ដោយ ទីន ហ្សាការីយ៉ា
2024.05.16
RFA

(ឆ្វេងទី១) នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង (South Korea) លោក យូន ស៊កយ៉ល (Yoon Suk Yeol) និង (រូបស្ដាំទី២) លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសកូរ៉េខាងត្បូងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង (South Korea) លោក យូន ស៊កយ៉ល (Yoon Suk Yeol) បានព្រមព្រៀងគ្នាបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។
នេះ ជាលើកទី១ ហើយ ដែលលោក ហ៊ុន ម៉ាណែត បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ឧសភា ក្រោយពីលោកបានឡើងធ្វើជានាយករដ្ឋមន្ត្រីតពូជពីលោក ហ៊ុន សែន។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៦ ឧសភា ក្រោយពីមេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នា នៅទីក្រុងសេអ៊ូល (Seoul) ឲ្យដឹងថា ភាគីទាំងពីរប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិ សន្តិសុខ ហ្វឹកហាត់យោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាង អង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា និង លើកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ដូចជា បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមអ៊ិនធឹណែត (Internet) ជាដើម។
កម្ពុជា និងកូរ៉េ ក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគី និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសង្គម វប្បធម៌ និងការអភិវឌ្ឍ។
មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៦ទៀត ក្នុងនោះ រួមមាន កូរ៉េបានបង្កើនផ្ដល់ប្រាក់កម្ចីឱ្យកម្ពុជាដល់ ៣ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។ អនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងឯកសារផ្សេងៗ ទៀត។
នៅអំឡុងពេលលោក ហ៊ុន ម៉ាណែត ជួបប្រជុំជាមួយមេដឹកនាំកូរ៉េខាងត្បូងនេះ ក្រុមយុវជន ពលករខ្មែរ ធ្វើការនៅប្រទេសកូរ៉េខាងត្បូង គ្រោងនឹងធ្វើបាតុកម្ម នៅថ្ងៃទី១៩ឧសភា ដើម្បីទាមទារឱ្យ លោក ហ៊ុន ម៉ាណែត ដោះស្រាយវិបត្តិសង្គម គោរពសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យឡើងវិញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។