កម្ពុជា
កម្ពុជា-សង្គម
30/05/2024 – 11:00
ដោយ៖ ជួប នរក្សា
RFI
គម្រោងព្រែកជីកហ្វូណននឹងត្រូវចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ នេះគឺជាការអះអាងរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍ទី៣០ ឧសភា។ ការប្រកាសពេលវេលាសាងសង់គម្រោងព្រែកជីកហ្វូណនធ្វើឡើង ចំពេលដែលគម្រោងព្រែកជីកមួយនេះកំពុងបន្តជាប្រធានរឿងដ៏ចម្រូងចម្រាស។ កំណត់សម្គាល់មួយទៀត ការប្រកាសពេលវេលាសាងសង់ព្រែកជីកហ្វូណនរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលជាឱពុកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តើមការសាងសង់ឲ្យបានឆាប់ដើម្បីកុំឲ្យយប់យន់ សុបិន្តកាន់តែច្រើន។
រដ្ឋាភិបាលកម្ពុជាត្រៀមសាងសង់ព្រែកជីកហ្វូណនដ៏ចម្រូងចម្រាសក្នុងខែសីហា២០២៤
នៅចំពោះមុខពេលវេលាមិនច្បាស់លាស់នៃការសាងសង់ព្រែកជីកហ្វូណន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាឱឡារិកនៅថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភានេះថា ការដ្ឋានព្រែកជីកហ្វូណននឹងបើកជាផ្លូវការនៅក្នុងខែសីហាខាងមុខ។ តាមលោក ហ៊ុន ម៉ាណែត ការប្រកាសនេះ គឺដើម្បីបញ្ចប់ការអត្ថាធិប្បាយបែបស្រមើស្រមៃរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនបាន និងកំពុងក្លាយជាប្រធានរឿងជជែកវែកញែកជាហូរហែអំពីអត្ថប្រយោជន៍ដែលកម្ពុជាអាចទទួលបាននៅក្រោយការសាងសង់រួចរាល់។ ភាគីរដ្ឋាភិបាលកម្ពុជាតែងលើកសរសើរមិនដាច់ពីមាត់អំពីគម្រោងដឹកជញ្ជូនផ្លូវទឹកខ្នាតយក្សមួយនេះដែលនឹងបម្រើដល់ប្រយោជន៍សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋកម្ពុជាជាធំ។ តែប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ីដែលជាអ្នកនយោបាយប្រឆាំងរស់នៅក្រៅប្រទេសតែងធ្វើអត្ថាធិប្បាយបរិហារ និងជំទាស់លើគម្រោងព្រែកជីកហ្វូណន។ តាមលោក សម រង្ស៊ី គម្រោងព្រែកជីកមួយនេះបម្រើតែប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ព្រោះវាជាប្រភេទគម្រោងវិនិយោគម៉ូឌែល BOT ដែលបើកផ្លូវឱ្យក្រុមហ៊ុនឯកជនចិនចាយលើការសាងសង់ទាំងស្រុង និងបន្តគ្រប់គ្រងរយៈពេលដល់ទៅ៥០ឆ្នាំ។
គម្រោងព្រែកជីកហ្វូណនតេជោត្រូវចំណាយលុយសាងសង់ប្រមាណជាង១,៧ពាន់លានដុល្លារអាមេរិកដែលជាការវិនិយោគរបស់ក្រុមហ៊ុនឯកជនចិន។ តែប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញមុខបកស្រាយក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភានេះថា ទុនវិនិយោគភាគច្រើនជារបស់ខ្មែរ និងទុនវិនិយោគមួយផ្នែកទៀតជារបស់ក្រុមហ៊ុនចិនដែលមានបច្ចេកទេសសាងសង់។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនជាគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាតម្រង់ទៅសមុទ្រអន្តរជាតិដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញចេញ-ចូលកម្ពុជា។ តែគម្រោងព្រែកជីកមួយនេះត្រូវបានវៀតណាមចេញមុខជំទាស់ និងសម្តែងការមិនពេញចិត្តដោយបញ្ជាក់ហេតុផលថា វានឹងប៉ះពាល់ដល់ប្រព័ន្ធទឹក បរិស្ថាន និងជីវៈចម្រុះតាមដងទន្លេមេគង្គ។

តែដើម្បីជម្រះនូវភាពមន្ទិលសង្ស័យទាំងនេះ ប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុន សែនបានចេញមុខពន្យល់ថា គម្រោងព្រែកជីកហ្វូណនសាងសង់លើទឹកដីកម្ពុជា ហើយអ្នកជំនាញរបស់កម្ពុជាក៏បានសិក្សាពីគម្រោងមួយនេះយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ អតីតប្រមុខរដ្ឋាភិបាលខ្មែរក៏ធ្លាប់ចេញសារពិសេសស្នើឲ្យរដ្ឋាភិបាលពន្លឿនការសាងសង់ដើម្បីបញ្ចប់រាល់ការរិះគន់ និងកុំឲ្យយប់កាន់តែយូរ សុបន្តិកាន់តែច្រើន៕