លោក ​ហ៊ុន ម៉ាណែត ​បញ្ជាឲ្យ​ក្រសួង​ការបរទេស​សួរ​ជប៉ុន​រឿង​យក​ទឹកដី​ជប៉ុន​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា

កម្ពុជា
15/08/2024 – 13:24
ដោយ៖ ញឹម សុផល
RFI

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​អាចារ្យ និង​អាចារិនី ​នៅព្រឹក​ថ្ងៃទី១៥​ ខែ​សីហា ឆ្នាំ​២០២៤ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្ជា​ឲ្យក្រសួង​ការបរទេស​កម្ពុជាសួរទៅ​រដ្ឋាភិបាល​ជប៉ុន​ជុំវិញពលរដ្ឋខ្មែរ​ដែលមាន​និន្នាការ​ប្រឆាំង ​យក​ទឹកដី​ជប៉ុន​ធ្វើជាមូលដ្ឋាន​សម្រាប់​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក ​ហ៊ុន ម៉ាណែត ​បានបញ្ជា​យ៉ាងដូច្នេះ ​បន្ទាប់ពី​ពលរដ្ឋខ្មែរ​ នៅ​ប្រទេសជប៉ុន ​និង​កូរ៉េខាងត្បូង​បាននាំគ្នា​ធ្វើបាតុកម្ម ​កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ ​ប្រឆាំងនឹង​ការចូលរួម​របស់កម្ពុជា​ក្នុង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា ឡាវ​វៀតណាម (CLV)។

លោក ​ហ៊ុន ម៉ាណែត ​បញ្ជាឲ្យ​ក្រសួង​ការបរទេស​សួរ​ជប៉ុន​រឿង​យក​ទឹកដី​ជប៉ុន​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា


ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ និងអាចារិនីប្រមាណ១ពាន់នាក់ រួមនឹងមន្ត្រីរាជការជាច្រើននាក់នៅថ្ងៃព្រហស្បតិ៍ទី ១៥សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យក្រសួងការបរទេសកម្ពុជាសួរទៅរដ្ឋាភិបាលជប៉ុនថា តើជប៉ុនគាំទ្រឬទេ ក្នុងការដែលគេយកទឹកដីជប៉ុន ដើម្បីទៅបំផុសឲ្យផ្តួលរដ្ឋាភិបាលប្រទេសផ្សេង។

ការជំរុញឲ្យក្រសួងការបរទេសរបស់ខ្លួនសួរនាំទៅភាគីរដ្ឋាភិបាលជប៉ុនដូច្នេះ ក៏ដោយសារលោកនាយករដ្ឋមន្ត្រីយល់ឃើញថា អ្នកបំផុសឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាភាគច្រើន រស់នៅប្រទេសជប៉ុន រួមនឹងភស្តុតាងច្បាស់លាស់ ដែលជាសារចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកមិនចង់ឲ្យជប៉ុនដេញពួកគេទាំងនោះមកកម្ពុជាវិញទេ តែចង់ឲ្យជប៉ុនគួរធ្វើការណែនាំពលរដ្ឋខ្មែរដែលយកប្រទេសជប៉ុនធ្វើជាមូលដ្ឋានចង់ផ្តួលរំលំរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាមិនទាន់ឆ្លើយតបមកវិទ្យុបារាំងអន្តរជាតិ RFI នៅឡើយទេ ជុំវិញសំណួរថា តើក្រសួងបានដាក់កំណត់ទូតសួរនាំទៅរដ្ឋាភិបាលជប៉ុន តាមបញ្ជារបស់នាយករដ្ឋមន្ត្រីកម្ពុជារួចហើយ ឬនៅ។ ចំណែកស្ថានទូតជប៉ុននៅភ្នំពេញក៏ស្ថិតក្នុងភាពស្ងៀមស្ងាត់ដែរ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា ជប៉ុនគួរតែយល់ពីរឿង CLV DTA ព្រោះថា ជប៉ុនផ្ទាល់ក៏ជាអ្នកគាំទ្រគម្រោងនេះ តាំងពីដំបូង តាមរយៈការផ្តល់ថវិកាចំនួន ២០លានដុល្លារ ក្នុងការអភិវឌ្ឍន៍ CLV នេះកាលពីឆ្នាំ២០០៦។

ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មប្រឆាំងនឹងCLV
ពលរដ្ឋខ្មែរនៅជប៉ុនធ្វើបាតុកម្មប្រឆាំងនឹងCLV © FB

សូមរំលឹកថា កាលពីថ្ងៃអាទិត្យទី១១ ខែសីហាកន្លងទៅ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ជាដើម បាននាំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដោយសារបារម្ភពីការបាត់បង់ទឹកដី។ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបនៅថ្ងៃនេះដែរថា ជំនាញការជប៉ុនដែលជួយកសាងអភិវឌ្ឍផែនការមេ CLV នេះ បានបញ្ជាក់ហើយថា គម្រោង CLV នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពទេ៕

What Next?

Recent Articles