កសិករ​មួយ​ចំនួន​នៅតែ​មាន​ជីវភាព​លំបាក និង​ជាប់​បំណុល ទោះ​ធ្វើ​កសិកម្ម​អស់​ជាច្រើន​ឆ្នាំ

ដោយ ហ៊ុំ ចំរើន
2024.05.29
RFA

កសិករ​មួយ​ចំនួន​នៅតែ​មាន​ជីវភាព​លំបាក និង​ជាប់​បំណុល ទោះ​ធ្វើ​កសិកម្ម​អស់​ជាច្រើន​ឆ្នាំ

ទិដ្ឋភាព​កសិករ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ច្រូត​ស្រូវ​ដោយ​ប្រើ​ម៉ាស៊ីន កាល​ពីឆ្នាំ​២០១៤។ RFA File


កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​អះអាង​ថា រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការ​ប្រកប​របរ​កសិកម្ម មិន​បាន​ធ្វើ​ឱ្យ​ជីវភាព​ពួកគាត់​ល្អ​ប្រសើរ​នោះ​ឡើយ ដោយសារតែ​តម្លៃ​កសិផល និង​ទីផ្សារ​គ្មាន​ស្ថិរភាព​។ ពួកគាត់​ថា ដោយសារតែ​បញ្ហា​ទាំងនេះ​ហើយ ទើប​ធ្វើ​ឱ្យ​ពួកគាត់​ពេលខ្លះ ជាប់បំណុល​នាយទុន និង​ធនាគារ ហើយ​ប្រមូល​ផល​ពី​មួយ​រដូវ ទៅ​មួយ​រដូវ នៅតែ​សល់​តែ​ដៃទទេ​ប៉ុណ្ណោះ។

កម្ពុជា​ជា​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង លើ​វិស័យ​កសិកម្ម និង​មាន​ពលរដ្ឋ​ប្រមាណ ២​ភាគ​៣ ជា​កសិករ ហើយ​វិស័យ​មួយ​នេះ បាន​រួម​ចំណែក​ក្នុង​រង្វង់ ២២​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ ក៏ប៉ុន្តែ បើ​ក្រឡេក​មក​មើល​ពី​ស្ថានភាព​របស់​កសិករ​វិញ ពួកគាត់​មួយចំនួន ហាក់​គ្មាន​មោទនភាព ជាមួយ​មុខរបរ​នេះ​នោះ​ទេ ដោយ​ពួកគាត់ លើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​ម្នាក់ៗ​ធ្វើ​កសិកម្ម​រាប់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពួកគាត់​នៅតែ​ខ្វះខាត​ដដែល។

កសិករ​នៅ ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប លោក សុង សាន ប្រាប់​ថា លោក​ប្រកប​របរ​កសិកម្ម ធ្វើ​ស្រែ និង​ដាំ​បន្លែ អស់​រយៈពេល​ជាង ៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​របរ​មួយ​នេះ មិន​អាច​ធ្វើ​ឱ្យ​លោក​មាន​ជីវភាព​ធូរធារ​បានទេ ដោយ​បាន​ត្រឹមតែ​បាន​មួយ​រស់​ប៉ុណ្ណោះ​។ កសិករ​វ័យ​ចំណាស់​រូប​នេះ លើកឡើង​ថា នៅក្នុង​វិស័យ​កសិកម្ម អ្នក​ដែល​ទទួល​បាន​ផល​ចំណេញ គឺ​ឈ្មួញកណ្ដាល ហើយ​ដោយសារតែ​បញ្ហា​នេះ​ហើយ ទើប​ម្ដងម្កាល ធ្វើ​ឱ្យ​លោក នឿយណាយ​នឹង​ការ​ធ្វើ​កសិកម្ម និង​ចង់​បោះបង់​របរ​នេះ​ថែម​ទៀត​ផង។

លោក សុង សាន៖ «ពិបាក​បំផុត​គឺ​ការ​ដាំដុះ​បន្លែ​ផ្សេងៗ​បាន​(​ផល​)​មក យើង​ពិបាក​រឿង​ទីផ្សារ​។ ប្រសិនបើ​យើង​ធ្វើ​បាន​ច្រើន​ជាន់គ្នា គេ​ទម្លាក់​តម្លៃ​។ បើ​សិនជា​យើង​ធ្វើ​បាន​តិច ឬ​មួយ​វគ្គ​ដែល​(​បាន​ផល​)​តិចៗ គឺ​មាន​តម្លៃ​ខ្ពស់»។

ចំណែក កសិករ​នៅ​ភូមិ​ព្រែក​ត្រប់ ស្ថិត​ក្នុង​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោក ណាត់ អឿន រៀបរាប់​ថា គ្រួសារ​លោក​ប្រកប​របរ​កសិកម្ម ជាច្រើន​ជំនាន់​មក​ហើយ​។ លោក​ប្រាប់​ថា មុខរបរ​កសិកម្ម អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​លោក​មិន​ឱ្យ​ដាច់​បាយ​ពិតមែន ក៏ប៉ុន្តែ​របរ​នេះ មិនអាច​អាច​ជួយ​ឱ្យ​គ្រួសារ​លោក​មាន​ភាព​ល្អ​ប្រសើរ និង​ផ្គត់ផ្គង់​ឱ្យ​កូន​របស់​លោក អាច​រៀន​បាន​ខ្ពង់ខ្ពស់​ឡើយ ព្រោះ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​កសិផល ត្រូវ​កាត់កង​ជាមួយ​ថ្លៃដើម និង​មួយ​ផ្នែក​ទៀត ត្រូវ​បង្វែរ​សង​ថ្លៃ​ជី និង​ថ្លៃ​ថ្នាំ​ជាដើម ដែល​ពេលខ្លះ សង​គេ​មិន​គ្រប់​ផង​ក៏​មាន​។ លោក​រៀបរាប់​បន្ត​ថា មុខ​របរ​ជា​កសិករ មិនមែន​សុទ្ធតែ​អាច​ប្រមូល​ផល​បាន​ចំណេញ​ជា​រៀងរាល់​ឆ្នាំ​នោះ​ទេ ដោយ​ឆ្នាំ​ខ្លះ​ក៏​ចំណេញ ឆ្នាំ​ខ្លះ​ក៏​ខាត​ទៅវិញ ដែល​ដំណើរ​មួយ​នេះ ប្រៀប​ដូច​ទៅ​នឹង​កង់រទេះ​ដូច្នេះ​ដែរ។

លោក ណាត់ អឿន៖ «តាំង​ពី​ក្មេង ខ្ញុំ​មិនដែល​ចូលចិត្ត​អ្នកស្រែ​ចម្ការ​ទេ ខ្ញុំ​អត់​ចូលចិត្ត​។ ពិតមែន​ថា លោក​ពុក​របស់ខ្ញុំ​គាត់​អ្នកស្រែ​ចម្ការ​មែន តែ​ខ្ញុំ​អត់​ចូលចិត្ត ព្រោះ​ខ្ញុំ​ឃើញ​គាត់​នឿយ ហើយ​មិនសូវ​មានបាន​លូតលាស់​ទៅណា​ទេ​។ អ៊ីចឹង​សព្វថ្ងៃ​ដែល​ខ្ញុំ​ធ្វើស្រែ​ចម្ការ​នេះ ដោយសារតែ​ខ្ញុំ​អត់​ជម្រើស ជ្រើសរើស​ការងារ​អី​ផ្សេង​អត់​បាន​។ សព្វថ្ងៃ​គិតថា បើ​ខ្លួន​ចាស់​ជាង​នេះ​ទៀត​មិន​ដឹង​ថា មានមុខ​របរ​អ្វី​ទេ»។

ទន្ទឹម​នឹង​ភាព​នឿយហត់ ក្នុង​ពេល​ធ្វើ​ស្រែ​ចម្ការ កសិករ​ភាគច្រើន​បាន​បាក់​ទឹកចិត្ត​នៅ​ពេល​ដែល​ប្រមូល​ផលដំណាំ​មក​គ្មាន​ទីផ្សារ ឬ​មិនអាច​ប្រកួតប្រជែង​តម្លៃ​ជាមួយ​បន្លែ​ផ្លែឈើ​ដែល​នាំចូល​ពី​ក្រៅប្រទេស​។ ដោយឡែក ឈ្មួញ​ខ្លះ​បាន​ទម្លាក់​តម្លៃ​ស្ទើរ​ដល់​បាត ឬ​ទទួល​ទិញ​តែ​ពុំ​ព្រម​ប្រគល់​លុយ​ឱ្យ​ទាន់​ពេលវេលា ជាហេតុ​នាំ​ឱ្យ​កសិករ​ទៅ​ខ្ចីបុល​ធនាគារ ឬ​ចងការ​ប្រាក់​ដើម្បី​បង្វិល​ឱ្យ​ថ្លៃ​ជី​ថ្នាំ​កសិកម្ម និង​កម្លាំង​ពលកម្ម​ជាដើម។

កសិករ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង លោក ប៉ុន របាំង ឱ្យ​ដឹង​ថា ជាង ១០​ឆ្នាំ​នៃ​ការ​ដាំ​បន្លែ​លក់ លោក​ជំពាក់​បំណុល​ធនាគារ​ជុំ​ទិស​។ លោក​បន្ត​ថា ឈ្មួញ​ខ្លះ​បាន​ឆ្លៀត​ឱកាស​ពេល​ទំនិញ​គ្មាន​ទីផ្សារ ដោយ​ទទួល​ទិញ​ផលដំណាំ​តែ​ពុំ​ប្រគល់​ប្រាក់ ឬ​បង្កក​ប្រាក់​នោះ​ទុក​រាប់​ខែ​ទើប​ឱ្យ​ម្ដង​។ លោក​បន្ថែម​ថា វប្បធម៌​អាក្រក់​របស់​ឈ្មួញ ភាព​ធូររលុង​នៃ​ការគ្រប់គ្រង​លំហូរ​ទំនិញ​កសិកម្ម​ពី​ក្រៅប្រទេស និង​កង្វះ​ការ​យក​ចិត្តទុក​ដាក់​ពី​រដ្ឋាភិបាល គឺជា​មូល​ហេតុ​ដែល​រុញ​កសិករ​ឱ្យ​ដើរទៅ​មាត់ជ្រោះ​នៃ​បំណុល​វ័ណ្ឌក មិន​អាច​ប្រកួតប្រជែង​ជាមួយ​កសិកម្ម​ប្រទេស​ជិតខាង​បាន។

លោក ប៉ុន របាំង៖ «លក្ខខណ្ឌ​កសិករ​ខ្មែរ មិនអាច​ធ្វើ​ទៅ​រួច​ដូច​ស្រុក​គេ​ទេ ដោយសារ​តែ​ទីផ្សារ​តូច ហើយនឹង​អា​ធានារ៉ាប់រង​ហានិភ័យ​ពេល​ជួប​បញ្ហា​អី​មួយ អ៊ីចឹង​ទៅ​មានតែ​កសិករ​សុទ្ធ​ដែល​រ៉ាប់រង​ហានិភ័យ​ទាំងអស់​នោះ អត់​ដូច​នៅ​ស្រុក​គេ»។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៣ បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា មាន​ប្រមាណ​ជាង ១៧​លាន​នាក់ ឬ​ស្មើនឹង​ជិត​៤ (៣,៩) លាន​គ្រួសារ​ក្នុង​ឆ្នាំ​២០២៣ ក្នុង​នោះ​ជិត​៣ (២,៧) លាន​គ្រួសារ​គឺជា​កសិករ។

ចំណែក ព្រឹត្តិបត្រ​ព័ត៌មាន​ទីផ្សារ​ការងារ ចេញ​ផ្សាយ​ដោយ​ក្រសួង​ការងារ កាលពី​ថ្ងៃទី​៩ ខែ​កុម្ភៈ ព្យាករ​ថា កំណើន​ការងារ​នៅក្នុង​រយៈពេល ២​ឆ្នាំ​ខាងមុខ ក្នុង​វិស័យ​កសិកម្ម នឹង​ថយ​ចុះ​ដល់​ទៅ​ជិត ១០​ម៉ឺន​នាក់ (៩​ម៉ឺន ៨​ពាន់) ក្នុង​មួយឆ្នាំ​។ ព្រឹត្តិបត្រ​របស់​ក្រសួង​ការងារ អះអាង​ថា ការ​ធ្លាក់ចុះ​ការងារ​ក្នុង​វិស័យ​កសិកម្ម​នេះ ឆ្លុះ​បញ្ចាំង​ពី​ជម្រើស​មុខរបរ​ការងារ​កាន់តែ​ល្អ​ប្រសើរ​របស់​ពលរដ្ឋ ដោយ​ប្ដូរ​ពី​ការងារ​ក្នុង​វិស័យ​កសិកម្ម ដែល​មាន​ចំណូល​ទាប​ទៅ​ចាប់​ការងារ​ថ្មី​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម​ដែល​មាន​ចំណូល​ខ្ពស់។

ប៉ុន្តែ ការ​លើកឡើង​របស់​ក្រសួង​ការងារ ហាក់​ដើរ​បញ្ច្រាស​គ្នា​នឹង​ទិដ្ឋភាព​ជាក់ស្ដែង ខណៈ​កសិករ​មួយចំនួន ដែល​បោះបង់​ផ្ទៃដី​ស្រែចម្ការ បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ យក​លុយ​ដោះបំណុល ដោយ​ពួកគាត់ មិនមែន​បម្រើ​ការងារ​នៅក្នុង​ស្រុក​ទាំងអស់​នោះ​ឡើយ។

ជាមួយ​គ្នា​នេះ ករណី​តម្លៃ​កសិផល​ធ្លាក់ចុះ​ដូចជា​ផល​ស្វាយ គ្រាប់ស្វាយចន្ទី ស្ពៃក្ដោប ត្រសក់ ឪឡឹក ល្ពៅ បាន​បង្ខំ​ឱ្យ​កសិករ​ខ្លះ​ភ្ជួរ និង​កាប់​ដំណាំ​ទាំងនោះ​ចោល ដោយសារ​ឈឺចិត្ត ហើយ​ផ្ដាំ​កូនចៅ​កុំ​ឱ្យធ្វើ​កសិកម្ម​តទៅទៀត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា។

ទាក់ទិន​រឿង​នេះ ទីប្រឹក្សាបច្ចេកទេស​អង្គការ​សាមគ្គីភាព​កសិករ លោក ឌី គន្ធា លើកឡើង​ថា វិស័យ​កសិកម្ម​អាច​រីកចម្រើន​ទៅ​បាន គឺ​ពឹង​ផ្អែកលើ​ការចូលរួម​ពី​ក្រសួង​ជំនាញ និង​គោលនយោបាយ​ច្បាស់លាស់​របស់​រដ្ឋាភិបាល ទាក់ទង​នឹង​បច្ចេកទេស ជម្រើស​ពូជ ប្រព័ន្ធ​ធារាសាស្ត្រ ការ​ដឹកជញ្ជូន និង​ស្ថិរភាព​ទីផ្សារ ជាពិសេស​ការទប់ស្កាត់​លំហូរ​កសិផល​ពី​ក្រៅប្រទេស​។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​កែ​លម្អ​លើ​ចំណុច​ស្នូល​ទាំងនេះ​ទេ កសិករ​នឹង​នៅតែ​រងគ្រោះ ហើយ​អស់ជំនឿ​លើ​រដ្ឋាភិបាល​ជា​ពុំខាន។

លោក ឌី គន្ធា៖ «ចង់​មិន​ចង់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល​ថា តើ​គោលនយោបាយ​ទាំង​នោះ​បាន​ធានា​ឱ្យ​មាន​តុល្យភាព​ជញ្ជីង​ពាណិជ្ជកម្ម​ផ្នែក​សេដ្ឋកិច្ច​វិស័យ​កសិកម្ម​ហើយ​ឬ​នៅ បាន​ធានា​ឱ្យ​ផ្ទៃដី​កសិកម្ម​កម្ពុជា​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​លើ​ផ្ទៃដី​របស់​ខ្លួន ជាជាង​ការ​ទុក​ផ្ទៃដី​កសិកម្ម​រាប់​ម៉ឺន រាប់​សែន​ហិកតារ​ទុក​ទំនេរ​ចោល​គ្មាន​ផលិតកម្ម​កសិកម្ម​ពី​មួយ​រដូវ​ទៅ​មួយ​រដូវ»។

យ៉ាងណា បញ្ហា​ក្នុង​វិស័យ​កសិកម្ម​ទាក់ទិន​នឹង​ផលិតភាព​របស់​កសិករ និង​តម្លៃ​ទិន្នផល បាន​អូសបន្លាយ​ស្ទើរតែ​ក្លាយជា​ជំងឺ​រ៉ាំរ៉ៃ ចាប់តាំងពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន មក​ម្ល៉េះ​។ បើ​ទោះបី​ជា​មាន​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ផែនការ និង​ទទួល​បាន​ហិរញ្ញប្បទាន​បៃតង លើកកម្ពស់​វិស័យ​កសិកម្ម ជា​បន្តបន្ទាប់​យ៉ាងណាក្ដី តែ​រដ្ឋាភិបាល​នៅតែ​បរាជ័យ​ក្នុង​ការ​ស្ដារ​វិស័យ​កសិកម្ម ដែល​ស្ដែង​ចេញ​ឱ្យ​ឃើញ​តាមរយៈ​ទឹកភ្នែក​កសិករ នៅពេល​ប្រមូល​ផលដំណាំ​ម្ដងៗ។ប្រជាកសិករ និង​អ្នកជំនាញ​កសិកម្ម ស្នើ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ និង​សកម្មភាព​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​ចៀសវាង​ភាព​ឥត​ការងារ​ធ្វើ ដែល​បង្ខំ​ឱ្យ​ពួកគាត់​ទុក​ដីស្រែ​ចម្ការ​ចោល ហើយ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ​ខាតបង់​ទាំង​កម្លាំង​ធនធាន​មនុស្ស​កសាង​ប្រទេសជាតិ និង​ភាព​ចុះ​ខ្សោយ​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles