ដោយ ម៉ៅ សុធានី
2024.05.22
RFA

ទិដ្ឋភាពឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ដែលថតពីខាងលើដោយយុវជនចលនាមាតាធម្មជាតិ កាលពីឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកចលនាមាតាធម្មជាតិ
តំបន់ឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺដែលជាបណ្ដុំព្រៃស្រស់បំព្រង ទឹកជ្រោះ ជម្រកសត្វព្រៃ និងជ្រលងភ្នំខ្ពង់រាប ដែលភ្ញៀវទេសចរតែងតែទៅបោះតង់កម្សាន្ត នៅតែប្រឈមការបាត់បង់ធនធានធម្មជាតិ កេរមរកតដូនតាជាបន្តបន្ទាប់។
ក្រុមអង្គការសង្គមស៊ីវិល ស្នើជាថ្មីទៀតឱ្យរដ្ឋាភិបាលចាប់អារម្មណ៍ពីវិនាសកម្មព្រៃឈើក្នុងតំបន់នោះ ដោយបញ្ឈប់សកម្មភាពកាប់ឈើ និងការកាប់ទន្ទ្រានដីព្រៃ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែបណ្តែតបណ្តោយឱ្យអ្នកមានឥទ្ធិពល និងជនល្មើស បន្តកាប់ទន្ទ្រានព្រៃស្រល់រានយកដី និង កាប់ឈើមានតម្លៃ ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ នៅថ្ងៃអនាគត តំបន់ទេសចរប្រវត្តិសាស្ត្រ មួយនេះនឹងវិនាសហិនហោចអស់។
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ(ACNCIPO) លោក ជា ហ៊ាន ដែលចុះអង្កេតរឿងនេះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ឧសភាថា នៅពេលដែលកើតមានបទល្មើសព្រៃឈើ ក្នុងតំបន់អភិរក្សនេះ កម្រឃើញមន្ត្រីជំនាញអនុវត្តច្បាប់ភ្លាមៗ លុះត្រាតែបែកធ្លាយព័ត៌មានដល់ថ្នាក់លើ និងផ្សព្វផ្សាយតាមបណ្ដាញសង្គម ទើបមន្ត្រីបរិស្ថានចុះអនុវត្តច្បាប់ម្តងម្កាល។
ប្រការនេះហើយ ទើបធ្វើឱ្យតំបន់ឧទ្យានជាតិនេះ កាន់តែរួមតួច ដោយមានតំបន់ខ្លះដាច់ជាកង់ៗ ហ៊ុមព័ទ្ធរបងធ្វើចម្ការទំហំរាប់រយហិកតារ គ្រប់គ្រងដោយកម្មសិទ្ធិឯកជន ពីសំណាក់បុគ្គលមានឥទ្ធិពល។
លោក ជា ហ៊ាន៖ «អត់មានរីកផង មានតែតូចទៅៗតូចទៅ កាត់ម្តងតិចៗ អនាគតគឺថា អស់ហើយ បើទោះបីជាមានការអភិរក្សក៏ដោយ តែការអភិរក្សតិចជាងអ្នកបំផ្លាញ។ អនាគតបើមិនអនុវត្តច្បាប់ វានឹងរលាយតែម្តងឧទ្យានជាតិ»។
មន្ត្រីសង្គមស៊ីវិលថ្លែងបែបនេះ ក្រោយពីគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយ មេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា ចុះទៅទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងតំបន់នោះ ក៏ប៉ុន្តែនៅមិនទាន់បង្ហាញរបាយការណ៍ពីលទ្ធផលចុះបង្ក្រាបនៅឡើយទេ។
លោក ជា ហ៊ាន សោកស្តាយ ដើមស្រល់ធំៗ មានអាយុកាលជាង ១០០ឆ្នាំបានបាត់បង់ជាបន្តបន្ទាប់ ដោយគ្មានការអភិរក្សឱ្យច្បាស់លាស់នៅឡើយទេ បើទោះបីជាក្រសួងបរិស្ថាន បានបញ្ជូនឆ្មាំអភិរក្ស ៥០នាក់ឈរជើង យាមព្រៃក្នុងតំបន់នោះក្តី។
លោក ជា ហ៊ាន៖ «រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរតែចាត់មន្ត្រីរបស់ខ្លួន ឱ្យមានវិធានការច្បាប់ច្បាស់លាស់ បើមិនកើតទេ គួរតែផ្ដន្ទាទោស មន្ត្រីការពារ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះពីនាយកឧទ្យានជាតិគិរីរម្យលោក ខន សុខុន បាននៅឡើយទេ ដោយលោកថា ទូរស័ព្ទស្តាប់មិនឮគ្មានសេវា។
ចំណែកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏មិនទាន់អាចសុំការបំភ្លឺបានដែរ នៅថ្ងៃទី២២ ឧសភា ដោយទូរស័ព្ទហៅចូលគ្មានអ្នកលើក។
ជុំវិញរឿងនេះ ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការ អភិវឌ្ឍ លោក សាន់ ម៉ាឡា យល់ថា រដ្ឋាភិបាលគួរតែបញ្ឈប់ ចេញអនុក្រឹត្យកាត់ឆ្វៀល តំបន់ឧទ្យានជាតិគិរីវង់ ឱ្យវិស័យឯកជន ហើយងាកមកអភិរក្សឱ្យបានហ្មត់ចត់ ចៀសវាងបណ្តែតបណ្តោយ ឱ្យកើតមានការប្រព្រឹត្តអំពើពុករលួយរវាងឈ្មួញខិលខូច និងមន្ត្រីអនុវត្តច្បាប់មួយចំនួន។
លោក សាន់ ម៉ាឡា៖ «គ្រប់សកម្មភាពទាំងអស់បង្កើតតែប្រាក់ចំណេញដល់នាយទុន ហើយធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងបង្កមហន្តរាយដល់ពលរដ្ឋទាំងអស់គ្នា រដ្ឋាភិបាលគួរតែពិចារណាឱ្យបានស៊ីជម្រៅ និងផ្តល់អាទិភាពដល់ការងារអភិរក្ស និងថែរក្សា ចៀសវាងការលក់ធនធានទាំងអស់នោះ ដើម្បីផលប្រយោជន៍មនុស្សមួយក្រុមតូច»។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានកំណត់តំបន់គិរីរម្យដែលមានផ្ទៃដីជាង ៣ម៉ឺន ៥ ពាន់ហិកតារ(៣៥០០០) ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។
ភ្នំគិរីរម្យ ដែលស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
កាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀល ទីតាំងឧទ្យានជាតិមួយផ្នែកធំជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន៣ ដើម្បីវិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។
ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ និង ក្រុមហ៊ុនអេស៊ា ធូ អេស៊ា (Asia To Asia) របស់ជប៉ុន។ អាជ្ញាធរខេត្តកំពង់ស្ពឺបំភ្លឺថា រដ្ឋវិនិយោគឱ្យក្រុមហ៊ុនទាំងនេះដើម្បីទាញប្រយោជន៍ពីទេសភាព បម្រើវិស័យទេសចរ ពុំមែនកាប់បំផ្លាញព្រៃឈើនោះទេ។
លើសពីនេះ កាលពីខែមិថុនា ឆ្នាំ២០២២ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានចុះហត្ថលេខាកាត់ឆ្វៀលដីទំហំជាង២រយហិកតារ (២២១.៩៤) ចេញពីឧទ្យានជាតិគិរីរម្យ ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីប្រគល់ដីនោះឱ្យទៅក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.)ដែលជាម្ចាស់ក្រុមហ៊ុននេះ គឺអ្នកស្រី ជឹង សុគន្ធាវី ត្រូវជាកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។