ពលរដ្ឋ​​នៅ​តំបន់​រុនតាឯក​ខេត្ត​សៀមរាប​ត្អូញ​គ្មាន​ជម្រក​រស់​នៅ​សមរម្យ​នៅ​រដូវ​ភ្លៀង​ធ្លាក់

ដោយ សេក បណ្ឌិត
2024.05.25
RFA

ពលរដ្ឋ​​នៅ​តំបន់​រុនតាឯក​ខេត្ត​សៀមរាប​ត្អូញ​គ្មាន​ជម្រក​រស់​នៅ​សមរម្យ​នៅ​រដូវ​ភ្លៀង​ធ្លាក់

ទិដ្ឋភាព​ផ្ទះពលរដ្ឋ​ដែលទើប​រើទៅរស់នៅ​តំបន់​រុនតាឯក ខេត្ត​សៀមរាប កាលពីពេល​កន្លង​ទៅ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


រដូវ​វស្សា​ចូល​មក​ដល់​ភ្លៀង​ធ្លាក់​អម​ដោយ​ផ្គរ​រន្ទះ ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ដែល​ផ្លាស់ទី​ពី​តំបន់​រមណីយដ្ឋាន​អង្គរ ទៅ​រស់​នៅ​តំបន់​រុនតាឯក ក្នុង​ខេត្ត​សៀមរាប​ភ័យ​ខ្លាច​គ្រោះ​ធម្មជាតិ​​ខ្យល់​កន្ទ្រាក់ បណ្តាល​ឱ្យ​លំនៅឋាន​របស់​ពួកគាត់​គ្មាន​សុវត្ថិភាព ឬ​ដួល​រលំ​ខូចខាត​ជា​បន្ត​បន្ទាប់​ជា​រៀង​រាល់​ឆ្នាំ។

បញ្ហា​ប្រឈម​ទាំងនេះ​ពលរដ្ឋ​អះអាង​ថា ដោយសារ​អាជ្ញាធរ​ឈូស​ឆាយ​បំផ្លាញ​ព្រៃឈើ​ និង​ដើម​ឈើ​ធំៗ​ក្លាយ​ជា​វាល ធ្វើ​ឱ្យ​ពួកគាត់​ជួប​គ្រោះ​ធម្មជាតិ​ផ្ទួនៗគ្នា។

អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ក្នុង​ខែ​ឧសភា​នេះ ​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក ធូរ​ទ្រូង​បន្តិច ក្រោយ​ពី​ពួកគាត់​ប្រឈម​រលក​កំដៅ​ខ្លាំង​ពិបាក​រស់​នៅ​​ជា​ច្រើន​ខែ​មក​ហើយ។ ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​ថ្មី​មួយ​ទៀត​ គឺ​គ្រោះ​ធម្មជាតិ ខ្យល់​កន្ទ្រាក់​កំពុង​គំរាម​កំហែង​ដល់​ផ្ទះ​សម្បែង តូប​លក់​ដូរ និង​ទ្រព្យ​សម្បត្តិ​របស់​អ្នកភូមិ។

ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​អះអាង​ថា ដោយសារ​តែ​ភាព​ក្រីក្រ​ពួកគាត់​មិន​ទាន់​មាន​លទ្ធភាព​សង់​ផ្ទះ​រឹងមាំ រស់​នៅ​សមរម្យ​នៅ​ឡើយ​ទេ ខណៈ​បច្ចុប្បន្ន​អ្នកភូមិ​ភាគច្រើន​សង់​ជម្រក ​ប្រក់​ស័ង្កសី ​រោង​ដោល​ និង​ផ្ទះ​តូចៗ​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ កំពុង​ប្រឈម​គ្រោះ​ធម្មជាតិ​រដូវ​វស្សា។

អាជីវករ​លក់​ដូរ​តាម​ដងផ្លូវ លោកស្រី ចេង ម៉ានីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ ឧសភា​ថា ជា​រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​ខែ​វស្សា​ផ្ទះ​សម្បែង​ពលរដ្ឋ​យ៉ាង​ហោច​ណាស់ ៥០​ខ្នង​ ខូចខាត ដោយសារ​ខ្យល់​កន្ទ្រាក់ ផ្ទះ​ខ្លះ​ប៉ើង​ដំបូល និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ជា​ដើម។ ប្រការ​នេះ​លោកស្រី​ថា ដោយសារ​អាជ្ញាធរ​ឈូស​ឆាយ​ដើម​ឈើ​ធំៗ​ដែល​ធ្លាប់​ផ្តល់​ម្លប់​ត្រជាក់​ឱ្យ​ក្លាយ​ជា​វាល​ធំ​ល្វឹងល្វើយ។

លោកស្រី​ថា ពេលនេះ​គ្រួសារ​លោកស្រី​នៅ​មិន​ទាន់​មាន​លទ្ធភាព​សង់​ផ្ទះ​រស់ សមរម្យ​នៅ​ឡើយ​ទេ ព្រោះ​ជីវភាព​ខ្វះខាត។

លោកស្រី ចេង ម៉ានីន៖ «យើង​ធ្លាប់​ទៅ​នៅ​អង្គរ នៅ​នោះ​សំបូរ​ព្រៃឈើ​ហើយ​វា​ត្រជាក់​ ដល់​ពេល​យើង​ផ្លាស់ទី​មក​រស់​នៅ​ថ្មី​រស់​នៅ​ទី​នេះ វា​អត់​មាន​ព្រៃឈើ​វា​ឡើង​កំដៅ​ខ្លាំង វា​ប៉ះពាល់​ជា​លើក​ទី​០១ ក្នុង​ជីវិត។ អ្នក​ខ្លះ​ប៉ើង​ស័ង្កសី ខ្លះ​ក៏​សាច​ចូល ទទឹក​ខោអាវ ទទឹក​សម្ភារៈ»

ភូមិ​ធម្មជាតិ​រុនតាឯក​គឺ​ជា​កន្លែង​រស់​នៅ​ថ្មី របស់​ពលរដ្ឋ​ក្នុង​តំបន់​អង្គរ ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​ដើមឆ្នាំ​២០២៤​នេះ បាន​សម្រេច​បង្កើត​តំបន់​នោះ​ជា​ទី​ក្រុង ដោយ​ដាក់​ឈ្មោះ​ថា «រុនតាឯកសែន​ជ័យ»

បច្ចុប្បន្ន​ទី​នោះ ពលរដ្ឋ​ដែល​រុះរើ​ផ្ទះសម្បែង​ចេញ​ពី​តំបន់​អង្គរ ទៅ​តាំង​ទីលំនៅ​ក្នុង​ក្រុង​រុនតាឯក យ៉ាង​ហោច​ណាស់​ ៥ពាន់​គ្រួសារ (៥០០០) ដោយ​ពួកគាត់​មាន​លទ្ធភាព​សាងសង់​ផ្ទះ​ដោយ​ខ្លួនឯង រស់​នៅ​មាន​តិចតួច​នៅ​ឡើយ ដោយ​ផ្ទះ​ភាគ​ច្រើន ប្រក់​ស័ង្កសី​ និង​ផ្ទះ​ខ្លះ​ទៀត​សង់​ជា​រោង​ដោល ចង់​ភ្ជាប់​នឹង​ខ្សែ​លួស។

រីឯ​ពលរដ្ឋ​ខ្លះ សង់ផ្ទះ​ទុកចោល​គ្មាន​មនុស្ស​រស់នៅ និង​មាន​ពលរដ្ឋ​ខ្លះទៀត ទុក​ដី​ទំនេរ​ចោល ហើយ​វិល​ត្រឡប់​មក​ធ្វើការ​ក្នុង​ក្រុង​សៀមរាប​វិញ។ ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក លោក ចាន់ ថុង បារម្ភ​ថា ថ្មីៗ​នេះ​ខ្យល់​កន្ទ្រាក់​ធ្វើ​ឱ្យ​ខូចខាត​ផ្ទះ​ ៥ខ្នង ហើយ​តូប​លក់​ដូរ​របស់​លោក ត្រូវ​ដួល​រំលំ​ដល់​ដី។ 

លោក​ថា ការ​អភិវឌ្ឍន៍​តំបន់​នេះ​ហាក់​យឺតយ៉ាវ​នៅ​ឡើយ ហើយ​ប្រព័ន្ធ​លូ​ទឹក​តំបន់​ខ្លះ​ទៀត​ មិនទាន់​សាង​សង់​រួចរាល់ ពេល​ភ្លៀង​ធ្លាក់​មក​លិច​ផ្លូវ ពិបាក​ធ្វើ​ដំណើរ។ ​

លោក​ថា ពលរដ្ឋ​ភាគច្រើន​គ្មាន​ការងារ​ធ្វើ ខ្លះ​ចំណាកស្រុក និង​ខ្លះទៀត ជួល​បន្ទប់​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប។

លោក ចាន់ ថុង៖ «ពិបាក​អត់​មាន​ស្អី​ហូប អត់​មាន​ការងារ​ធ្វើ​ ដល់​ពេល​ភ្លៀង​ស្រយ៉ាប​ផ្ទះ​សម្បែង​អត់​សូវ​មាន។ យើង​រើ​មក​វា​យ៉ាប់​វា​អត់​ដើម​ឈើ ​ជម្រក​រស់នៅ​យ៉ាប់​ដែរ​សព្វ​ថ្ងៃ»

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រុនតាឯក លោក អ៊ុច ម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ដើម​ឆ្នាំ​២០២៤ ថា ពេល​នេះ​រដ្ឋាភិបាល​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​សាលារៀន អគ្គិសនី និង​ផ្សារ​ជាដើម ក្នុង​ក្រុង​រុនតាឯក បាន​ប្រមាណ ៦០ ភាគរយ​ហើយ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ទីនោះ​ត្អូញត្អែរ​ពិបាក​នឹង​សម្រប​ខ្លួន​រស់នៅ និង​ពិបាក​រក​ប្រាក់​ចំណូល។

លោក​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ជាង ៤ រយ (៤០០)គ្រួសារ កំពុង​រស់​នៅ​អចិន្ត្រៃយ៍​ក្នុង​តំបន់​នោះ ហើយ​ខ្លះ​ទៀត​កំពុង​សង់​ផ្ទះ​ជា​បន្ត​បន្ទាប់។

លោក អ៊ុច ម៉ៅ៖«ដឹង​ស្រាប់​ហើយ​តើ មក​រស់​នៅ​អត់​ដឹង​ភូមិ​សាស្ត្រ​ គាត់​បុក​ទៅ​ខាង​អង្គរ​វិញ គាត់​ទៅ​រក​ស៊ី​រត់​ឌុប ស៊ី​ឈ្នួល​នៅ​នោះ»

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល និង អភិបាល​ខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៤ ឧសភា។
ក៏ប៉ុន្តែ លោក ឡុង កុសល ប្រាប់​ធ្លាប់​ប្រាប់​វិទ្យុអាស៊ីសេរី​ថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​តំបន់​រុនតាឯក អាច​នឹង​លំបាក​បន្តិច ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ថ្ងៃ​អនាគត ពលរដ្ឋ​នឹង​ទទួល​ផល​ច្រើន​ពី​វិស័យ​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ថ្មី។

លោក​បន្ថែម​ថា អាជ្ញាធរ​កំពុង​រៀបចំ​កិច្ច​ការងារ ជំរុញ​ជីវភាព​រស់នៅ របស់​ពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរ។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​សៀមរាប លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា កន្លង​ទៅ​តំបន់​នោះ​មាន​ដើម​ឈើ​ធំៗ ជា​រនាំង​កាត់​បន្ថយ​គ្រោះ​ធម្មជាតិ​ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ព្រៃឈើ​ឈូស​ឆាយ​បំផ្លាញ​អស់ ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​គ្រោះ​ធម្មជាតិ​ផ្ទួនៗគ្នា។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​វាយ​តម្លៃ​ពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​សម្រាល​ជីវភាព​រស់​នៅ​របស់​ពួកគាត់​ឱ្យ​ទាន់​ពេល​វេលា៖

លោក អ៊ុន គង់ជិត៖ «តំបន់​ហ្នឹង​ធ្លាប់​មាន​ដើម​ឈើ​ធំៗ អាច​ជា​របាំង​ខ្យល់​ តែ​ដល់​ពេល​ឥលូវ​ស្រឡះ​អស់​ពួកគាត់​រង​គ្រោះ​ធម្មជាតិ គ្រោះ​ធម្មជាតិ។ ជួយ​លើក​តម្កើង​ប្រាក់​ចំណូល​ពួកគាត់ កៀរគរ​ឧកញ៉ា និង​ក្រុមហ៊ុន​ផ្សេងៗ មក​បង្កើត​ឱកាស​ការងារ​ ក្នុង​តំបន់​រុនតាឯក ដើម្បី​ឱ្យ​ពលរដ្ឋ​ប្រកប​ការងារ ដោយ​មិន​បាច់​ចាំ​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៀមរាប​ទេ»

រដ្ឋាភិបាល​បាន​ឈូស​ឆាយ កសាង​ហេដ្ឋារចនាសម្ព័ន្ធ លើ​ផ្ទៃ​ដី​ជាង ១ពាន់ ១រយ​ហិកតារ (១.១១២) ដើម្បី​អភិវឌ្ឍន៍​តំបន់​រុនតាឯក ជា​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ទៅ​នៅ​តំបន់​នោះ។

កាល​ពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ដោយ​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​ឈ្មោះ​អង្គការ UNESCO និង​លេស​ពាក្យ​ថា អភិរក្ស​ជា «អាវុធ» ដើម្បី​បណ្ដេញ​ពលរដ្ឋ​ដោយ​បង្ខំ​ចេញ​តំបន់​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

អង្គការ យូណេស្កូ UNESCO ក៏​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​គោរព​សិទ្ធិ​ពលរដ្ឋ​នៅ​តំបន់​អង្គរ។

របាយការណ៍​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ចេញ​ផ្សាយ កាល​ពី​ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ ១ម៉ឺន​គ្រួសារ (១០.០០០) ដែល​រស់​នៅ​ក្នុង​តំបន់​អង្គរ ត្រូវ​បណ្ដេញ​ចេញ​ដោយ​បង្ខំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles