ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ

កម្ពុជា
22/04/2024 – 11:28
ដោយ៖ ម៉ុន ចាន់
RFI

មានជនជាតិវៀតណាមចំនួន ២៣១នាក់ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុបណ្តេញចេញពីកម្ពុជាតាមច្រកអន្តរជាតិព្រែកចាក។ ការបណ្តេញជនជាតិវៀតណាមចេញពីកម្ពុជានេះធ្វើឡើង ក្រោយសមត្ថកិច្ចរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធពីបទល្មើសបទឆបោកតាមអនឡាញដែលប្រព្រឹត្តនៅ ៣ទីតាំងផ្សេងគ្នាក្នុងខេត្តព្រះសីហនុ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវសន៍នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ


 ប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញលើទីតាំងទាំង ៣ ក្នុងខេត្តព្រះសីហនុបានចាប់ផ្តើមពីថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី៥ ខែមេសាដោយចាប់បានជនជាតិវៀតណាមចំនួន ២៣១នាក់ ក្នុងនោះមានស្រីចំនួន ៤១នាក់។ តាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទីតាំងទាំង ៣ ដែលអាជ្ញាធរខេត្តព្រះសីហនុបានចុះបង្ក្រាបមានទី១ នៅចំណុចអតីតកាសីណូ ភែរីដល អាយលែន ដោយឃាត់មនុស្សបានចំនួន ១០៨នាក់ ទី២ នៅចំណុចថ្មយក្សស្ថិតនៅសង្កាត់លេខ៣ ដោយឃាត់មនុស្សបានចំនួន ៣៥នាក់ និងទីតាំងទី៣ នៅសណ្ឋាគារធាន អី ហ៊ូ អ៊ីនធើណេមិន ឯ.ក ដោយឃាត់មនុស្សបានចំនួន ៨៨នាក់។

ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ
ជនជាតិវៀតណាមជាង២០០នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាក្នុងបទល្មើសឆបោកអនឡាញ © សហការី

 អគ្គនាយកដ្ឋានអន្តោប្រវសន៍បានបញ្ជាក់ថា ជនជាតិវៀតណាមដែលចាប់បានត្រូវបណ្តេញចេញពីកម្ពុជាទាំងអស់តាមច្រកអន្តរជាតិព្រែកចាក។ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុធ្លាប់បានប្រាប់ឱ្យដឹងថា អាជ្ញាធរខេត្តមិនបន្ធូរដៃលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញជាដាច់ខាត និងថា ថ្នាក់ដឹកនាំខេត្តនឹងបន្តត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពខុសច្បាប់នានានៅក្នុងខេត្ត ពិសេសលើករណីឆបោកតាមប្រព័ន្ធអនឡាញ ករណីគ្រឿងញៀន ករណីល្បែងស៊ីសង និងករណីកាន់កាប់អាវុធ ជាតិផ្ទុះខុសច្បាប់។

 គេអាចនិយាយបានថា ប្រតិបត្តិការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុបានធ្វើឡើងតាមបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ គោលបំណងនៃប្រតិបត្តិការ គឺលុបបំបាត់ឱ្យអស់នូវទីតាំងដែលមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed Online) គ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

What Next?

Recent Articles