កម្ពុជា
04/06/2024 – 10:19
ដោយ៖ ញឹម សុផល
RFI
គណបក្សនយោបាយថ្មីមួយទៀតត្រូវបានបង្កើតឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ដែលមានឈ្មោះ «គណបក្សជំនាន់ថ្មី»។ លោក មាជ សុវណ្ណារ៉ា ដែលជាអ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិត្រូវបានជ្រើសតាំងជាប្រធាន «គណបក្សជំនាន់ថ្មី» តាមរយៈការធ្វើសមាជជាលើកដំបូងនៅខេត្តសៀមរាប។
មន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិលោក មាជ សុវណ្ណារ៉ា ក្លាយជាប្រធាន «គណបក្សជំនាន់ថ្មី»
បន្ទាប់ពីបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ «គណបក្សជំនាន់ថ្មី» ដែលជាគណបក្សប្រឆាំងថ្មីមួយទៀតត្រូវបានបង្កើតឡើងចំថ្ងៃនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងកាត់ឲ្យវៀតណាមកាលពី៧៥ឆ្នាំមុន។ ពិធីនេះក៏មានការចូលរួមជាកិត្តិយសពីអ្នកវិភាគនយោបាយ និងសង្គមដូចជាលោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត មាស នី ជាដើម។
អ្វីជាការកត់សម្គាល់ គណបក្សជំនាន់ថ្មីដែលមានបាវចនា «សាមគ្គី សេរីភាព យុត្តិធម៌ និងសន្តិភាព» គឺជាគណបក្សដែលដឹកនាំដោយលោក មាជ សុវណ្ណារ៉ា អតីតសមាជិកគណៈកម្មការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ និងមានការចូលរួមដោយភាគច្រើនជាយុវជននៅទូទាំង២៥ រាជធានី-ខេត្ត។
គណបក្សនេះមានគោលដៅចូលរួមប្រកួតប្រជែងរាល់ការបោះឆ្នោតនានានៅពេលខាងមុខ។ នៅក្នុងពិធីសមាជផ្លូវការ លោក មាជ សុវណ្ណារ៉ា បានអាននូវគោលនយោបាយគន្លឹះចំនួន១០ចំណុច ដែលក្នុងនោះមានការគោរព និងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ គណបក្សប្រឆាំងថ្មីមួយនេះក៏បានប្តេជ្ញាពង្រឹងប្រព័ន្ធយុត្តិធម៌ ប្រឆាំងនឹងនយោបាយលាបពណ៌ក្នុងគោលដៅបំបែកបំបាក់ឯកភាពជាតិខ្មែរ ការពារបូរណភាព និងអធិបតេយ្យភាពជាតិ គោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

បន្ទាប់មក គោលនយោបាយរបស់គណបក្សជំនាន់ថ្មីក៏សំដៅបញ្ជៀសកម្ពុជាកុំឲ្យធ្លាក់ទៅក្នុងភូមិសាស្ត្រនយោបាយ និងទប់ស្កាត់ជម្លោះជាមួយប្រទេសជិតខាងក្នុងតំបន់ និងលើពិភពលោក ឬការប្រឆាំងរាល់ការរើសអើងនិន្នាការនយោបាយ។ លើសពីនេះ សុន្ទរកថារបស់លោក មាជ សុវណ្ណារ៉ា ដដែលក៏បានបើកការរិះគន់លើរបបកុម្មុយនីស្ត ត្រួតត្រាដោយវៀតណាមដែលបានអនុវត្តនៅកម្ពុជាកន្លងមក ការកាប់បំផ្លាញព្រៃឈើ បញ្ហាគ្មានការងារធ្វើ និងចំណាកស្រុក ការរំលោភដីធ្លីពីបុគ្គលមានអំណាច និងការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំ បញ្ហាគ្រឿងញៀន និងអំពើពុករលួយ។
សូមបញ្ជាក់ថា វត្តមានរបស់គណបក្សជំនាន់ថ្មីពេលនេះ បានធ្វើឲ្យចំនួនគណបក្សប្រឆាំងមានការកើនឡើងរហូតដល់៥គណបក្ស ខណៈបច្ចុប្បន្ននេះ គណបក្សប្រឆាំងចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជាបានចងសម្ព័ន្ធភាពជាមួយគ្នា។
មួយវិញទៀត គណបក្សជំនាន់ថ្មីក៏អាចជាគណបក្សទី៧ ដែលដឹកនាំដោយអតីតមន្ត្រីនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលបែកចេញមកបង្កើតគណបក្សថ្មី។ រូបភាពនេះត្រូវបានគេមើលឃើញថា សម្លេងគាំទ្របក្សប្រឆាំងដ៏ធំពីមុនក៏ត្រូវបានបែកខ្ញែកដំណាលគ្នាផងដែរ៕