ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើឲ្យរដ្ឋាភិបាលយកខេត្តចំនួន៤មកអភិវឌ្ឍន៍ដោយខ្លួនឯង

កម្ពុជា
កម្ពុជា-សង្គម
01/08/2024 – 11:39
ដោយ៖ ជួប នរក្សា
RFI

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍ទី០១សីហានេះ បានស្នើរដ្ឋាភិបាលកម្ពុជាឲ្យពិចារណាយកខេត្តចំនួន៤នៅក្នុងគម្រោងតំបន់ត្រីកោណជាមួយវៀតណាម ឡាវ មកអភិវឌ្ឍន៍ដោយខ្លួនឯង។ បើតាមការយល់ឃើញរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ការដាក់ខេត្តចំនួន៤របស់កម្ពុជាទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយឡាវ និងវៀតណាម គឺជាកង្វល់ធំ ដ្បិតកម្ពុជានិងវៀតណាមធ្លាប់មានមេរៀនប្រវត្តិសាស្រ្តកន្លងមក។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើឲ្យរដ្ឋាភិបាលយកខេត្តចំនួន៤មកអភិវឌ្ឍន៍ដោយខ្លួនឯង


នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះផ្សាយនៅថ្ងៃទី១សីហា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអះអាងថា ខ្លួនមានក្តីកង្វល់ដូចការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន ទាក់ទងនឹងការយកខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅក្នុងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) ជាមួយឡាវនិងវៀតណាម។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា ខ្លួនយល់ស្របជាមួយមតិប្រជាពលរដ្ឋមួយចំនួន ដែលចង់ឲ្យរដ្ឋាភិបាលកម្ពុជាអភិវឌ្ឍន៍ខេត្តទាំង៤ខាងលើដោយខ្លួនឯងផ្ទាល់។ បើតាមក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ការអភិវឌ្ឍខេត្តទាំង៤ដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ជារឿងប្រសើរជាងការដាក់បញ្ចូលក្នុងតំបន់ត្រីកោណជាមួយឡាវនិងវៀតណាម ដោយសារកម្ពុជានិងវៀតណាមធ្លាប់មានមេរៀនប្រវត្តិសាស្ត្រ។ 

សេចក្តីស្នើរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានចុះទៅពិនិត្យបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តក្រចេះនិងមណ្ឌលគិរី នៅក្នុងបរិបទនៃការផ្ទុះសំណុំរឿងអភិវឌ្ឍន៍តំបន់ត្រីកោណ (CLV) មួយរយៈកាលចុងក្រោយនេះ។ ពលរដ្ឋមួយចំនួនបានសម្តែងក្តីកង្វល់ចំពោះការអភិវឌ្ឍតំបន់ត្រីកោណ (CLV) ដែលពួកគេជឿថា នឹងអនុញ្ញាតឲ្យមានលំហូរចូលនៃប្រជាពលរដ្ឋវៀតណាមមកក្នុងប្រទេសកម្ពុជា និងកត្តាទាញផលប្រយោជន៍ច្រើនរបស់វៀតណាម បើប្រៀបធៀបនឹងភាគីកម្ពុជា។

មេដឹកនាំឡាវ វៀតណាម កម្ពុជា ជួបប្រជុំស្តីពីតំបន់ត្រីកោណCLV
មេដឹកនាំឡាវ វៀតណាម កម្ពុជា ជួបប្រជុំស្តីពីតំបន់ត្រីកោណCLV © Press OCM

យ៉ាងណាមិញ កាលពីថ្ងៃទី២៣កក្កដា ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានចេញមកពន្យល់បកស្រាយថា ការអភិវឌ្ឍតំបន់ត្រីកោណ ជាការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នារវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីភាពរុងរឿងជីវភាពប្រជាពលរដ្ឋខ្មែរក្នុងតំបន់ភូមិភាគឦសាន។ លោកហ៊ុន សែនបានបញ្ជាក់ដែរថា ការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នេះ ពុំមានការកំណត់ដាក់បញ្ចូលដែនដីប្រទេសទាំងបីរួមគ្នានោះឡើយ។ ផ្ទុយទៅវិញ វានឹងផ្ដល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ក្នុងផ្នែកសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ៕

What Next?

Recent Articles