កម្ពុជា
21/04/2024 – 09:23
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ដូចការគ្រោងទុក ប្រមុខការទូតចិន លោក វ៉ាង យី ចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃអាទិត្យនេះ នៅក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចចំនួន៣ថ្ងៃ នៅកម្ពុជា ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែមេសា។ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ លោក វ៉ាង នឹងធ្វើឲ្យស៊ីជម្រៅនូវការសាងសហគមន៍មួយ វាសនារួម ប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយោជន៍ប្រជាជន និងប្រជាជន។
កម្ពុជាចាត់ទុកទស្សនកិច្ចរបស់ លោក វ៉ាង យី ជាការពង្រឹងមិត្តភាពដែកថែប
នៅកម្ពុជា លោក វ៉ាង នឹងត្រូវចូលគាល់ព្រះមហាក្សត្រ និងមានជំនួបទ្វេរភាគីជាមួយ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងមានជំនួបជាមួយប្រមុខការទូតកម្ពុជាផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា លោក វ៉ាង យី នឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដែលភាគីកម្ពុជាតំណាងដោយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ទស្សនកិច្ចរបស់ លោក វ៉ាង គឺមានគោលដៅជំរុញការអនុវត្តលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីចិនលោកស៊ី ជីនពីង។ នេះបើតាមសារព័ត៌មានចិន South China Morning Post ដែលចេញផ្សាយនៅមុនទស្សនកិច្ចរបស់ប្រមុខការទូតចិនរូបនេះ។
រីឯក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រមុខការទូតចិននៅពេលនេះ គឺស្របពេលនឹងការប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន(កម្ពុជា-ចិន)ហើយរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លើសពីនេះកម្ពុជាចាត់ទុកថា ទស្សនកិច្ចរបស់ លោក វ៉ាង ក៏ធ្វើឲ្យស៊ីជម្រៅនូវការសាងសហគមន៍មួយ វាសនារួម ប្រកបដោយគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ដើម្បីប្រយោជន៍ប្រជាជន និងប្រជាជន។

គួររម្លឹកថា កាលពីឆ្នាំ ២០២៣ លោកស៊ី ជីនពីង និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែនបានប្រកាសអំពីកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៅទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរមនុស្ស។
អ្វីជាការកត់សំគាល់ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅពេលខាងមុខនេះ គឺស្របពេលដែលប្រទេសចិនបង្កើនការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងចំពេលដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងរឹតបន្តឹង។
ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនមិនត្រឹមតែកំពុងព្យាយាមរក្សាឋានៈរបស់ខ្លួនជាដៃគូពាណិជ្ជកម្មកំពូលជាមួយប៉ាពូអាស៊ីនូវែលហ្គីណេដែលជាប្រទេសកោះធំជាងគេនៅប៉ាស៊ីហ្វិកខាងត្បូងប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកទំនាក់ទំនងរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀតផង។ ក្នុងពេលជាមួយគ្នា ចិនក៏បានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី និងកម្ពុជាដល់កម្រិតនៃការកសាង «សហគមន៍មួយ ជោគវាសនារួម» ខណៈចិនកំពុងជំរុញទំនាក់ទំនងជាមួយប៉ាពូអាស៊ីនូវែលហ្គីណេឲ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការរបទេសចិន៕