អាមេរិក​ជា​ទីផ្សារ​នាំ​មុខ​គេ​របស់​កម្ពុជា​ជាង​កន្លះ​ឆ្នាំ​នេះ ទោះ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន

ដោយ សេក បណ្ឌិត
2024.08.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាមេរិក​ជា​ទីផ្សារ​នាំ​មុខ​គេ​របស់​កម្ពុជា​ជាង​កន្លះ​ឆ្នាំ​នេះ ទោះ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូប​កណ្ដាល) ចូលរួមពិធីបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ កញ្ញា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អ្នកវិភាគ​សង្គម​និង​សេដ្ឋកិច្ច​យល់​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន​ទំនាក់ទំនង​នយោបាយ​រវាង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា​មិន​ស៊ីសង្វាក់​គ្នា​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ក្តី ក៏ប៉ុន្តែ​កម្ពុជា​នៅតែ​ពឹង​ផ្អែកលើ​ទីផ្សារ​របស់​សហរដ្ឋអាមេរិក​នៅឡើយ។

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បញ្ចេញ​របាយការណ៍​មួយ​រក​ឃើញ​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ បាន​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​នាំ​មុខ​គេ ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ ក្នុងចំណោម​ទឹកប្រាក់​នាំចេញ​សរុប​ជាង​១៤​ពាន់​លាន​ដុល្លារ ខណៈ​ដែល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដែល​ជា​មិត្ត​ដែកថែប ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ។

អ្នក​អត្ថាធិប្បាយ​នយោបាយ​លើកឡើង​ថា ការដែល​កម្ពុជា​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក មាន​តួលេខ​នាំមុខ​គេ ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ គឺជា​ភស្តុតាង​ដែល​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​កម្ពុជា នៅ​ទីពឹង​លើ​សហរដ្ឋអាមេរិក​នៅឡើយ បើ​ទោះ​បីជា​ពេលនេះ កម្ពុជា ហាក់​លំអៀង​ការ​ទំនាក់ទំនង​នយោបាយ​ទៅ​រក​ប្រទេស​ចិន​ក៏ដោយ។

លោក គឹម សុខ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មិនអាច​ពឹងផ្អែក​សេដ្ឋកិច្ច​ទាំងស្រុង ទៅលើ​ប្រទេស​ចិន ដែល​ជា​មិត្ត​ដែកថែប​បានទេ។

ប្រសិនបើ​កម្ពុជា ចង់បាន​សេដ្ឋកិច្ច​រីកចម្រើន គឺ​ត្រូវ​កែលំអ​ទំនាក់ទំនង​នយោបាយ​និង​ទីផ្សារ​ពាណិជ្ជកម្ម​នៅ​អឺរ៉ុប នៅ​ជប៉ុន​និង​ប្រទេស​ដែល​ជា​សម្ព័ន្ធមិត្ត ជាមួយ​សហរដ្ឋអាមេរិក​ឱ្យ​ប្រសើរ​ឡើងវិញ។

លោក គឹម សុខ៖ «សព្វថ្ងៃ​រដ្ឋាភិបាល​កម្ពុ​ជា​នៅ​មាន​ដង្ហើម​ខ្លះ ដោយសារតែ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​ការ​អនុគ្រោះ​ខ្លះ ហើយ​និង​បង្កើត​កិច្ច​ទំនាក់ទំនង​យោគយល់​គ្នា​ខ្លះ​។ ប៉ុន្តែ​ប្រសិនបើ​ក្រុម​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត នៅតែ​មានៈ​មិន​ស្ដាប់​យោបល់​របស់​អាមេរិក​លើ​ទិដ្ឋភាព​នយោបាយ មួយចំនួន​ទេ ប្រសិនបើ​អាមេរិក​បិទ​ទីផ្សារ គឺ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ា​ណែ​ត​ដកដង្ហើម​មិន​រួច​ទេ​។ បើ​សង្ឃឹម​ទៅលើ​ទីផ្សារ​របស់​ចិន បើ​ទោះបីជា​ឃើញ​មាន​កំណើន​នាំចេញ​យ៉ាង​ណាក្តី ប៉ុន្តែ​ជាទី​ផ្សារ​ប្រកួតប្រជែង​ដែល​មិន​មាន​ចំណេញ​ច្រើន​ឡើយ»។

ការ​លើកឡើង​របស់​អ្នកវិភាគ​ដូចនេះ បន្ទាប់ពី​តួលេខ​ពាណិជ្ជកម្ម​នៃ​ការនាំ​ចេញ​ទំនិញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​បរទេស​បង្ហាញថា សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​ធំជាង​គេ ក្នុងពេលដែល​កម្ពុជា តែង​រំពឹង​ទៅលើ​ចិន ជា​មិត្ត​ដែកថែប​នោះ។

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ដែល​ចេញផ្សាយ​កាល​ពី​ពេល​ថ្មីៗ​ឱ្យដឹងថា រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ កម្ពុជា​បាន​នាំចេញ​ទំនិញ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១៤​ពាន់​លាន​ដុល្លារ ទៅកាន់​ទីផ្សារ​ជាច្រើន​ប្រទេស​។ ទំហំ​ទឹកប្រាក់​នាំចេញ​នេះ មានការ​កើនឡើង​ជាង​១៤ ភាគរយ បើ​ធៀប​ទៅ​និង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០២៣។

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ បញ្ជាក់​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​មាន អាល្លឺម៉ង់​(Germany) អេស្ប៉ាញ (Spain) អង់គ្លេស​(England) ហូល្លងដ៍ (Netherlands) និង​បារាំង (France)​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១​ពាន់​(១៦៧២)​លាន​ដុល្លារ ក៏ប៉ុន្តែ​ការនាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក (United State) ច្រើន​ជាងគេ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់ (៥.៥០០) លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន (China) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៣ បន្ទាប់​ពី​វៀតណាម​ជាង ២​ពាន់ (២.២០០) លាន​ដុល្លារ​នោះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការអធិប្បាយ​ជុំវិញ​ការ​កើនឡើង​នៃ​ការ​នាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​នេះ ពី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​នៅ​ឡើយ កាល​ពី​ថ្ងៃទី​១៤ ខែ​សីហា។

ប៉ុន្តែ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំ​២០២៤ កម្ពុជា បាន​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​បរទេស​ជាច្រើន​ប្រភេទ ដូចជា​ស្បែក​សត្វ ស្បែក​សិប្ប​និមិត្ត ក្រដាស ក្រដាសកាតុង កប្បាស អាលុយមីញ៉ូម វត្ថុ​ធ្វើ​ពី​អាលុយមីញ៉ូម ដែក ដែកថែប វត្ថុ​ធាតុ​ប្លាស្ទិក វត្ថុ​ធ្វើ​ពី​ប្លាស្ទិក ផលិតផល​ដែល​ចាក់​ដោយ​ម្ជុល សរសៃ​អំបោះ​សិប្ប​និមិត្ត​ខ្លីៗ ជ័រកៅស៊ូ និង​វត្ថុ​ដែល​ធ្វើ​ពី​កៅស៊ូ​ជាដើម។

អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ​យល់ថា បើ​ទោះ​បី​ជា​កម្ពុជា​បាន​នាំចេញ​ផ្នែក​ពាណិជ្ជកម្ម ទៅកាន់​សហរដ្ឋអាមេរិក មាន​តួលេខ​នាំ​មុខ​គេ​ក្តី ក៏​វា​មិន​មានន័យថា​ទំនាក់ទំនង​នយោបាយ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​និង​អាមេរិក ប្រសើរ​ឡើង​ទេ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការសិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ មាន​ប្រសាសន៍ថា បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​កម្ពុជា មិន​មាន​ទំនាក់ទំនង​ល្អ ក្នុង​វិស័យ​នយោបាយ​ឡើយ ប៉ុន្តែ​ការនាំចេញ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ដោយសារតែ​ទំនាក់ទំនង​រវាង​អ្នកជំនួញ​និង​អ្នកជំនួញ​។​

លោក សេក សុជាតិ៖ «មើលទៅ​ហាក់ដូចជា​នៅក្នុង​ទំនាក់ទំនង​ល្អ​រវាង​នយោបាយ​កម្ពុជា​និង​អាមេរិក ដោយសារតែ​សហរដ្ឋអាមេរិក ប្រកាន់យក​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​កម្ពុជា កំពុង​ដើរ​ចេញពី​គោលការណ៍​ប្រជាធិបតេយ្យ ដូច្នេះ​វា​ជា​របត់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំងពីរ មិនអាច​ដើរ​ស្របគ្នា​នៅក្នុង​ទិដ្ឋភាព​នយោបាយ​ប្រជាធិបតេយ្យ​តែមួយ​បានទេ​។ បច្ចុប្បន្ន​ការដែល​កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ ដោយសារតែ​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​មាន​ទំនាក់ទំនង​ដោយ​មិន​ខ្វល់​ពី​រឿង​ទិដ្ឋភាព​នយោបាយ​ជាធំ​ប៉ុណ្ណោះ»។

រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ រដ្ឋាភិបាល​កម្ពុជា ដែល​គ្រប់គ្រង​អំណាច ដោយ​ត្រកូល​ហ៊ុន បាន​ផ្លាស់ប្ដូរ​ឥរិយាបថ បែរ​ចេញពី​ទំនាក់ទំនង​ល្អ​ផ្នែក​នយោបាយ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​ងាក​ទៅ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទាំង​ការទូត នយោបាយ​និង​វិស័យ​យោធា ស្អិតល្មួត​ជាមួយ​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា​តែង រំពឹង​ស្ទើរតែ​ទាំងស្រុង ទាំង​កម្ចី ជំនួយ ការ​វិនិយោគ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន​។ ប៉ុន្តែ​ភាព​ជាក់ស្ដែង​ក្តី​រំពឹង​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​ត្រឹមតែ​ធ្វើ​ឱ្យ​ខកបំណង ដោយសារតែ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ទៅកាន់​ប្រទេស​ចិន គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​ក្រោម​ប្រទេស​វៀតណាម​ផង។

ជុំវិញ​រឿង​នេះ អ្នក​សិក្សា​កិច្ចការ​សង្គម​និង​នយោបាយ លោក ប៉ោ មករា យល់​ឃើញថា បច្ចុប្បន្ន​ថ្វីត្បិតតែ​រដ្ឋាភិបាល​កម្ពុ​ជា បង្ហាញ​ពី​ទំនាក់ទំនង​ការទូត​និង​នយោបាយ ជា​មិត្ត​ដែកថែប ជាមួយ​ចិន ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចិន​ជាច្រើន ចូល​មក​វិនិយោគ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ក្តី ក៏ប៉ុន្តែ​ភាគច្រើន​នៃ​ក្រុមហ៊ុន​ចិន​ទាំងនោះ ពុំបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​សមរម្យ ដល់​ពលរដ្ឋ​កម្ពុជា​ទេ​។​

លោក ប៉ោ មករា៖ «ជាទូទៅ​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន​មកដល់​កម្ពុជា​តាមរយៈ​ការ​រកស៊ី ធ្វើ​ពាណិជ្ជកម្ម ការលក់ដូរ​ជា​ទំនិញ​អ្វី​ក៏ដោយ យើង​មិនឃើញ​បាន​ផ្ដល់​ផលប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​កំរិត​មូលដ្ឋាន​ប៉ុន្មាន​ទេ បើ​បាន​គឺ​តិចតួច​។ អ្នកជំនួញ​ចិន គាត់​មក​រក​ស៊ី​ដោយ​មិន​ខ្វល់​ពី​ការគោរព​សិទ្ធិមនុស្ស មិន​ខ្វល់​ពី​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​និង​ការរស់នៅ មិន​ខ្វល់​ពី​រឿង​រំលោភបំពាន​ទៅលើ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រុក​អី​ទេ ។ ចំណុច​ទាំងអស់​ហ្នឹង​យើង​ឃើញថា ភាព​លេច​ធ្លោ​របស់​ចិន នៅតែ​ឈានមុខ​គេ ក្នុងចំណោម​ប្រទេស​ផ្សេងៗ»។

កិច្ច​សហប្រតិបត្តិការ​ល្អជា​មួយ​ចិន ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ មិន​ត្រឹមតែ​ពលរដ្ឋ​កម្ពុជា មិនបាន​ទទួលផល​ប្រយោជន៍​សមរម្យ​ទេ គឺ​ថែមទាំង​ធ្វើ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​ចិន​ចំនួន​ជាង​៤​ពាន់​លាន​ដុល្លារ ក្នុងចំណោម​បំណុល​សរុប​ជាង​១​ម៉ឺន ប្រាំមួយ​រយ​(១០,៦៦៧,២៥0,000)​លាន​ដុល្លារ ដែល​កម្ពុជា​ជំពាក់​បរទេស។

បន្ថែម​លើ​នេះ ជំនួយ​ចិន ក្នុង​ការ​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក នៅ​សមុទ្រ​រាម កាលពី​ឆ្នាំ​២០២២ កំពុង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន ក្នុង​តំបន់ ព្រួយបារម្ភ ចំពោះ​វត្តមាន​កងទ័ព​ចិន នៅ​លើ​ទឹកដី​កម្ពុជា ក្នុង​រឿង​វាទី​ភូមិសាស្ត្រ​នយោបាយ។

ថ្មីៗ​នេះ​កម្ពុជា​នឹង​ជំពាក់​បំណុល​ចិន​ថែមទៀត លើ​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ ដែល​ត្រូវ​ចំណាយ​ប្រាក់​ជាង​១​ពាន់​(១,៧)​លាន​ដុល្លារ​អាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles