សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បើក​សវនាការ​សមាជិក​បក្ស​ភ្លើង​ទៀន លោក ចៅ វាសនា

ដោយ សេក បណ្ឌិត
2024.05.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​បើក​សវនាការ​សមាជិក​បក្ស​ភ្លើង​ទៀន លោក ចៅ វាសនា

រូបភាព​៖ លោកស្រី ចៅ រតនៈ និង​សមាជិក​បក្ស​ភ្លើងទៀន​នាំគ្នា​ទៅ​ឃ្លាំមើល​សវនាការ លោក ចៅ វាសនា នៅមុខ​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤។ រូបផ្ដល់ឱ្យ


សាច់ញាតិ លោក ចៅ វាសនា ថា សវនាការ នេះ ពុំ​មាន​ការ​វិវត្ត​អ្វី​ជា​ដុំកំភួន​នោះ​ទេ ដោយ​ខាង​សាលាឧទ្ធរណ៍ លើកឡើង​សំណួរ​មក​សួរ​ដដែលៗ ជុំវិញ​យុទ្ធនាការ គូស​សន្លឹកឆ្នោត​ចោល នៅ​លើ​បណ្ដាញ​សង្គម។

នៅក្នុង​សំលៀកបំពាក់​ពណ៌​ស្លាក​ទុំ លោក ចៅ វាសនា បាន​ឈរ​និយាយ​ក្នុង​អង្គ​សវនាការ ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃទី​២៩ ខែ​ឧសភា​ថា ការ​ចាប់ខ្លួន​លោក ពាក់ព័ន្ធ​បទ​ញុះញង់ ដាក់​ពន្ធនាគារ​នេះ គឺជា​រឿង​អយុត្តិធម៌​។ លោក​ថា តុលាការ​គួរតែ​ទម្លាក់​ការចោទប្រកាន់ ហើយ​ត្រូវ​បង្ហាញ​ភស្តុតាង​ឱ្យ​បាន​ច្បាស់​ជា​ជាង​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។

កូនស្រី​លោក ចៅ វាសនា លោកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ថា សវនាការ​​ឪពុក​របស់​លោកស្រី គឺ លោក ចៅ វាសនា ពុំ​មាន​អ្វី​វិវត្តន៍​ជា​ដុំកំភួន​នោះ​ទេ ដោយ​សាលាឧទ្ធរណ៍ បាន​ដាក់​សំណួរ​សួរ​ដដែល មក​លើ​លោក ចៅ វាសនា ពាក់ព័ន្ធ ក្រុម​តេឡេក្រាម​(Telegram) រឿង​ញុះញង់​ឲ្យ​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល នៅ​លើ​បណ្ដាញ​សង្គម។ រីឯ​លោក ចៅ វាសនា បាន​ឆ្លើយ​នៅក្នុង​អង្គ​សវនាការ​ដោយ​ប្រកាន់​ជំហរ​ថា លោក​ពុំ​ពាក់ព័ន្ធ​នៅក្នុង ក្រុម​តេឡេក្រាម ដែល​បង្កើត​ឡើង​ដោយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ គឺ លោក សម រង្សី នោះ​ឡើយ​។ លោក​ថា តុលាការ​គួរតែ​ពិចារណា​ឡើងវិញ ទម្លាក់​ការចោទប្រកាន់ និង​រក​ភស្តុតាង ឱ្យ​បាន​ត្រឹមត្រូវ​ជាជាង​ធ្វើទុក្ខបុកម្នេញ​មក​លើ​រូបលោក ជា​បន្តបន្ទាប់​ដោយ​យុត្តិធម៌។

លោកស្រី ចៅ រតនៈ៖ «សំណួរ​ដែល​គេ​សួរ​ឪពុក​ខ្ញុំ គ្មាន​អី​ក្រៅពី ថា​តើ ជា​សមាជិក ក្រុម​តេឡេក្រាម ឬក៏​អត់​បើសិនជា​សមាជិក ឪពុក​ខ្ញុំ​នឹង​រង​ការ​ចោទ​ប្រកាន់។ ប៉ុន្តែ ហេតុអ្វី បានជា​តុលាការ​មិន​ស្រាវជ្រាវ​សិន បើសិនជា​តុលាការ​មិន​ទាន់​ច្បាស់លាស់​។ ព្រោះ​ការ​ឃុំ​ខ្លួន ដោយ​គ្មាន​ភស្តុតាង​ច្បាស់ ធ្វើ​ឱ្យ​ឪពុក ខ្ញុំ​គាត់​ត្រូវ​រង​សម្ពាធ​ផ្លូវចិត្ត ព្រោះ​ជាប់​ឃុំ ក្នុង​ពន្ធនាគារ រហូតដល់​ឥឡូវ​ចូល​១០​ខែ​ហើយ»។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ជា​លើក​ទី​២ ទាក់ទង​នឹង​បទ​ញុះញង់​ឱ្យ​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ចោល​កាលពី​ថ្ងៃទី​២៣ ខែ កក្កដា ដែល​ជា​ថ្ងៃ​អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​គ្មាន​គូប្រកួត​។ តុលាការ​ខេត្ត​នេះ ក៏​បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​រូប​នេះ​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត ចាប់​តាំងពី​ថ្ងៃទី​២៥ ខែ​កក្កដា។

ទាក់ទង​នឹង​រឿង​នេះ អ្នកឃ្លាំមើល​ផ្នែក​សិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ គឺ​លើកកម្ពស់​ការ​ចូល រួម​ផ្នែក​នយោបាយ​ដោយ​ស្មើភាព​គ្នា ទាំង​បក្ស​ប្រឆាំង និង​បក្ស​កាន់អំណាច​។ លោក​បន្ត​ថា កម្ពុជា​គួរតែ ដល់ពេល​បញ្ឈប់​ធ្វើ​ទុក្ខបុកម្នេញ គ្នា​តាមរយៈ​ប្រព័ន្ធ​តុលាការ​បែប​នេះ។

លោក ស៊ឹង សែនករុណា៖ «គោលការណ៍​នៃ​ការអនុវត្ត​ច្បាប់​គឺ​មិន​ត្រូវ​ឱ្យ​ជនណា​ម្នាក់​នៅ​ពីលើ​ច្បាប់​ទេ ប៉ុន្តែ​ដោយឡែក​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ហាក់​ផ្ដោត​តែ​លើ​ក្រុម​គណបក្សប្រឆាំង ឬ​ធ្វើទុក្ខបុកម្នេញ​តែ​លើ​ក្រុម​គណបក្សប្រឆាំង ទាំងអស់​នេះ វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​សាធារណជន ក៏ដូចជា​មតិ​ជាតិ និង​អន្តរជាតិ​គេ​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស​កម្ពុជា​ហ្នឹង​ឯង​បាទ»។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះញង់ និង​បាន​ចេញពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ​២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន រយៈពេល ៥​ឆ្នាំ​ពេញ នៅ​ក្នុង​ពន្ធនាគារ។

កាល​ពី​ពេល​កន្លង​ទៅ សាច់ញាតិ សកម្មជន​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ចាប់ ការ​ឃុំខ្លួន និង​ការ​សម្រេច​ផ្ដន្ទាទោស​លោក ចៅ វាសនា ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​លើ​សកម្មជន​បក្ស​ប្រឆាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles