កម្ពុជា
03/08/2024 – 13:17
ដោយ៖ ម៉ុន ចាន់
RFI
ធនាគារជាតិនៃកម្ពុជា បានចេញនូវវិធានការ២ចំណុច ដើម្បីជួយសម្រួលក្នុងការចាយវាយក្រដាសប្រាក់ដុល្លារចាស់ៗ ឬទក់ ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍បរទេសនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី២ខែសីហាឆ្នាំ២០២៤ ធនាគារជាតិ បានតម្រូវឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមទាំងអាជីវករដូប្រាក់នៅទូទាំងប្រទេស មិនត្រូវគិតថ្លៃកម្រៃសេវាបន្ថែម លើក្រដាសប្រាក់ដុល្លារដែល រហែក ទក់ ឬចាស់ពីអតិថិជនឡើយ។ការចេញសេចក្តីសម្រេចយ៉ាងដូច្នេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ប្រកាសអនុញ្ញាតឱ្យការដូរប្រាក់ដុល្លារចាស់ ឬទក់ មិនត្រូវកាត់ទឹក ត្រូវអនុវត្តន៍នៅទូទាំងប្រទេស។
ធនាគារជាតិ អនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដុល្លារចាស់ឬប្រឡាក់នៅទូទាំងប្រទេស
យ៉ាងណាក៏ដោយ ធនាគារជាតិបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ពុំមែនជាអាជ្ញាធរបោះពុម្ភក្រដាសប្រាក់ដុល្លារទេ និងពុំមានសិទ្ធក្នុងការកាត់ ដុត ក្រដាសប្រាក់ដុល្លារចាស់ៗ ដើម្បីជំនួសក្រដាសប្រាក់ថ្មី ដូចប្រាក់រៀលនោះទេ។ ពោលគឺធនាគារជាតិ ត្រូវចំណាយថវិកាផ្ទាល់ ទាំងការផ្ទេរលុយដុល្លារចាស់ទៅធនាគារអាមេរិក និងការបញ្ជួនលុយដុល្លារថ្មីមកកម្ពុជាវិញ ។ ត្រង់ន័យនេះធនាគារជាតិ លើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរឱ្យកាន់តែច្រើន ដើម្បីជាការរួមអភិវឌ្ឃដល់សេដ្ឋកិច្ចជាតិ។
លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជកម្មកម្ពុជាបានសារទរចំពោះវិធានការរបស់ធនាគារជាតិ ប៉ុន្តែទន្ទឹមគ្នានេះ លោកស្នើរាជរដ្ឋាភិបាលគួរមានវិធានការរឹតត្បិតបន្ថែម លើការនាំចូលប្រាក់ដុល្លារពីប្រទេសជិតខាង។ លោកលើកឡើងបែបនេះ ដោយលោកបារម្ភថា តាមរយៈការដូរប្រាក់ដុល្លារ ដែល ទក់ ឬរហែក មិនកាត់ទឹកនេះ អាចជាឱកាសហូរចូលសាច់ប្រាក់មិនស្របច្បាប់ពីប្រទេសជិតខាងមកកម្ពុជា ហើយនឹងប៉ះពាល់ដល់ប្រាក់រៀលជាមិនខាន។

គួរបញ្ជាក់ថា ធនាគារជាតិ កាលពីថ្ងៃទី ២១ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីសម្រេចម្តងហើយ ដោយតម្រូវឱ្យគ្រប់ធនាគារតែនៅខេត្តសៀមរាមមួយប៉ុណ្ណោះ អាចទទួលយកប្រាក់ដុល្លារអាមេរិកចាស់ ប្រឡាក់ ឬរហែក ដោយមិនត្រូវយកកម្រៃសេវាបន្ថែមពីអតិថិជន។ ចំណែក ក្រដាសប្រាក់ដុល្លារ ចាស់ខ្លាំង ដែលមិនអាចធ្វើចរាចរនៅលើទីផ្សារ ត្រូវបានធនាគារជាតិតម្រូវឱ្យធនាគារពាណិជ្ជក្នុងខេត្តសៀមរាបទាំងអស់ បញ្ចូនទៅដូរយកក្រដាសប្រាក់ថ្មីនៅសាខាធនាគារជាតិក្នុងខេត្តសៀមរាប៕