តុលាការរឹបអូសដីធ្លីចំនួន ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន

កម្ពុជា
31/07/2024 – 11:42
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សាលាដំបូងរាជធានីភ្នំពេញប្រកាសរឹបអូសអចលនទ្រព្យចំនួន៣កន្លែងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនទៅតាមការប្តឹងទាមទាររបស់មេធាវីការពារក្តីឲ្យរដ្ឋាភិបាលកម្ពុជា។ តែគណបក្សភ្លើងទៀនយល់ថា ការដាក់ពិន័យទៅលើ លោក ទាវ វណ្ណុល បែបនេះ គឺធ្ងន់ធ្ងរ និងអយុត្តិធម៌។

តុលាការរឹបអូសដីធ្លីចំនួន ៣កន្លែងរបស់ប្រធានគណបក្សភ្លើងទៀន


តុលាការបានបញ្ជាក់នៅក្នុងដីកាចេញថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ថា ដីធ្លីទាំង៣កន្លែងរបស់លោកទាវ វណ្ណុល ដែលត្រូវរឹបអូសមានទី១ ដីទំហំ ២.០៩២ ម៉ែត្រការ៉េនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ទី២ ដីទំហំ ៥៩៥ ម៉ែត្រការ៉េនៅឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម និងទី៣ ដីទំហំ ១១.១១៣ ម៉ែត្រការ៉េនៅឃុំជយោដដែល។ តែដីកាដដែលបានបញ្ជាក់ថា ដើម្បីលុបចោលលើការរឹបអូសដីធ្លីជាបណ្តោះអាសន្នទាំង៣កន្លែងនោះបាន គឺទាល់តែកូនបំណុលមានប្រាក់តម្កល់នៅសាលាដំបូងរាជធានីភ្នំពេញចំនួន ៦ពាន់លានរៀល ឬស្មើនឹង១,៥ លានដុល្លារជាប្រាក់រំដោះ។ លោកលី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀងយល់ថា ការដាក់ពិន័យទៅលើលោកទាវ វណ្ណុលដូចនេះ គឺធ្ងន់ធ្ងរ និងអយុត្តិធម៌ ហើយថា ករណីនេះនឹងត្រូវឡើងទៅឧទ្ធរណ៍បន្តទៀត។

 ​គួររំឭកថា កាលពីដើមឆ្នាំ២០២៤ លោកទាវ វណ្ណុល បានរងបណ្តឹងពីរដ្ឋាភិបាលកម្ពុជា ក្រោយលោកបានផ្តល់បទសម្ភាសឲ្យសារព័ត៌មានជប៉ុនជុំវិញស្ថានភាពប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ប្រធានគណបក្សជំទាស់រូបនេះត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបានបង្គាប់ឱ្យសងសំណងជំងឺចិត្តទៅកាន់រដ្ឋាភិបាលសរុប ៦ពាន់លានរៀល ឬស្មើ ១,៥ លានដុល្លារអាមេរិក និងប្រាក់ពិន័យសរុប ១០លានរៀល ឬស្មើ ២,៥០០ ដុល្លារអាមេរិកថែមទៀត។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន © គណបក្ស ភ្លើងទៀន

គួរបញ្ជាក់ថា ចំណាត់ការទៅលើលោក ទាវ វណ្ណុល ពេលនេះគឺស្រដៀងគ្នានឹងការកាត់ទោសលោក សុន ឆ័យ អតីតអនុប្រធានគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ អតីតអនុប្រធានគណបក្សភ្លើងទៀនរូបនេះត្រូវបានតុលាការរឹបអូសផ្ទះចំនួន ២កន្លែងដើម្បីសងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាប្រមាណ ១លានដុល្លារអាមេរិក បន្ទាប់ពីលោក សុន ឆ័យ បានប្រាប់អ្នកសារព័ត៌មាន The Cambodia Daily ថា ការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ២០២២ មានភាពមិនប្រក្រតីមួយចំនួន៕

What Next?

Recent Articles