ដោយ ខាន់ លក្ខិណា
2024.05.21
RFA

ពលរដ្ឋមានជម្លោះដីនៅតំបន់តាមោក ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចូលរួមឃ្លាំមើលសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៧ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោកខកចិត្ត ដែលសាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ងួន រតនា នៅថ្ងៃទី២១ ខែឧសភា បានប្រកាសសាលដីកាផ្ដន្ទាទោស ពលរដ្ឋបឹងតាមោកចំនួន ៥ នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ៨ខែ ពីបទ «ប្រឆាំង នឹងអ្នករាជការសាធារណៈ» ដែលប្ដឹងដោយអាជ្ញាធរខណ្ឌព្រែកព្នៅ។
ពលរដ្ឋរស់នៅតំបន់តាមោក ហៅការសម្រេចសេចក្ដីរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលកាត់ក្ដីឱ្យពួកគាត់មានទោសជាប់ពន្ធនាគារ ៨ ខែ ដូចតុលាការថ្នាក់ក្រោមសម្រេចនេះ ថា ជារឿងអយុត្តិធម៌ និងជាការបំបាក់ស្មារតីពួកគាត់។
ពលរដ្ឋរស់នៅតំបន់បឹងតាមោក លោក ស៊ួន សៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ ខែឧសភា ថា ពួកគាត់នឹងប្តឹងសាទុក្ខទៅកាន់តុលាការកំពូលបន្តទៀត។ លោកចាត់ទុកការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ ថាជាការដាក់សម្ពាធ និងគំរាមហែង លើពួកគាត់ ដែលមិនព្រមដោះដូរដីទៅតាមការចង់បានរបស់រដ្ឋាភិបាល។
លោក ស៊ួន សៅ៖ «ខ្ញុំយល់ថា វាអយុត្តិធម៌សម្រាប់ពួកខ្ញុំ ពួកខ្ញុំអត់បានធ្វើអីដែលខុសច្បាប់ បែរជាពួកខ្ញុំត្រូវមានទោស ជាប់ពន្ធនាគារហើយហ្នឹង ពិន័យជាប្រាក់ ១លានរៀលទៀត។ ពួកខ្ញុំមានលុយណាទៅឱ្យ បើរកតែលុយទិញអង្ករស៊ីមិនបានផង មួយព្រឹកទិញអង្ករមួយគីឡូ ល្ងាចទិញអង្ករមួយគីឡូ»។
កាលពីខែកក្កដា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម ផ្ដន្ទាទោសប្រជាពលរដ្ឋចំនួន ៥នាក់ ដាក់ពន្ធនាគាររយៈពេល ៨ខែ និងពិន័យជា ប្រាក់ក្នុងម្នាក់ៗ ១ លានរៀលពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថាន ទម្ងន់ទោស» ដែលប្ដឹងដោយអាជ្ញាធរខណ្ឌព្រែកព្នៅ ពាក់ព័ន្ធនឹងវិវាទដីធ្លី។
ប្រជាពលរដ្ឋទាំង ៥ នាក់នោះ រួមមាន លោក ស៊ួន សៅ លោកស្រី អំ ភឿន និងលោក ស៊ា សំបាត់ ជាដើម។ យ៉ាងណា ទោស ៨ខែ នេះត្រូវព្យួរ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា លើកឡើងថា ការប្រើប្រាស់យន្តការតុលាការ ដើម្បីដាក់ទោសលើប្រជាពលរដ្ឋរងគ្រោះដីធ្លីនេះ មិនមែនជាដំណោះស្រាយល្អសម្រាប់ការរកយុត្តិធម៌ ឡើយ។ ផ្ទុយទៅវិញ លោកថា សកម្មភាពនេះ គឺបង្ហាញពីការរឹតត្បិតសេរីភាព ឬដាក់សម្ពាធទៅលើភាគីម្ខាងទៀត ដែលធ្វើឱ្យមានអតុល្យភាពក្នុងការដោះស្រាយជម្លោះដីធ្លី។
លោកថា ប្រជាពលរដ្ឋដែលចេញតវ៉ា ដោយសារតែការរំលោភបំពានដីធ្លីនេះ មិនគួរណាត្រូវបានរារាំងនិងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនោះទេ ពីព្រោះ ការប្រើប្រាស់សិទ្ធិក្នុងការតវ៉ាទាមទារ និងស្វែងរកយុត្តិធម៌ គឺជាសេរីភាពមួយ ដែលធានាដោយច្បាប់។
លោក នី សុខា៖ «ខ្ញុំយល់ថា អាជ្ញាធរក៏ដូចជា រដ្ឋាភិបាលគួរតែងាកទៅធ្វើការស្រាវជ្រាវទៅធ្វើការប្រមូលព័ត៌មាន ហើយរកមធ្យោបាយក្នុងការដោះស្រាយបញ្ហាជូនទៅប្រជាពលរដ្ឋ។ ក្នុងន័យមួយថា ដើម្បីសម្របសម្រួលដោះស្រាយ យកបញ្ហាហ្នឹង មកដោះស្រាយគ្នា ដោយឈរមូលដ្ឋានច្បាប់ ឈរទៅលើមូលដ្ឋានកាន់កាប់ឱ្យបានត្រឹមត្រូវ ជាជាងយើងយកប្រព័ន្ធតុលាការ ដើម្បីដាក់ទោសទណ្ឌលើភាគីប្រជាពលរដ្ឋ»។
ជម្លោះដីធ្លីរ៉ាំរ៉ៃរបស់ពលរដ្ឋរស់នៅតំបន់បឹងតាមោក បានអូសបន្លាយពេលជិត៥ឆ្នាំ មកហើយ ក្រោយពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ប្រគល់ដីនៅតំបន់នោះ ឱ្យទៅអ្នកមានលុយមានអំណាចជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ក្នុងគោលដៅផ្សេងៗគ្នា។
ចំណែកពលរដ្ឋវិញ ត្រូវបានអាជ្ញាធរបណ្ដេញចេញពីដីលំនៅឋានដោយបង្ខំ ហើយ ពលរដ្ឋខ្លះ ដែលមិនព្រមចាកចេញនិងបន្តទាមទារឱ្យអភិវឌ្ឍន៍នឹងនៅកន្លែងនោះ ត្រូវជាប់បណ្ដឹងជាច្រើនករណីនៅតុលាការ។
មន្ត្រីការពារសិទ្ធិមនុស្សលើកឡើងថា បើអាជ្ញាធរនៅតែប្រើប្រាស់យន្តការ តុលាការបន្តទៀតនោះ បញ្ហាដីធ្លី គឺមិនអាចដោះស្រាយបាននោះទេ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។