គ្រួសារ និង​សហជីព ថា ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រើសអើង​សហជីព

ដោយ សុជីវី
2024.05.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារ និង​សហជីព ថា ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រើសអើង​សហជីព

(រូបខាង​មុខ) អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា និងខាង​ក្រោយ គ្រួសារ និង​អ្នក​គាំទ្រ​លោក ជា ចាន់ នាំ​គ្នា​លើក​បដា​​នៅ​ខាង​មុខ​តុលាការខេត្តកំពង់ស្ពឺ ទាមទារ​តុលាការ​ឱ្យ​ដោះលែង​លោក ជា ចាន់ នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក CATU សហព័ន្ធសហជីពកម្ពុជា


សាលាដំបូង​ខេត្តកំពង់ស្ពឺ បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​ប្រធាន​សហជីព​កម្ពុជា ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ (Wing Star Shoes) លោក ជា ចាន់។ មន្ត្រី​សហជីព ចាត់​ទុក​ការ​ចោទ​ប្រកាន់​លើ​ប្រធាន​សហជីព​មូលដ្ឋាន​រូប​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​ទទូច​ដល់​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។

សាលាដំបូង​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី២៩ ខែឧសភា បើក​សវនាការ​ជំនុំជម្រះ​ក្ដី​លើ​សំណុំរឿង​ប្រធាន​សហជីព​កម្ពុជា ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ (Wing Star Shoes) លោក ជា ចាន់ ពី​បទ​សម​គំនិត​ក្នុង​ការ​លួច​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ កាល​ពី​ឆ្នាំ២០២២។

សវនាការ​ជំនុំជម្រះ​នេះ ធ្វើ​ឡើង​ជា​លើក​ទី២ ហើយ ក្រោយ​ពី​តុលាការ​ខេត្តកំពង់ស្ពឺ​បាន​លើក​ពេល​សវនាការ​ជំនុំជម្រះ​លើក​ទី១ កាល​ពី​ថ្ងៃ​ទី២៩ ខែមេសា​កន្លង​ទៅ ដោយសារ​សាក្សី​ដើម​ចោទ​អវត្តមាន​ក្នុង​សវនាការ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដែល​បាន​ចូល​ស្ដាប់​សវនាការ​ឲ្យ​ដឹង​ថា សាក្សី​ដើម​បណ្ដឹង បាន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​ថា គាត់​មិន​បាន​ដឹង​ពី​ថ្ងៃ ដែល​បទ​ល្មើស​កើត​ឡើង​នោះ​ទេ ថែមទាំង​បាន​ផ្លាស់ប្ដូរ​ពាក្យ​សម្ដី​មួយ​ចំនួន ក្នុង​ដំណាក់​កាល​ឆ្លើយ​បំភ្លឺ នៅ​មុខ​នគរបាល​យុត្តិធម៌។

អ្នកស្រី យ៉ាង សុភ័ណ្ឌ៖ «កន្លង​មក​ពេល ដែល​មេធាវី​យើង​ព្យាយាម​ក្នុង​ការ​សួរ​បញ្ជាក់​ទៅ​ថា តើ​លោក ឱ សំអុល លោក​មាន​ដឹង​ថា តើ​រឿង​ហ្នឹង​កើត​ឡើង​តាំង​ពី​ពេល​ណា ឬ​អត់? ខែណា ថ្ងៃណា ឬ​ឆ្នាំ​ណា? គាត់​បាន​ឆ្លើយ​ថា អត់​ដឹង​ថា រឿង​ហ្នឹង​បាន​កើត​ឡើង​រហូត​ដល់​មាន​ការ​ចាប់​លោក ជា ចាន់ ដាក់​ពន្ធនាគារ​មក​ដល់​រាល់​ថ្ងៃ​នេះ​ជាង ៣ខែ​ហ្នឹង គឺ​គាត់​អត់​បាន​ដឹង​ថា រឿង​ហ្នឹង​កើត​ឡើង​តាំង​ពី​ថ្ងៃណា ខែណា ឆ្នាំ​ណា​ទេ ហើយ​បន្ទាប់​មក​ជន​ល្មើស​ហ្នឹង គឺ​អត់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​បន្ទាប់​មក​គាត់​គ្រាន់​តែ​ប្រាប់ គ្រាន់តែ​បាន​ឃើញ​ថា លោក ដួង សំណាង បាន​វះ​យក​ម៉ូទ័រ អា​ហ្នឹង​ជា​ការ​លើក​ឡើង​របស់​គាត់។ អ៊ីចឹង​ត្រឡប់​មក​វិញ ឧទាហរណ៍​បើ​សិន​ជា​ចាប់​លោក ជា ចាន់ ដែល​ជា​ថ្នាក់​ដឹកនាំ​សហជីព​កម្ពុជា ដោយ​គ្រាន់​តែ​លោក ឱ សំអុល ដែល​ជា​សាក្សី​នៅ​ក្នុង​ការ​ឆ្លើយ​ដាក់​អីចឹង យើង​គិត​មើល​ថា តើ​រឿង​នេះ វា​យុត្តិធម៌​សម្រាប់​គាត់​ទេ

ប្រពន្ធ​លោក ជា ចាន់ គឺ​លោកស្រី ឆែ ចាន់រ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៩ ខែឧសភា​ថា ប្ដី​លោកស្រី បាន​ឆ្លើយ​នៅ​ក្នុង​សវនាការ​ថា គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​គាត់​បាន​ស្នើ​ដល់​តុលាការ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោកស្រី ឆែ ចាន់រ៉ា៖ «សម្រាប់​ខ្ញុំ​ផ្ទាល់​ជា​ប្រពន្ធ​គឺ ខ្ញុំ​អត់​យល់​ស្រប​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ អ៊ីចឹង​ខ្ញុំ​ចង់​ស្នើសុំ​ឲ្យ​តុលាការ លោក​ច្រាន​ចោល​ទៅ ឲ្យ​គាត់​បាន​មក​ផ្ទះ​វិញ ព្រោះ​អី​គាត់​អត់​បាន​ប្រព្រឹត្តិ​រឿង​ហ្នឹង​ទេ គាត់​សារភាព​ខ្លួន​គាត់​ថា គាត់​អត់​បាន​ប្រព្រឹត្តិ​ទេ»

ដោយឡែក​នៅ​ខាង​មុខ​សាលាដំបូង​ខេត្តកំពង់ស្ពឺ មាន​ក្រុម​សមាជិក​សហជីព​កម្ពុជា​ប្រមាណ ៣០នាក់ បាន​មក​ឃ្លាំមើល​សវនាការ​ជំនុំជម្រះ​ក្ដី និង​បាន​លើក​បដា ស្នើ​ដល់​តុលាការ​ឲ្យ​ដោះ​លែង លោក ជា ចាន់ ដោយ​ឥត​លក្ខខណ្ឌ។

តុលាការ​បាន​កំណត់​យក​ថ្ងៃ​ទី២០ ខែមិថុនា​ខាង​មុខ​នេះ ដើម្បី​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រធាន​សហជីព​កម្ពុជា​ប្រចាំ​រោងចក្រ វីង ស្ដារ ស៊ូ។

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក ទិន សុចិត្រា ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ ខែឧសភា។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​ឃាត់​ខ្លួន​លោក ជា ចាន់ នៅ​ក្នុង​ក្រុមហ៊ុន វីង ស្តារ ស៊ូ ដែល​ជា​រោងចក្រ​ផលិត​ស្បែកជើង នៅ​ក្នុង​ស្រុកគងពិសី កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភៈ ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ ឬ​បង្ហាញ​ដីកា​ចាប់​ខ្លួន​ឡើយ។ បន្ទាប់​មក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី១៨ ខែកុម្ភៈ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ប្រធាន​សហជីព​កម្ពុជា​ប្រចាំ​ក្រុមហ៊ុន វីង ស្តារ ស៊ូ រូប​នេះ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ពី​បទ​សមគំនិត​ក្នុង​អំពើ​លួច​សម្ភារៈ នៅ​ក្នុង​រោងចក្រ កាល​ពី​អំឡុង​ឆ្នាំ២០២២ តាម​បណ្ដឹង​របស់​ថៅកែ​ក្រុមហ៊ុន។

គ្រួសារ និង​សហជីព ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ប្រធាន​សហជីព​ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រើសអើង​សហជីព ដោយសារ​នៅ​អំឡុង​ពេល​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន វីង ស្ដារ ស៊ូ ភាគី​ក្រុមហ៊ុន បាន​ព្យាយាម​ទាក់ទង​លោក ជា ចាន់ ឲ្យ​បញ្ឈប់​ការ​ចងក្រង​សហជីព ថែមទាំង​មាន​ជន​មិន​ស្គាល់​មុខ​បាន​ព្យាយាម​ទាក់ទង​ប្រធាន​សហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ដោយ​គំរាម​កុំ​ឲ្យ​អ្នកស្រី​បង្កើត​សហជីព​កម្ពុជា នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នេះ។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ឲ្យ​ដឹង​ថា នៅ​ពេល​ឃាត់​ខ្លួន​លោក ជា ចាន់ កាល​ពី​ខែកុម្ភៈ គឺ​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​លោក ជា ចាន់ ដោយ​គ្មាន​ដីកា នៅ​ក្នុង​ម៉ោង​ការងារ ចំណែក​ជន​ល្មើស ដែល​ក្រុមហ៊ុន​ចោទ​ថា ជា​អ្នក​លួច​ពិត​ប្រាកដ អាជ្ញាធរ​មិន​បាន​ឃាត់​ខ្លួន​នៅ​ពេល​នោះ​ឡើយ។ លើស​ពី​នេះ ភាគី​ក្រុមហ៊ុន ដែល​ជា​ដើម​បណ្ដឹង ក៏​មិន​បាន​បញ្ជាក់​ពី​ទំហំ នៃ​ការ​បាត់បង់​ក្នុង​អំពើ​លួច​នោះ​នៅ​ក្នុង​សវនាការ​ឡើយ។

ការណ៍​នេះ​ហើយ ទើប​អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​គ្រួសារ ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្រធាន​សហជីព​កម្ពុជា ប្រចាំ​ក្រុមហ៊ុន វីង ស្ដារ ស៊ូ លោក ជា ចាន់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles