ចិនប្តេជ្ញាជួយកម្ពុជាលើគ្រប់វិស័យ និងបង្កើនកិច្ចសហការពង្រឹងសន្តិសុខក្នុងតំបន់

កម្ពុជា
កម្ពុជា-ការបរទេស
25/05/2024 – 10:39
ដោយ៖ សាំ ឧត្តម
RFI

ប្រមុខការទូតចិនលោក វ៉ាង យី រំពឹងថា ចិននឹងអាចបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែខ្លាំងដើម្បីពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់។ ការអះអាងរបស់ លោក វ៉ាង យី ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក សុខចិន្តាសោភា នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៤ ខែឧសភា។  ទន្ទឹមនឹងការពង្រឹងសន្តិភាពក្នុងតំបន់ ចិនក៏បេ្តជ្ញាប្រឆាំងសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរពីកម្លាំងខាងក្រៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ចិនក្លាយជាទំនាក់ទំនងត្បូងពេជ្រ។  ​

ចិនប្តេជ្ញាជួយកម្ពុជាលើគ្រប់វិស័យ និងបង្កើនកិច្ចសហការពង្រឹងសន្តិសុខក្នុងតំបន់


​យោងតាមភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន​បានអះអាងថា ចិនត្រៀមខ្លួនរួចរាល់ដើម្បីជួយកម្ពុជាលើគ្រប់វិស័យមិនថា វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍសង្គម ពិសេសជួយលើកកម្ពស់តួនាទីកម្ពុជាឱ្យកាន់តែសំខាន់ក្នុងទំនាក់ទំនងតំបន់ និងអន្តរជាតិ។ 

ចិនក៏ប្តេជ្ញាកៀរគរអ្នកវិនិយោគរបស់ខ្លួនឱ្យមកបន្តបោះទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ហើយចិនក៏នឹងពង្រើកទីផ្សារនាំចូលផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនឱ្យទូលំទូលាយជាងមុនដែរ ខណៈចិននឹងជំរុញការកសាងច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងត្រី និងសូ្រវផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាសន្តិសុខក្នុងតំបន់ ចិនសង្ឃឹមថា កម្ពុជានឹងចូលរួមចំណែកជាមួយចិនក្នុងកិច្ចការពារសន្តិសុខ និងសន្តិភាពក្នុងតំបន់ តាមរយៈការប្រឆាំងសកម្មភាពជ្រៀតជ្រែតពីខាងក្រៅដែលអាចប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ និងបណ្តាប្រទសផ្សេងៗទៀតក្នុងតំបន់។

តាមភ្នាក់ងារសារព័ត៌មានចិនដដែល សមភាគីកម្ពុជាបានគាំទ្រទៅនឹងអ្វីដែលភាគីចិនបានលើកឡើង ហើយកម្ពុជាបានបញ្ជាក់ជំហររបស់ខ្លួននៅចំពោះប្រមុខការទូតចិនថា កម្ពុជានៅតែទទួលស្គាល់គោលនយោបាយចិនតែមួយ និងបដិសេធមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់ឡើយ។  

លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា
លោកវ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា AP

សូមជម្រាបថា សព្វថ្ងៃនេះ ចិនបានក្លាយជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជាមិនថាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬនយោបាយនោះទេ។ គម្រោងអភិវឌ្ឍន៍ធំៗជាច្រើននៅកម្ពុជា សុទ្ធសឹងតែជាការវិនិយោគរបស់ក្រុមហ៊ុនចិនរាប់ចាប់តាំងពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះអន្តរជាតិ និងកំពង់ផែអន្តរជាតិ។ល។

នៅក្នុងឆ្នាំ២០២៣ ចិនបានបោះទុនវិនិយោគមកកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណជា៣ ២០០លានដុល្លារអាមេរិក។ ទុនភាគច្រើន ចិន​វិនិយោគលើវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ ចំណែកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២៣សម្រេចបាន១២.២៦ពាន់លានដុល្លារកើនឡើង៥%។ នៅក្នុងនោះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារចិនមានទំហំទឹកប្រាក់ជាង១.៤ពាន់លានដុល្លារកើន១៩.២% ខណៈទំនិញនាំចូលពីចិនមានទំហំទឹកប្រាក់ជាង១០ពាន់លានដុល្លារកើន៣.៣%៕ 

What Next?

Recent Articles