ដោយ ម៉ៅ សុធានី
2024.04.26
RFA

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាបី សាអូឌីត (Saudi Arabia) ចេញវីដេអូលើហ្វេសប៊ុកអំពាវនាវរកការសង្គ្រោះមកកម្ពុជាវិញ កាលពីថ្ងៃទី១៨ មេសា ២០២៤។ រូប៖ ហ្វេសប៊ុក Ry Single
ក្រុមពលករដែលភាគច្រើនជាស្ត្រីចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) ជាច្រើននាក់នៅមិនទាន់ត្រូវបានគេបញ្ជូនមកដល់កម្ពុជានៅឡើយ។ ពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពដល់អាយុជីវិត ខណៈពលករជាស្ត្រីខ្លះទៀតទាមទាររកកិច្ចអន្តរាគមន៍សង្គ្រោះជាបន្ទាន់ ដើម្បីបញ្ជូនពួកគាត់មកកម្ពុជាឱ្យបានឆាប់ ដោយសារតែក្រុមថៅកែបង្ខំឱ្យធ្វើការទាំងឈឺ និងបង្អត់អាហារ។
ក្រុមស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត (Saudi Arabia) ចំនួន ៧៨នាក់ចេញវីដេអូលើហ្វេសប៊ុក (Facebook) អំពាវនាវរកការសង្គ្រោះកាលពីថ្ងៃទី១៨ មេសា ស្រែកដង្ហោយទាមទារឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធពន្លឿននីតិវិធីបញ្ជូនពួកគេមកកម្ពុជាវិញឱ្យបានឆាប់។ ក្រុមពលករឱ្យដឹងថា បច្ចុប្បន្នគ្មានសុវត្ថិភាពទេ ហើយក្រុមហ៊ុននៅប្រទេសអារ៉ាប់បន្តគំរាមកំហែងពួកគាត់ ជាបន្តបន្ទាប់។
ពលករកំពុងជាប់នៅប្រទេសអារ៉ាប់ថ្លែងសុំមិនបញ្ចេញឈ្មោះព្រោះបារម្ភពីបញ្ហាសុវត្ថិភាពបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៥ ខែមេសាថា ទោះបីពេលនេះក្រុមពលករកំពុងស្នាក់នៅតាមអូតែល (Hotel) នៅតំបន់ផ្សេងៗគ្នា ដើម្បីត្រៀមចាកចេញទៅកម្ពុជាវិញ ប៉ុន្តែនីតិវិធីបញ្ជូនក្រុមពលករហាក់ស្ងាត់ឈឹង។ ពលកររូបនេះបញ្ជាក់ថា ការស្នាក់នៅអូតែលនេះពុំមានសុវត្ថិភាព និងពុំមានអាហារហូបគ្រប់គ្រាន់ទេ ហើយពលករជាច្រើនបានធ្លាក់ខ្លួនឈឺស្គមស្លេកស្លាំង និងដេកបារម្ភខ្លាចក្រុមហ៊ុនចាប់ពួកគេទៅបង្ខាំងម្ដងទៀត។
ពលករថ្លែងលាក់ឈ្មោះ៖ «មានស្ត្រីខ្មែរខ្លះបាត់ដំណឹងដែលគេដកទូរស័ព្ទហើយគេបង្ខំឱ្យធ្វើតាមផ្ទះក៏បាត់ដំណឹងសូន្យឈឹង មានការបាត់ខ្លួនច្រើនគ្នាដែរ បើកន្លែងខ្ញុំសង្គ្រោះហើយ បើកន្លែងផ្សេងៗនៅជាប់ឃុំ។ និយាយទៅនៅដូចគោ ដូចក្របី គេអត់គិតពីកម្លាំងពលកម្មស្ត្រីខ្មែរ។ រាល់ថ្ងៃនេះ បើឱ្យរើសថា នៅដេកអូតែលជុំគ្នា និងដេកចូលគុកនៅអារ៉ាបនេះ ពួកខ្ញុំសុខចិត្តដេកគុកនៅអារ៉ាប ព្រោះគិតថា គុតមានសុវត្ថិភាពជាង ទោះម៉េចក៏មានប៉ូលិសការពារយើង។ បើនៅនេះ ប៉ូលិសអត់ខ្លាចទេ ខ្លាចតែក្រុមហ៊ុនដែលធ្វើបាបវាយយើងវាអាចមកធ្វើបាបពួកបន្លំថា ចេះថាចុះ»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ី សាអូឌីត បានរកឃើញក្រុមពលករចំនួន ៧៨នាក់នៅក្រុងចំនួន ៣ផ្សេងគ្នាក្នុងប្រទេសអារ៉ាប៊ី សាអូឌីត។
ក្រសួងការងារអះអាងកាលពីថ្ងៃទី១៨ ខែមេសាថា អាជ្ញាធរពាក់ព័ន្ធបានរៀបចំសំបុត្រយន្តហោះឱ្យពលរដ្ឋចំនួន ២៩នាក់ និងរៀបចំសំបុត្រយន្តហោះសម្រាប់ពលករផ្សេងទៀតជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា សម្រាប់វិលត្រឡប់មកកម្ពុជាវិញ។ ប៉ុន្តែក្រុមពលរដ្ឋកំពុងជាប់នៅក្នុងប្រទេសអារ៉ាប់ថា នេះជារឿងមិនពិត។
ក្រុមពលករឱ្យដឹងថា មកទល់ពេលនេះ មានពលករជាស្ត្រីចំនួន ២នាក់តែប៉ុណ្ណោះដែលបានទៅដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី១៩ ខែមេសា ដោយសារតែពួកគាត់ទាំងពីរនោះមានម្នាក់ឈឺក្រពះរហូតដួលសន្លប់ និងម្នាក់ទៀតស្វិតជើងទាំងសងខាង។ ចំណែកពលករផ្សេងទៀតកំពុងទន្ទឹងរង់ចាំកិច្ចអន្តរាគមន៍បញ្ជូនពួកគេទៅកម្ពុជាវិញ ហើយអ្នកខ្លះអស់សង្ឃឹមរហូតធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
ពលករដែលបានមកដល់ខ្មែរវិញគឺកញ្ញា លាង ស៊ីដែន ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នកញ្ញាកំពុងស្នាក់នៅមន្ទីរពេទ្យព្យាបាលជើងទាំងសងខាងស្វិតដើរមិនរួចនោះទេ។ កញ្ញាបញ្ជាក់ថា កាលអំឡុងធ្វើការងារនៅប្រទេសអារ៉ាប់ថៅកែប្រើដូចជាទាសករ និងធ្វើការមួយថ្ងៃសម្រាកបានប្រហែលតែ ២ម៉ោងតែប៉ុណ្ណោះ និងគ្មានអាហារហូបគ្រប់គ្រាន់ទេ ទើបធ្វើឱ្យកញ្ញាធ្លាក់ខ្លួនឈឺបែបនេះ។
កញ្ញា លាង ស៊ីដែន៖ «ម្ហូបអាហារពេលយើងទៅធ្វើការបានបាយមក។ បាយល្ងាចស្មើនឹងម៉ោង ៤ ទៀបភ្លឺយើងទៅហូបម៉េចបាយថ្ងៃ បាយល្ងាចយកមកសរុបជាមួយគ្នា ពេលយើងម៉ោងទៅធ្វើការអត់មានបាយហូបផងហ្នឹង គេឱ្យស៊ីស្មើណា ស៊ីស្មើហ្នឹងហើយ។ អត់មានអ្នកឯងមកតវ៉ាទេ។ ដូចថា យើងហូបបានចំណីអាហារអត់គ្រប់គ្រាន់ណាមួយយើងខំធ្វើការទៀត ហូបអត់ទៀងទាត់ហើយយើងដេកក៏អត់បានពេញភ្នែក ពេលអ៊ីចឹងធ្វើឱ្យយើងដូចខ្យល់គរ ខ្ញុំចូលបន្ទប់ទឹកក៏ងងឹតមុខដួលបោកនឹងបន្ទប់ទឹក មិនដឹងប៉ះអីខ្លះ ងើបមកមិនដឹងអីទេបានអ្នកធ្វើការជាមួយគ្នាជួយសង្គ្រោះពីបន្ទប់ទឹក»។
ក្រៅពីពលករស្ត្រីចំនួន ៧៨នាក់ដែលរងការឃុំឃាំងបង្អត់អាហារ រងការគំរាមកំហែងពីសំណាក់ថៅកែក្រុមហ៊ុននៅប្រទេសអារ៉ាប់ នៅមានពលករជាស្ត្រីជាច្រើននាក់ទៀត កំពុងរកកិច្ចអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយសារតែថៅកែបង្ខាំង និងបង្ខំពលករឱ្យធ្វើការងារទាំងឈឺ ហើយពួកគាត់រងការរំលោភបំពានរូបរាងកាយជាបន្តបន្ទាប់។
ពលករផ្នែកអនាម័យតាមផ្ទះ លោកស្រី យ៉េ ធឿន ឱ្យដឹងថា លោកស្រីកំពុងបម្រើការងារតាមផ្ទះឱ្យថៅកែជនជាតិអារ៉ាប់ជាមួយពលករជាស្ត្រីខ្មែរម្នាក់ទៀត និងបានធ្លាក់ខ្លួនឈឺទាំងពីរនាក់ ៤ថ្ងៃមកហើយ ចំណែកថៅកែពុំបានអើពើនោះទេ និងថែមទាំងបង្ខំឱ្យពួកលោកស្រីធ្វើការងារទាំងមានជំងឺ។ លោកស្រីរៀបរាប់ថា សព្វថ្ងៃថប់ដង្ហើមអស់កម្លាំង និងត្រូវបានគេឃុំឃាំងក្នុងបន្ទប់ទាំងពីរនាក់ហូបតែបបរជាមួយអំបិល និងគ្មានលុយទិញថ្នាំលេបនោះទេ។ លោកស្រីស្នើឱ្យរដ្ឋាភិបាល និងស្ថានទូតជួយសង្គ្រោះលោកស្រីឱ្យបានត្រឡប់ទៅកម្ពុជាវិញ។
លោកស្រី យ៉េ ធឿន៖ «គ្មានថ្នាំអីទេ វាពិបាកត្រង់ហ្នឹងហើយខ្ញុំវាកាន់តែទៅហ្មងងើបវិលមុខ ស្រកសាច់ទៅអស់រលីងគិតមើលយើងហូបបាយអត់ចូលបានហុតបបរតិចៗ ងើបទៅដាំបបរមិនចង់រួចផង។ ហូបបបរក៏គ្មានស្អីដែរ មានតែអំបិល និងខ្ញុំទិញទឹកស៊ីអ៊ីវមួយដបនៅសល់ហើយខ្ញុំហុតដាក់អំបិលផង ក្រែងមានកម្លាំង ព្រោះខ្ញុំអត់ដឹងរកផ្លូវណា។ នៅតែដេកយំ ដែកតែសោក នឹកឃើញតេទៅកន្លែងមិត្តភ័ក្ដិ កន្លែងមិត្តភ័ក្ដិក៏ពិបាកដូចគ្នា»។
ក្រុមពលករភាគច្រើនជាស្ត្រីចាញ់បោកមេខ្យល់នោះ ពួកគាត់បានមកធ្វើការនៅប្រទេសអារ៉ាប៊ី សាអូឌីត ៣ខែ មកហើយ តាមរយៈក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ (Fatina Manpower Co., Ltd) ស្ថិតក្នុងប្រទេសកម្ពុជា។ ពេលពលករដាក់ពាក្យមកធ្វើការងារនៅប្រទេសអារ៉ាប់ ក្រុមហ៊ុនមួយនេះបានធានាក្នុងលិខិតកិច្ចសន្យាលើវិសាលភាពផ្ដល់កិច្ចគាំពាររាល់ការចំណាយកន្លែងស្នាក់នៅផ្ដល់អាហារហូបចុក ៣ពេល ដល់ពលករជាអ្នកអនាម័យ និងផ្ដល់ប្រាក់ចំណូលប្រចាំខែ ៤រយដុល្លារ (៤០០)។ ប៉ុន្តែ ក្រុមពលករអះអាងថា ពេលមកដល់ប្រទេសអារ៉ាប់ខុសពីការពិត ដោយសារតែថៅកែ និងម្ចាស់ផ្ទះនៅប្រទេសអារ៉ាប់រឹតត្បិតសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងឃុំឃាំងពលករបង្អត់បាយបង្ខំឱ្យធ្វើការច្រើនម៉ោង។
ក្រុមពលករអះអាងថា ម្ចាស់ក្រុមហ៊ុន ហ្វាទីម៉ា មេនផៅវើ ដែលធានារៀបចំលើឯកសារកិច្ចសន្យាពួកគេគឺជាអ្នកស្រី ស្វាយ សុគន្ធណារី ដែលត្រូវជាភរិយារបស់លោក ម៉ាន តើរ៉មីហ្សី (Man Teramizy) ជាកូនកាត់អារ៉ាប៊ី សាអូឌីត។ លោក ម៉ាន តើរ៉មីហ្សី គឺជា អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
វិទ្យុអាស៊ីសេរីអាចទាក់ទងអ្នកស្រី ស្វាយ សុគន្ធណារី និងលោក ម៉ាន តើរ៉មីហ្សី ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៥ ខែមេសា។ អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់កាសែតក្នុងស្រុកកាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅថា ក្រសួងការងារនឹងបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនដែលបានបញ្ជូនពលករទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ក្នុងករណីដែលរកឃើញថា ក្រុមហ៊ុនមិនគោរពតាមច្បាប់ មិនធានាលក្ខខណ្ឌការងារ និងមិនគោរពសិទ្ធិការងារដល់ពលករ ក្រសួងនឹងចាត់វិធានការលើក្រុមហ៊ុននោះ។
ចំណែក អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីតាមសង្គមតេលេក្រាម (Telegram) នៅថ្ងៃទី២៥ ខែមេសាថា ការជួយ និងផ្តល់ការគាំទ្រដល់ពលរដ្ឋ និងពលករខ្មែរជួបបញ្ហានៅក្រៅប្រទេស គឺជាការងារអាទិភាពមួយរបស់ក្រសួងការបរទេស។ លោកជំរុញឱ្យពលករខ្មែរនៅក្នុងបណ្ដាប្រទេសអារ៉ាប់ក្នុងករណីជួបបញ្ហា ទាក់ទងជាមួយស្ថានទូតកម្ពុជាដើម្បីសុំជំនួយអន្តរាគមន៍។
ទោះជាបែបនេះក្ដី ក្រុមពលករបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ី សាអូឌីត លោក អ៊ុក សារុន ពុំបានខ្នះខ្នែងផ្ដល់កិច្ចគាំពារដល់ពលករទេ ប៉ុន្តែថែមទាំងស្ដីបន្ទាសដល់ក្រុមពលករថា កំពុងធ្វើសកម្មភាពជំរុញឱ្យស្ថានភាពកាន់តែលំបាក ពេលក្រុមពលករសួរនាំពីនីតិវិធីបញ្ជូនពួកគេមកកម្ពុជាវិញ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ដែលបានតាមដានរឿងនេះឱ្យវិទ្យុអាស៊ីសេរីដឹងថា លោកកំពុងប្រមូលបណ្ដឹងរបស់ក្រុមពលករជាបន្តបន្ទាប់ ដើម្បីសហការជាមួយអង្គការសង្គមស៊ីវិលជាតិអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយជួយក្រុមពលករនៅប្រទេសអារ៉ាប៊ី សាអូឌីត ត្រឡប់មកកម្ពុជាវិញ។
លោក អាត់ ធន់៖ «យោងលើអ្វីដែលគាត់ត្អូញត្អែរ យើងឃើញមានផលលំបាកខ្លាំង យើងកំពុងគិតមើលថា តើយើងអាចជួយយ៉ាងម៉េច បើកិច្ចសន្យាគាត់ធ្វើទៅជាមួយគេផ្ទាល់ ហើយក្រសួងបានធ្វើអីខ្លះហើយចំពោះក្រុមហ៊ុនមានបញ្ហាហ្នឹង។ ក្រុមហ៊ុនហ្នឹងត្រូវមានពិន័យ ឬដោះស្រាយយ៉ាងម៉េចយើងកំពុងគិតមើលដែរ ព្រោះនៅពេលដែលកម្មករជាប់បញ្ហាអីចឹង អំឡុងពេលយើងដោះស្រាយហ្នឹង ទុកពេលឱ្យគេធ្វើការសិន»។
ក្រុមពលករនៅប្រទេសអារ៉ាប៊ី សាអូឌីត ទាមទារដល់ក្រសួងការងារ និងរដ្ឋាភិបាល ពន្លឿននីតិវិធីជួយសង្គ្រោះពលករដែលរងការឃុំឃាំង និងការគំរាមកំហែងពីសំណាក់ថៅកែ បញ្ជូនមកកម្ពុជាវិញឱ្យបានឆាប់ ព្រោះពលករមួយចំនួនកំពុងមានសុខភាពកាន់តែទ្រុឌទ្រោម។ ក្រុមពលករខ្លះក៏ព្រួយបារម្ភពីការយឺតយ៉ាវរបស់រដ្ឋាភិបាលថា ពួកគេអាចមានគ្រោះថ្នាក់ដល់ជីវិតដោយសារតែគ្មានលុយទិញថ្នាំព្យាបាលជំងឺ និងគ្មានអាហារហូបគ្រប់គ្រាន់។ ម្យ៉ាងទៀតពួកគាត់ឱ្យដឹងថា ក្រុមហ៊ុន និងថៅកែនៅប្រទេសអារ៉ាប៊ី សាអូឌីត នៅតែព្យាយាមស្វែងរកទីតាំងក្រុមពលករចាប់បង្ខាំងពួកគាត់ម្ដងទៀត ដែលធ្វើឱ្យពួកគេភ័យខ្លាច និងមិនហ៊ានដើរចេញតាមទីសាធារណៈនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។