត្តានេះ រឹតតែធ្វើប៉ះពាល់ដល់ជីវភាពរបស់លោកបន្ថែមទៀត។
លោក ស៊ិន ពិសិដ្ឋ៖«ដូចយប់មិញដេកអត់ស្កប់ស្កល់ ក្ដៅដេកមិនលក់ បើបើកបង្ហា ពេលប្រើយូរៗ ទៅ រឹតតែក្ដៅទៅៗ។ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ បញ្ចុះតម្លៃ (ទឹក ភ្លើង) ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពប្រចាំថ្ងៃ ដោយសាររាល់ថ្ងៃពលរដ្ឋបាត់បង់ចំណូលហើយ ហើយយើងប្រើប្រាស់អស់ច្រើនទៀត គឺប៉ះពាល់»។
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២ ខែមីនា ស្ដីពីការព្យាករអាកាសធាតុលើកទី២ ចាប់ពីខែមីនា ដល់ខែឧសភា ថា សីតុណ្ហភាពនៅរដូវប្រាំងឆ្នាំ២០២៤ នឹងកើនឡើង ហើយមិនសូវមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅរដូវវស្សាឡើយ។ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ មេសា កម្ពុជានឹងគ្របដណ្ដប់ដោយសម្ពាធទាប ដែលនឹងធ្វើឱ្យតំបន់វាលទំនាបមានសីតុណ្ហភាពចន្លោះពី ២៦អង្សាសេ ទៅ ៣៦អង្សាសេ។ ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពពី ២៣អង្សាសេ ទៅ ៣៧អង្សាសេ។ ដោយឡែកតំបន់មាត់សមុទ្រ មានសីតុណ្ហភាពចន្លោះពី ២៥អង្សាសេ ដល់ ៣៥អង្សាសេ និងអាចមានភ្លៀងធ្លាក់លើផ្ទៃដីប្រមាណ ៥ភាគរយ។
ខេត្តនៅភាគពាយ័ព្យប្រទេសកម្ពុជា រួមមាន បាត់ដំបង បន្ទាយមានជ័យ និងភាគឦសានមានខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មានកម្ដៅកើនឡើងដល់ ៤០ ទៅ ៤១អង្សាសេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ច័ន្ទ យុត្ថា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែមេសា។
ទាក់ទិនបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ក្នុងស្ថានភាពធាតុអាកាសក្ដៅហួតហែងបែបនេះ ការប្រើប្រាស់អគ្គិសនីទៅលើឧបករណ៍អេឡិចត្រូនិក ដូចជាកង្ហារ ម៉ាស៊ីនត្រជាក់ រួមទាំងការប្រើប្រាស់ទឹកនឹងមានការកើនឡើង ដែលរដ្ឋាភិបាលគួរបញ្ចុះថ្លៃទឹកភ្លើងក្នុងរដូវនេះ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ពលរដ្ឋ។ លើសពីនេះ លោកស្នើទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យចាប់ផ្ដើមគិតគូរលើប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក ដើម្បីសង្គ្រោះស្រែចម្ការរបស់ពលរដ្ឋផងដែរ។
លោក យង់ គិមអេង៖ «ជាការពិត គឺការដោះស្រាយ គួរតែចាប់ផ្ដើមពីឥឡូវទៅ ព្រោះដល់ពេលរដូវភ្លៀងគឺកាន់តែពិបាកក្នុងការជីក។ បើសិនជាអាចដោះស្រាយពីឥឡូវបានវាជាការប្រសើរសម្រាប់ប្រជាពលរដ្ឋ សម្រាប់គ្នាដែលត្រូវការទឹកប្រើប្រាស់សម្រាប់ខែប្រាំងឆ្នាំក្រោយ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់»។
រដូវប្រាំងនៅប្រទេសកម្ពុជា គឺចាប់ពីខែវិច្ឆិកា ដល់ខែមេសា។ ដោយខែមីនា និងខែមេសា គឺជាពេលដែលក្ដៅបំផុត ដែលកំណត់ត្រាបង្ហាញថា កម្ដៅឡើងដល់ ៤០អង្សាសេ។
បើតាមការព្យាករណ៍របស់ អង្គការឧតុនិយមពិភពលោកនៃអង្គការសហប្រជាជាតិ កាលពីដើមឆ្នាំ បង្ហាញថា ក្នុងឆ្នាំ២០២៤ នេះ ពិភពលោកនឹងរងកម្ដៅក្ដៅជាងឆ្នាំ២០២៣ ដែលជាការបំបែកកំណត់ត្រាអាចឈានទៅរកបាតុភូតអាកាសធាតុ អែល នីណូ ដែលបង្កឱ្យមានភាពក្ដៅហួតហែង គ្រោះរាំងស្ងួត និងមានសីតុណ្ហភាពចន្លោះពី ៤០ ទៅ ៤២អង្សាសេ។
ចំណែក រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ដែរថា មានឱកាសមួយក្នុងចំណោមបី ដែលឆ្នាំ២០២៤ នឹងក្ដៅជាងឆ្នាំ២០២៣ ហើយក្នុងនោះ ៩៩ភាគរយ បង្ហាញយ៉ាងច្បាស់ថា ឆ្នាំ២០២៤ នឹងជាប់ចំណាត់ថ្នាក់ ក្នុងចំណោមឆ្នាំ ដែលក្ដៅបំផុតទាំងប្រាំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។