សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រីក​ចំនួន​ការងារ​ដល់​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ

ដោយ មាន ឫទ្ធិ
2024.05.23
RFA

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រីក​ចំនួន​ការងារ​ដល់​ប្រជា​ពលរដ្ឋ បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ

ទិដ្ឋភាពយុវជនចូលរួមសិក្ខាសាលា​នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៤ ឧសភា ២០២៤។ រូប៖ ហ្វេសប៊ុក​វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ


សង្គម​ស៊ីវិល​លើកឡើង​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលរដ្ឋ គឺជា​រឿង​ល្អ ប៉ុន្តែ​ប្រសិនបើ​រដ្ឋាភិបាល​មិន​អាច​បង្កើត​ចំនួន​ការងារ​សម្រាប់​ពលរដ្ឋ ឱ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ នោះ​ការ​បណ្ដុះបណ្ដាល​ជំនាញ នឹង​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ពលរដ្ឋ​ឡើយ​។ ការ​លើកឡើង​នេះ បន្ទាប់​ពី​ក្រសួង​ការងារ បាន​ធ្វើ​តេស្ត​បញ្ជាក់​សមត្ថភាព​សិក្ខាកាម បន្ទាប់ពី​បើក​ការ​បណ្ដុះបណ្ដាល ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១​លាន ៥​សែន​នាក់។

ស្ថិត​ក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច ក្រោយ​ពេល​ការ​បិទទ្វារ​រោងចក្រ​វាយនភណ្ឌ​ជា​បន្តបន្ទាប់ ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ ពលរដ្ឋ​ភាគច្រើន បាត់បង់​ការងារ​ធ្វើ ចំណូល​ធ្លាក់​ចុះ និង​ជំពាក់​បំណុល​ធនាគារ​។ ប្រឈម​នឹង​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​បាន​បង្កើត​កម្មវិធី​បណ្ដុះ​បណ្ដាល​ដល់​កម្មករ និង​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ដោយ​រំពឹង​ថា នឹង​អាច​ជួយ​បង្កើន​មុខរបរ និង​ការងារ​ដល់​ប្រជាពលរដ្ឋ។

ប្រធាន​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក បូ ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែ​ឧសភា ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​របស់​ក្រសួង​ការងារ ដល់​យុវជន​នេះ ទំនង​រៀបចំ​ឡើង​ដើម្បី​សម្រាប់​ត្រៀម​ឱ្យ​ពួកគេ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​ប្រទេស ព្រោះ​ចំនួន​សិក្ខាកាម ដែល​ក្រសួង​បាន​បណ្ដុះបណ្ដាល​នេះ ហាក់​មាន​ចំនួន​ច្រើនជាង​ទីផ្សារ​ការងារ​នៅក្នុង​ស្រុក​បច្ចុប្បន្ន​។ លោក​បន្ត​ថា រដ្ឋាភិបាល រៀបចំ​កែ​លម្អ​ប្រព័ន្ធ​ការងារ​ក្នុងស្រុក ឱ្យ​សមស្រប​ទៅតាម​ជំនាញ និង​លក្ខខណ្ឌ​របស់​ពលរដ្ឋ ជាជាង​ការ​ផ្ដោត​តែ​ទៅលើ​ការ​បង្កើន​ចំនួន​សិក្ខាកាម ប៉ុន្តែ​គ្មាន​កន្លែង​ការងារ និង​មុខរបរ​សម្រាប់​ឱ្យ​ពួកគេ​ធ្វើ។

លោក បូ ពៅ៖ «អ្នកខ្លះ​រៀន​ពេទ្យ តែ​ពិបាក​រក​ការងារ​ធ្វើ​ពេក ទៅ​ធ្វើ​ការ​ធនាគារ​ដើរ​ទារ​លុយ​តាម​ភូមិ​។ អ្នកខ្លះ​រៀន​កសិកម្ម តែ​ដោយសារ​វា​ខ្វះ​ទីផ្សារ ក៏​ទៅ​ធ្វើ​អី​ផ្សេង​ក្រៅពី​ជំនាញ​កសិកម្ម​។ ច្រើនណាស់​បាទ​ដើម្បី​ឱ្យ​ពួកគាត់​មានការ​ងារ​ធ្វើ យើង​(​ត្រូវ​)​ទប់​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស ហើយ​កាត់​បន្ថយ​អំពើពុករលួយ​ទៅ»។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស របស់​ក្រសួង​ការងារ បាន​ធ្វើ​តេស្ដ​បញ្ជាក់​សមត្ថភាព​សិក្ខាកាម​កម្រិត​សញ្ញាប័ត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​បន្ទាប់ពី​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​រយៈពេល ៤​ខែ ដើម្បី​វាយតម្លៃ​បញ្ជាក់​សមត្ថភាព​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ជាង ១​លាន​នាក់ (១.៥​លាន​) មុន​ឈាន​ជើង​ចូល​ទីផ្សារ​ការងារ​។ ក្រសួង​ការងារ​បញ្ជាក់​ថា គ្រឹះស្ថាន​ចំនួន ៣៥ នៃ​ក្រសួង​ការងារ បាន​បណ្ដុះបណ្ដាល​សិក្ខាកាម លើ​ជំនាញ​ធុរកិច្ច ភេសជ្ជៈ ម្ហូបអាហារ ការផលិត​នំ អគ្គិសនី ម៉ាស៊ីន​ត្រជាក់ និង​សម្អាង​កាយ។

ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ របស់​ក្រសួង​ការងារ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២៤ បាន​ព្យាករ​ថា កម្ពុជា​នឹង​បង្កើត​ការងារ​ថ្មី​ជាង ២៣​ម៉ឺន​កន្លែង​ក្នុង​មួយឆ្នាំ នៅ​ចន្លោះ​ឆ្នាំ​២០២៤ ដល់​២០២៦ ដោយ​ចំនួន​ការងារ​ថ្មី នឹង​កើនឡើង​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ប៉ុន្តែ​ធ្លាក់ចុះ នៅ​ក្នុង​វិស័យ​កសិកម្ម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​ឧសភា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា ចំនួន​ការងារ​បច្ចុប្បន្ន ហាក់​មិន​សមាមាត្រ នឹង​កំណើន​យុវជន និង​សមស្រប​តាម​លក្ខខណ្ឌ ដែល​ពួកគេ​ចង់​បាន​នៅ​ឡើយ​។ លោក​បន្ត​ថា ដែល​កត្តា​នេះ បាន​ធ្វើ​ឱ្យ​យុវជន​មួយចំនួន ដែល​មាន​ទាំង​ជំនាញ និង​បទពិសោធន៍​ការងារ ត្រូវធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ដើម្បី​រក​ការងារ ដែល​សមស្រប ជាមួយ​ជំនាញ និង​សមត្ថភាព​របស់​ពួកគេ។

លោក យង់ គិមអេង៖ «ស្ថានភាព​ការងារ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ យើង​ឃើញ​ដែល​ពឹង​សំខាន់​ទៅលើ​រោងចក្រ ហើយ​ក្នុង​នោះ​ដែរ យើង​ខ្វះ​ការ​លើកទឹកចិត្ត​ឱ្យ​មាន​ការបង្កើត​ការងារ​ដោយ​ខ្លួនឯង​ឱ្យ​ច្រើន អាហ្នឹង​ក៏​ជា​កត្តា​មួយ​កាត់បន្ថយ​ភាព​ឥត​ការងារ​ធ្វើ​ដែរ»។

កាលពី​ខែសីហា ឆ្នាំ​២០២៣ រដ្ឋមន្ត្រីក្រសួង​ការងារ ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី គឺ​លោក ហេង សួរ បាន​លើកឡើង​ថា ស្ថានភាព​ទីផ្សារ​ការងារ​នៅ​កម្ពុជា មាន​ភាពរឹងមាំ​ដោយ​រក្សា​បាន​អត្រា​មានការ​ងារ​ធ្វើ​ខ្ពស់​ប្រមាណ ៩៩​ភាគរយ ហើយ​លក្ខខណ្ឌ​ការងារ និង​ជីវភាព​រស់នៅ​របស់​កម្មករ-និយោជិត មាន​ភាព​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់។

ទោះជា​យ៉ាងនេះ​ក្ដី ការ​ថ្លែង​របស់​លោក ហេង សួរ បែប​នេះ ហាក់​ផ្ទុយ​ពី​ស្ថានភាព​ជាក់ស្ដែង ដោយ​កន្លង​មក លោក​តែងតែ​ស្នើសុំ ប្រទេស​មួយ​ចំនួន​ឱ្យ​ទទួល​ពលករ​ខ្មែរ យក​ទៅ​បម្រើ​ការងារ មាន​ដូចជា អារ៉ាប៊ីសាអូឌីត (Saudi Arabia) និង​សាធារណរដ្ឋ​កូរ៉េ​(South Korea) ជាដើម ខណៈ​កម្មករ​ធ្វើការ​នៅ​ក្នុង​ស្រុក​ឯណោះ​វិញ កំពុង​ត្អូញត្អែរ​ពី​ការបាត់បង់​ការងារ​ធ្វើ ឬ​កាត់បន្ថយ​ម៉ោង​ធ្វើការ ដោយសារ​រោងចក្រ​បាន​បិទទ្វារ ចំណែកឯ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន បាន​ធ្វើ​ចំណាកស្រុក ស្ទើរ​ស្ងាត់​ភូមិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles