មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ

ដោយ យ៉ង ចាន់តារា
2024.05.29
RFA

មន្ត្រី​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​រដ្ឋាភិបាល​ត្រូវ​លុបបំបាត់​អំពើពុករលួយ

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក ម៉ក់ ជីតូ (កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​បង្ហាញ​គ្រឿងញៀន នា​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ នៅ​ក​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA File


មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការព្រមាន​ចាត់វិធានការ​លើ​មន្ត្រី​ពន្ធនាគារ កងកម្លាំង នគរបាល​ជាតិ និង​មន្ត្រីរាជការ​ដែល​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ​មិន​អាច​ទប់ស្កាត់​ការចែក​ចាយ និង​ការផលិត​គ្រឿងញៀន​នៅក្នុង​ប្រទេស​បានទេ​ប្រសិនបើ​រដ្ឋាភិបាល​មិន​លុបបំបាត់​អំពើពុករលួយ​។ ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់វិធានការ​សាជាថ្មី​លើ​ប្រធាន​ពន្ធនាគារ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សង្កេតឃើញ​ថា កន្លងទៅ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ជាច្រើនលើក​រួច​មក​ហើយ ប៉ុន្តែ​បញ្ហា​គ្រឿងញៀន​នៅតែ​បន្ត​កើតមានឡើង​ច្រើន ដោយសារ​រដ្ឋាភិបាល​ហាក់​ខ្វះ​ឆន្ទៈ​ទប់ស្កាត់។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ថា ដោយសារ​ការអនុវត្ត​ច្បាប់​ធូររលុង និង​មានការ​យោគយល់​ដល់​ក្រុម​ឈ្មួញ​ទុច្ចរិត ទើប​ធ្វើ​ឱ្យ​មេខ្លោង​រត់ពន្ធ​គ្រឿងញៀន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​។ លោក​បន្ត​ថា បញ្ហា​អំពើពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​ស្ថាប័នរដ្ឋ​គឺជា ឫសគល់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ។

លោក សេក សុជាតិ៖ «រដ្ឋាភិបាល​គឺ​ត្រូវ​តាំងចិត្ត ហើយ​ប្ដេជ្ញា​អនុវត្ត​ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​ប្រសិនបើ​នៅតែ​ធ្វើការ​សម្រេចចិត្ត ដោយ​ការយោគយល់​ដោយសារ​ពួកគាត់​ជា​សមាជិក​គណបក្ស ឬក៏​អ្នកបម្រើ​នៅក្នុង​ផ្នែក​ណាមួយ​នៃ​គណបក្ស ឬក៏​ដើម្បី​ការពារ​នៅ​ផលប្រយោជន៍​ណាមួយ គឺជា​រឿង​មួយ​ដែល​ពិបាក​នៅក្នុង​ការ​ដោះស្រាយ ហើយ​លទ្ធផល​យើង​មើលឃើញ​ក្នុង​ការ​អនុវត្ត​ដោយមាន​ភាព​ឆក​ល្វែង»។

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ គឺ​បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍ និង​ផ្ដល់​អនុសាសន៍ លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៧​ខែ​ឧសភា ថា មន្ត្រី ឬ​ជន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន នឹង​មាន​វាសនា​មិន​ខុសពី​ផ្សែង​ដែល​ចេញ​ពី​ក្រដាស​ខ្ចប់​ភ្លើង​នោះ​ទេ ពោល​គឺ​ត្រូវ​ដុត​កម្ទេច​ចោល​។ លោក ស សុខា ព្រមាន​ចាត់វិធានការ​តាមច្បាប់​លើ​ប្រធាន​ពន្ធនាគារ និង​មណ្ឌល​អប់រំ​កែប្រែ​ដែល​សមត្ថកិច្ច​រក​ឃើញ​ថា មាន​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​អ្នក​ជាប់ឃុំ​ណាមួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា។

ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចាត់វិធានការ​លើ​មន្ត្រី​រដ្ឋាភិបាល​តែ​ម្យ៉ាង​មិនអាច​ទប់ស្កាត់​លំហូរ​នៃ​ការ​នាំ​គ្រឿងញៀន​របស់​ក្រុម​ឧក្រិដ្ឋជន​បានទេ​។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវតែ​បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ទើប​អាច​បង្ក្រាប​ការ​ជួញដូរ និង​ការផលិត​គ្រឿងញៀន​មាន​ប្រសិទ្ធភាព។

លោក នី សុខា៖ «តែ​យើង​ថា ចង់​ឱ្យ​មាន​ការ​ពង្រឹង ការ​បង្កើន និង​ត្រួតពិនិត្យ​ទៅលើ​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ជួញដូរ​ធំដុំ បើ​អ្នក​ដែល​ជួញដូរ​ធំដុំ​។ ការពិនិត្យ​មាន​វិធានការ​ទៅលើ​អ្នក​ដែល​ជួញដូរ​គឺថា​កុំឱ្យ​មានការ​លើកលែង កុំឱ្យ​មានការ​បន្ធូរបន្ថយ​ពីព្រោះ​យើង​កន្លង​មក​នេះ​មាន​អ្នកមាន​មួយចំនួន​បាន​ប្រព្រឹត្ត នូវ​ការ​ជួញដូរ​គ្រឿងញៀន​ដែល​មាន​បុណ្យស័ក្ដិ អ្នក​ដែល​មាន​តួនាទី​អ្នកខ្លះ​មានតែ​ឧកញ៉ា​គឺថា​ជាប់ពន្ធនាគារ​មិនបាន​គឺថា​ត្រូវ​រួចខ្លួន​ទៅវិញ​អ៊ីចឹង​ទៅ»។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស សុខា ប្ដេជ្ញាចិត្ត​បង្ក្រាប និង​បោសសម្អាត​បញ្ហា​គ្រឿងញៀន​តាម​បទបញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ដើម្បី​បញ្ចៀស​មិន​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គោលដៅ នៃ​ការប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន។

ប៉ុន្តែ​អ្នកឃ្លាំមើល​បញ្ហា​សង្គម​មួយចំនួន​មើលឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន ដោយសារតែ​ការប្រើប្រាស់ និង​សកម្មភាព​ជួញដូរ​គ្រឿងញៀន​តូច​ធំ​នៅតែ​បន្ត​កើតមាន​ឡើង​ព្រោងព្រាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles