រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន

កម្ពុជា
កម្ពុជា-ជម្លោះព្រំដែន
30/05/2024 – 11:23
ដោយ៖ អោ ស្រីពេជ្រ
RFI

លោក Maris Sangiampongsa ដែលទើបចូលឡើងកាន់តំណែងរដ្ឋមន្ត្រីក្រសួងការបរទេសថៃមិនដល់មួយខែផងបានប្រកាសពីគម្រោងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខ។ នេះបើតាមកាសែតថៃបាំងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី៣០ ឧសភាដោយបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតថៃគ្រោងចរចាជាមួយកម្ពុជាជុំវិញបញ្ហាព្រំដែននៅកោះខុត និងភាពចម្រូងចម្រាសស្តីពីសំណង់កម្ពុជានៅជិតបង្គោលព្រំដែនកម្ពុជា-ថៃលេខ៧៣។

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន


តាមព័ត៌មានចុះផ្សាយដោយកាសែតថៃបាំងកកប៉ុស្តិ៍ក្នុងថ្ងៃទី៣០ ឧសភា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Maris Sangiampongsa ប្រកាសពីគម្រោងទស្សនកិច្ចផ្លូវការរបស់លោកនៅប្រទេសកម្ពុជាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងចរចាបញ្ហាព្រំដែនមួយចំនួនជាមួយកម្ពុជា។ សំណុំរឿងព្រំដែនដែលលោក Maris Sangiampongsa ត្រៀមដាក់សំណើចូលចរចាជាមួយកម្ពុជា រួមមានបញ្ហាដ៏ចម្រូងចម្រាសអំពីសំណង់កម្ពុជាក្បែរបង្គោលព្រំដែនកម្ពុជា-ថៃលេខ៧៣ ដែលបានសង់ឡើងកាលពី ៣ឆ្នាំមុននៅច្រកព្រំដែនក្លងយ៉ៃរបស់ថៃ និង​បញ្ហាព្រំដែននៅកោះខុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃជិតខេត្តកោះកុងរបស់ខ្មែរ។

បញ្ហាព្រំដែននៅកោះខុតនេះ​​​​ត្រូវបានរដ្ឋមន្ត្រីការបរទេសថៃចាត់ទុកជាការទន្ទ្រានទឹកដីតាមរយៈការប្រើប្រាស់អនុស្សរណៈនៃការយោគយល់គ្នា (MoU) កម្ពុជា-ថៃដែលបានចុះហត្ថលេខាដោយលោកហ៊ុន សែន និងលោកថាក់ស៊ីនកាលពីឆ្នាំ២០០១។ តាមប្រមុខការទូតថៃដែលទើបចូលកាន់តំណែងកាលពីខែមេសាថ្មីៗរូបនេះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កម្ពុជា-ថៃឆ្នាំ ២០០១ មិនគួរមាន និងមិនចាំបាច់ ព្រោះបើតាមលោក Maris Sangiampongsa វាហាក់បំពានរដ្ឋធម្មនុញ្ញថៃ និងបំផ្លាញអធិបតេយ្យភាពថៃនៅលើកោះខូត។

រដ្ឋាភិបាលកម្ពុជានៅមិនទាន់បានឆ្លើយតបយ៉ាងណាចំពោះការចុះផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍នេះទេ។ តែកន្លងមក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណាធ្លាប់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជាគ្មានមហិច្ឆតាចង់បានទឹកដីពីប្រទេសជិតខាងណាមួយឡើយ ហើយក៏មិនឱ្យទឹកដីកម្ពុជាបាត់បង់ទៅប្រទេសណាមួយដែរ។ តាមលោកប៉ែន បូណា រដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិប្រឹងកសាងព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ គួរបញ្ជាក់ថា ថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីសេដ្ឋា ថៈវីស៊ីនបានកែប្រែយុទ្ធសាស្ត្រចរចាផ្លាស់ប្តូរជំហរបោះបង្គោលព្រំដែននៅតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃជាមួយកម្ពុជា។

រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន
រដ្ឋមន្ត្រីការបរទេសថៃគ្រោងបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចរចាបញ្ហាព្រំដែន © BangKok Post

តែយុទ្ធសាស្ត្រនេះត្រូវក្រុមជាតិនិយមថៃមិនពេញចិត្ត និងចោទបក្សភឿថៃដែលរស់ក្រោមឥទ្ធិពលរបស់ត្រកូលថាក់ស៊ីនពីបទព្យាយាមដោះដូរផលប្រយោជន៍ជាតិថៃជាមួយកម្ពុជា។ សូមរម្លឹកថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃជាចំណុចនៃជម្លោះទាមទាររវាងប្រទេសជិតខាងទាំងពីរតាំងពីដើមទសវត្សរ៍ ១៩៧០ មកម្ល៉េះ។ គឺទើបក្នុងមិថុនា ឆ្នាំ ២០០១ ដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើអនុស្សាររណៈយោគយល់កិច្ចចរចាអភិវឌ្ឍប្រេង និងឧស្ម័ននៅតំបន់នោះ។ តែអ្វីៗត្រូវបានផ្អាកទៅវិញនៅពេលថៃប្តូរនាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៩។ មួយវិញទៀត កិច្ចពិភាក្សាស្តីពីការ​អភិវឌ្ឍន៍ប្រេងនៅលើតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃក៏ធ្លាប់ត្រូវបានប្រទេសទាំងពីរចង់គូសវាសឡើងវិញដែរ តែត្រូវបានបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩៕

What Next?

Recent Articles