កាសែត Hindu៖ ៥០ភាគរយនៃឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុនៅឥណ្ឌាមានប្រភពពីកម្ពុជា ឡាវ និងភូមា

កម្ពុជា
កម្ពុជា-ឧក្រិដ្ឋកម្មអនឡាញ
23/05/2024 – 10:40
ដោយ៖ អោ ស្រីពេជ្រ
RFI

របាយការណ៍ថ្មីរបស់ក្រសួងទទួលបន្ទុកកិច្ចការផ្ទៃក្នុងឥណ្ឌាបានរកឃើញថា ឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុនៅឥណ្ឌាដល់ទៅជិត៥០% មានប្រភពចេញពីប្រទេសកម្ពុជា ឡាវ និងភូមា។ របាយការណ៍ថ្មីនេះត្រូវបានចុះផ្សាយដោយកាសែតឥណ្ឌា Hindu នៅថ្ងៃទី២២ ឧសភា និងថែមទាំងបានច្រានចោលលើបទចោទប្រកាន់ដែលថា ចិនមានជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសបច្ចេកវិទ្យានេះ។

កាសែត Hindu៖ ៥០ភាគរយនៃឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុនៅឥណ្ឌាមានប្រភពពីកម្ពុជា ឡាវ និងភូមា


មជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យានៃក្រសួងទទួលបន្ទុកកិច្ចការផ្ទៃក្នុងឥណ្ឌាបានចាត់ទុកប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៣ គឺកម្ពុជា ឡាវ និងប្រទេសភូមាជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញដ៏ធំមួយរបស់ប្រទេសឥណ្ឌា។ នៅក្នុងរបាយការណ៍ថ្មីដែលត្រូវបានកាសែតឥណ្ឌា Hindu ចុះផ្សាយនៅថ្ងៃទី២២ ឧសភា បទល្មើសក្លែងបន្លំហិរញ្ញវត្ថុដែលសំដៅលើជនជាតិឥណ្ឌាចំនួន ៤៨% មានប្រភពចេញពីប្រទេសអាស៊ីអាគ្នេយ៍ទាំង៣ តាមរយៈកម្មវិធីអនឡាញច្រើនសន្ធឹកសរសេរអក្សរចិន។ តែរបាយការណ៍បានបញ្ជាក់ថា ចិនមិនមានជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យានេះទេ។

យោងតាមរបាយការណ៍របស់ឥណ្ឌានេះដដែល ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ រដ្ឋឥណ្ឌារកឃើញបទល្មើសក្លែងបន្លំហិរញ្ញវត្ថុជិត ៩ម៉ឺនករណីដោយបានលេបត្របាក់ប្រាក់របស់ពលរដ្ឋឥណ្ឌាជាង ១៧០០កោដរ៉ូពី ឬស្មើជាង ២១៣លានដុល្លារ។ បទល្មើសទាំងនោះភាគច្រើនជាការលួចអត្តសញ្ញាណអ្នកប្រើប្រាស់ ការបោកប្រាស់ក្នុងទីផ្សារភាគហ៊ុន ល្បែងអនឡាញ និងការលួងលោមស្នេហាតាមអនឡាញជាដើម។ នៅក្នុងសន្និសីទកាសែតប្រកាសរបាយការណ៍ថ្មី នាយកប្រតិបត្តិមជ្ឈមណ្ឌលបង្ក្រាបបទល្មើសបច្ចេកវិទ្យាឥណ្ឌា លោក Rajesh Kumar បានបង្ហាញក្តីបារម្ភចំពោះឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុអនឡាញនេះ និងមិនភ្លេចបញ្ជាក់ថា ការផ្ទុះឡើងនូវចង្កោមឧក្រិដ្ឋកម្មអនឡាញក្នុងប្រទេសកម្ពុជា ឡាវ និងភូមាអាចមានពាក់ព័ន្ធនឹងការលាងលុយកខ្វក់។

រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកទូច សុខៈបានបញ្ចេញប្រតិកម្មតបនឹងរបាយការណ៍ថ្មីរបស់ឥណ្ឌា ដោយចាត់ទុកថាជាដំណឹងក្រៅផ្លូវការតែប៉ុណ្ណោះ។ ​តាមលោក​ទូច សុខៈ​ បទល្មើសបច្ចេកវិទ្យានេះគឺ​ជាបទល្មើសសកលដោយ​មិនគួរទម្លាក់ដាក់ប្រទេសណាមួយទេ។ កន្លងមក ក្រសួងមហាផ្ទៃធ្លាប់បានទទួលស្គាល់ថា ករណីចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានដដែលក្នុងប្រទេសកម្ពុជា គ្រាន់តែថាមានចំនួនតិចជាងមុន ហើយថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះជនបរទេសដែលរងគ្រោះដោយយកចិត្តដាក់ម៉ត់ចត់ដែរ។ គួររម្លឹកថានៅថ្ងៃទី២០ ឧសភាកន្លងទៅថ្មីៗនេះ ជនជាតិឥណ្ឌាជិត៦០នាក់ត្រូវបានរំដោះចេញពី «ជីនប៉ៃ-៤» ដែលជាបនល្បែងចិនដ៏ធំមួយក្នុងខេត្តព្រះសីហនុ ហើយគិតត្រឹមថ្ងៃទី២៣ ឧសភានេះ មានជនរងគ្រោះឧក្រិដ្ឋកម្មឆបោកអនឡាញជនជាតិឥណ្ឌាសរុបប្រមាណ ៣៦០នាក់ត្រូវបានសង្គ្រោះពីកម្ពុជា និងត្រូវបានបញ្ជូនទៅប្រទេសឥណ្ឌា។

កាសែត Hindu៖៥០ភាគរយនៃឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុនៅឥណ្ឌាមានប្រភពពីកម្ពុជា ឡាវ និងភូមា
កាសែត Hindu៖៥០ភាគរយនៃឧក្រិដ្ឋកម្មក្លែងបន្លំហិរញ្ញវត្ថុនៅឥណ្ឌាមានប្រភពពីកម្ពុជា ឡាវ និងភូមា © AP

ដោយឡែក របាយការណ៍ថ្មីរបស់ឥណ្ឌាពេលនេះក៏មិនសូវខុសគ្នានឹងរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ២០២៣ ដែលបានបង្ហាញថា ប្រទេសកម្ពុជា ឡាវ និងភូមាជាទីតាំងកំពុងពេញនិយមសម្រាប់ការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម បោកប្រាស់អនឡាញ និងក្លែងបន្លំហិរញ្ញវត្ថុ។ សម្រាប់កម្ពុជាត្រូវបានរបាយការណ៍ដដែលរកឃើញថា ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាទីតាំងនៃការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញច្រើនបំផុត៕

What Next?

Recent Articles