មេ​ដឹក​នាំ​យោធា​ភូមា​ចង់​ប្រែក្លាយ​ជា​របប​ស្រប​ច្បាប់ «តាមរយៈ​ការ​បោះឆ្នោត​ក្លែងបន្លំ​ដូច​កម្ពុជា»

ដោយ ទីន ហ្សាការីយ៉ា
2024.05.16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេ​ដឹក​នាំ​យោធា​ភូមា​ចង់​ប្រែក្លាយ​ជា​របប​ស្រប​ច្បាប់ «តាមរយៈ​ការ​បោះឆ្នោត​ក្លែងបន្លំ​ដូច​កម្ពុជា»

អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) និង​មេដឹកនាំ​របប​សឹក​ភូមា លោក មីន អុងឡាំង (Min Aung Hlaing)​។ Photo Courtesy


របប​សឹក​ភូមា​ទំនង​ជា​ចង់​រៀបចំ​ការ​បោះឆ្នោត​ឆាប់ៗ​ដើម្បី​ឱ្យ​របប​យោធា​ក្លាយ​ទៅ​ជា​របប​ស្របច្បាប់​និង​ រួច​ពី​ទណ្ឌកម្ម​អន្តរជាតិ។ ប៉ុន្តែ​ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​ លើក​ឡើង​ថា របប​សឹក​លំបាក​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ដើម្បី​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ​ដូច​កម្ពុជា។

របប​សឹក​ភូមា​កំពុង​ចង់​ប្រែក្លាយ​របប​ខុស​ច្បាប់​របស់​ខ្លួន​ ទៅ​ជា​របប​​ស៊ីវិល​វិញ​ តាមរយៈ​ការ​រៀបចំ​ ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​ លើក​ឡើង​ថា​ មេ​ដឹក​នាំ​រដ្ឋប្រហារ​លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ទំនង​ជា​ចង់​យក​គំរូ​តាម​​អតីត​នាយករដ្ឋ​មន្ត្រី​លោក​ ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​ ក្រោយពី​រំលាយ​គណបក្ស​ប្រឆាំង ដើម្បី​ឱ្យ​អន្តរជាតិ​​មើល​ឃើញ​ថា​ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ​ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា​ លោក ម៊ីង អ៊ុងលាំង ទំនង​ជា​ចង់​យក​គំរូ​តាម​កម្ពុជា​ ដែល​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក ហ៊ុន សែន ប្រើ​នយោបាយ​ឈ្នះ​ឈ្នះ។ លោក ឯម សុវណ្ណារ៉ា​ បន្ថែម​ថា​ សម្រាប់​នៅ​ភូមា​ លោក ម៊ីន អ៊ុងលាំង​មិន​អាច​សម្រេច​បាន​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​ឡើយ។

លោក ឯម សុវណ្ណារ៉ា៖ «អតីត​នាយក​រដ្ឋ​មន្ត្រី​ ហើយ​ឥឡូវ​ជា​ប្រធាន​ព្រឹទ្ធសភា​ហ្នឹង​ គាត់​ធ្វើ​ជោគជ័យ​នៅ​កម្ពុជា​។ អ្នក​ទទួល​បាន​ផល​នោះ​គឺ​អ្នក​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ។ អ៊ីចឹង​ទេ​ ម៊ីន អ៊ុងលាំង​ គិត​ថា​គាត់​អាច​ធ្វើ​បាន។ ប៉ុន្តែ​ទស្សនៈ​ខ្ញុំ​នៅ​ភូមា​មិន​អាច​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​បាន​ជោគជ័យ​ទេ​ ដោយសារ​តែ​ពល​រដ្ឋ​ភូមា​ខុស​ពី​ពលរដ្ឋ​កម្ពុជា»

នៅ​ស្រប​ពេល​ លោក ម៊ីន អ៊ុងលាំង​ (Min AungHlaing) បាន​ជួប​ លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ កាល​ពី​ថ្ងៃ​ទី៧ ឧសភា ហើយ​លោក​បាន​ស្នើ​ឱ្យ​កម្ពុជា​ បញ្ជូន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប ទៅ​បណ្ដុះ​បណ្ដាល​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​របស់​ខ្លួន។

វិទ្យុ​អាស៊ីសេរី​មិន​អាច​​ទាក់ទង​អ្នក​នាំពាក្យ​មន្ត្រី​គ.ជ.ប​ លោក ហង្ស ពុទ្ធា ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​ កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា។

អ្នក​តាមដាន​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ ប៉ាស៊ីហ្វិក​ លោក​ សេង វណ្ណលី​ មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​កម្ពុជា​បញ្ជូន​មន្ត្រី​គ.ជ.ប​ ទៅ​ភូមា​តាម​ការ​ស្នើ​សុំ​របស់​ លោក ម៊ីន អ៊ុងលាំង​មែន​នោះ​ កម្ពុជា​នឹង​រង​ការ​រិះគន់​ពី​អាស៊ាន​និង​​សហគមន៍​អន្តរជាតិ​កាន់​តែ​ខ្លាំង។

លោក សេង វណ្ណលី៖ «ខ្ញុំ​គិត​ថា​ បើ​សិន​ជា​លោក ហ៊ុន សែន​ បញ្ជូន​មន្ត្រី​គ..ប​ទៅ​ភូមា​នឹង​មាន​ការ​រិះគន់​កាន់​តែ​ខ្លាំង​ ដោយសារតែ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ទទួល​រង​នូវ​ការ​រិះគន់​ថា ជា​ការ​បោះឆ្នោត​មិន​សុក្រឹត​ មិន​ត្រឹមត្រូវ​ ដែល​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ជា​ច្រើន»

មេដឹក​នាំ​រដ្ឋ​ប្រហារ​លោក​ ម៊ីន អ៊ុងលាំង បាន​ប្រាប់​សារព័ត៌មាន​ Tass របស់​រុស្ស៊ី​ កាល​ពី​ខែ​មីនា ថា​ លោក​មាន​ផែនការ​​ចង់​រៀបចំ​ការបោះឆ្នោត​ ប្រសិន​បើ​ប្រទេស​មាន​សន្តិភាព​ និង​ស្ថិរភាព បើ​ទោះ​ជា​ការ​បោះឆ្នោត​នោះ មិន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​ក៏ដោយ។

ទោះ​ជា​បែប​នេះ​ក្ដី​របប​សឹក​ធ្លាប់​បាន​បរាជ័យ ក្នុង​ផែនការ​ចង់​រៀប​ចំ​ការ​បោះឆ្នោត​នេះ​ ​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ២០២៣។ ក្រោយពី​ធ្វើ​រដ្ឋ​ប្រហារ​ លោក ម៊ីន អ៊ុងលាំង ចង់​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​លោក​ បាន​បង្កើត​គណៈកម្មាធិការ​បោះឆ្នោត​ថ្មី​មួយ​ សម្រាប់​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២៣ ក៏ប៉ុន្តែ​ផែនការ​នេះ មិន​បាន​ជោគជ័យ​ទៅវិញ​ ដោយសារតែ​ចលនា​បះបោរ​ ឬ​ក្រុម​ឧទ្ទាម​បាន​ប្រយុទ្ធ​តតាំង​កាន់តែ​ខ្លាំង​ឡើង ដែល​មិន​អាច​ធ្វើ​ឲ្យ​ភូមា​មិន​ទាន់​មាន​ស្ថិរភាព​នយោបាយ​នៅ​ឡើយ។

សព្វ​ថ្ងៃ​នេះ​ លោក ម៊ីន អ៊ុងលាំង បាន​ដឹកនាំ​ប្រទេស​តាម​រយៈ​ការ​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​។ រដ្ឋធម្មនុញ្ញ​ភូមា ដែល​តាក់​តែង​ដោយ​ក្រុម​យោធា​កាល​ពី​ឆ្នាំ២០០៨​ បាន​ចែង​ថា​ ការ​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​មាន​រយៈពេល​១ឆ្នាំ​ ហើយ​អាច​ប្រកាស​បន្ត​ទៀត​បាន​ចំនួន​ពីរ​ដង​ទៀត​ ដោយ​មាន​រយៈពេល៦​ខែ​ម្ដង។​ មកទល់​ពេលនេះ​ លោកម៊ីន អ៊ុងលាំង បាន​ប្រកាស​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​ជា​ច្រើន​ដង​រួច​មក​ហើយ។

របប​សឹក​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ រួមមាន​ បញ្ហា​អសន្តិសុខ​ផ្ទៃក្នុង ចលនា​ងើប​បះបោរ​បាន​ងើប​ឡើង​ស្ទើរ​ពាស​ពេញ​ប្រទេស ចលនា​បះបោរ​ជនជាតិភាគតិច​បាន​រួមដៃ​ជាមួយ​រដ្ឋាភិបាល​ស្រមោល​ ដែល​កម្លាំង​នេះ​កាន់​តែ​ខ្លាំង​ងើប​តទល់​ជា​មួយ​របប​សឹក​។ តំបន់​ខ្លះ​ក្រុម​ចលនា​បះ​បោរ​ គ្រប់គ្រង​បាន​ទាំង​ស្រុង។

ឥលូវ​នេះ​ក្រុម​ឧទ្ទាម​បាន​វាយ​ដណ្ដើម​ទី​​ប្រជុំជន​ ប្រមាណ ៥០​ ពិសេស​ពួកគេ​បាន​កាន់​កាប់​រដ្ឋ ​កាជិន (Kachin) តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាងជើង​ជាប់​ប្រទេស​ចិន។ រដ្ឋ​រ៉ាឃីន (Rakhin) ព្រំដែន​ខាង​លិច​ជាប់​ប្រទេស​ បង់ក្លាដេស (Bangladesh) និង​រដ្ឋ​កាយិន (Kayin) នៅ​ព្រំដែន​ខាងកើត ជាប់​ប្រទេស​ថៃ​។ នៅ​តំបន់​ខ្លះ​ទៀត​ កងទ័ព​របស់​លោក ម៊ីន អ៊ុងលាំង បាន​រត់​ចុះចូល​ជាមួយ​ក្រុម​ចលនា​បះបោរ​វិញ​ក៏​មាន។

លោក ឯម សុវណ្ណារ៉ា បន្ថែម​ថា ភូមា​ អាច​រៀបចំ​ការ​បោះឆ្នោត​ទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​ចរចា​ ក៏​ប៉ុន្តែ​ចលនា​តស៊ូ​​កំពុង​តែ​មាន​សន្ទុះ​ខ្លាំង​ឡើង ដែល​ពិបាក​ធ្វើ​ឱ្យ​របប​សឹក​សម្រេច​ផែនការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន។

លោក ឯម សុវណ្ណារ៉ា៖ «បើ​យើង​គិត​ទៅ ​គាត់​អាច​រៀបចំ​ការ​បោះឆ្នោត​ អាច​ធ្វើ​ការ​ចរចា​ក្នុង​ឆ្នាំ​នេះ​លឿន​ ក្រុម​ចលនា​តស៊ូ​អាច​ទទួល​យក​ ប៉ុន្តែ​បើ​ចង់​យក​លំអាន​តាម​កម្ពុជា​មិន​អាច​ទៅ​រួច​ទេ។​ នេះ​តាម​ខ្ញុំ​មើល៍​នោះ​ណា»

ភូមា​បាន​ក្លាយ​ជា​ប្រទេស​ឯកោ​ទាំង​នៅ​ក្នុង​តំបន់​អាស៊ាន និង​អន្តរជាតិ។ គិត​ចាប់​ពី​រដ្ឋ​ប្រហារ​មក​ អាស៊ាន​មិន​អនុញ្ញាត​ឱ្យ​តំណាង​របប​សឹក​ចូល​រួម​ ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ឡើយ​ លើក​លែង​តែ​តំណាង​មក​ពី​ស្ថាប័ន​ដែល​ឯករាជ្យ។ រីឯ​សហគមន៍​អន្តរជាតិ​ ពិសេស​ក្រុម​ប្រទេស​លោកសេរី ក៏​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របប​នេះ​ផង​ដែរ។

មេដឹកនាំ​រដ្ឋ​ប្រហារ​ អាច​បន្ត​ដឹកនាំ​ទៅ​បាន ដោយសារ​តែ​ការ​បង្ក្រាប​ ការ​រំលោភ​សិទ្ធិ មនុស្ស​ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចាប់​ចង និង​ការ​សម្លាប់​មនុស្ស​ជាដើម។ មក​ទល់​ពេល​នេះ មាន​មនុស្ស​ជាង២​លាន​នាក់​បាន​រត់​ភៀសខ្លួន និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។

ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​ប្រឆាំង​ខ្លួន​នេះ​ មិន​ខុស​ពី​កម្ពុជា​ ​ឡើយ។ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ អ្វី​ដែល​លោក ហ៊ុន សែន អាច​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ ក្រោយ​ពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ដោយសារ​តែ​ប្រជាពលរដ្ឋ​ និង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​ហ៊ាន​ងើប​តតាំង​ និង​គ្មាន​ចលនា​តស៊ូ​បះបោរ​ ប្រឆាំង​ នឹង​ត្រកូល​ហ៊ុន។​ សម្រាប់​ភូមា​វិញ​ អ្នកវិភាគ​ថា​ លុះ​ត្រាតែ​លោក​ ម៊ីន អ៊ុងលាំង ងាក​មក​តុចរចា​ ជាមួយ​រដ្ឋាភិបាល​ស្រមោល ដោះលែង អ្នកស្រី អ៊ុង សានស៊ូជី និង​ក្រុម​ចលនា​តស៊ូ​ ព្រម​ទាំង​មានការ​សម្របសម្រួល​ពី​អាស៊ាន​ ឬ​អង្គការ​សហប្រជាជាតិ​ ទើប​ភូមា​ប្រហែល​ជា​អាច​រៀបចំ​ការ​ បោះឆ្នោត​ដែល​គួរ​ទុក​ចិត្ត​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles