លោក ឆាយ គឹមខឿន៖ មនុស្ស១៤នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធបាតុកម្មប្រឆាំងគម្រោង CLV

កម្ពុជា
កម្ពុជា-នយោបាយ
16/08/2024 – 12:57
ដោយ៖ អោ ស្រីពេជ្រ
RFI

មនុស្ស១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ នេះបើតាមការបញ្ជាក់របស់លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១៦សីហានេះ និងថា បុគ្គលទាំងនោះត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការតែម្តង។ ជុំវិញវិធានការ និងចំណាត់ការរបៀបនេះ អង្គការលីកាដូបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ះពាល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។

លោក ឆាយ គឹមខឿន៖ មនុស្ស១៤នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធបាតុកម្មប្រឆាំងគម្រោង CLV


បើតាមការបញ្ជាក់របស់លោកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ គិតត្រឹមរសៀលថ្ងៃទី១៦សីហានេះ កម្លាំងសមត្ថកិច្ចខ្មែរបានចាប់ឃាត់ខ្លួនមនុស្ស ១៤នាក់ពាក់ព័ន្ធនឹងចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម។ តែលោកឆាយ គឹមខឿន មិនអាចបញ្ជាក់ឱ្យដឹងអំពីសមាសភាពជនដែលត្រូវចាប់ខ្លួននោះនៅឡើយទេ។

យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានចាប់បញ្ជូនជនសង្ស័យទាំងជាង១០នាក់នោះទៅតុលាការភ្លាមតែម្តង ដោយមិនចាំបាច់សាកសួរចម្លើយអ្វីទាំងអស់ និងថាសមត្ថកិច្ចនៅតែបន្តកំណត់មុខសញ្ញា ឈានទៅបង្ក្រាបជនទាំងឡាយណាដែលចូលរួមប្រឆាំង និងមានចេតនាផ្តួលរំលំរដ្ឋាភិបាល។

គួរបញ្ជាក់ដែរថា មានបុគ្គល២នាក់ក្នុងចំណោមជនសង្ស័យត្រូវបានអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់សម្រេចចោទប្រកាន់ក្នុងថ្ងៃទី១៦សីហានេះ ពីបទរួមគំនិតក្បត់ ក្រោយតំណាងអយ្យការអះអាងថាបានសួរចម្លើយ និងពិនិត្យភស្តុតាងត្រឹមត្រូវ។ តាមសេចក្តីប្រកាសរបស់សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃសុក្រទី ១៦សីហា សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ២នាក់ ១នាក់នៅក្នុងស្រុកស្រគរ និង១នាក់ទៀតនៅស្រុកវាលវែង ក្រោយពីពួកគេបានសរសេរនៅក្នុងបណ្តាញសង្គម ក្នុងន័យកៀងគរ មហាជនឱ្យចូលរួមធ្វើបាតុកម្ម ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ជុំវិញវិធានការ និងចំណាត់ការរបស់រដ្ឋាភិបាល លោកអំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ នៅថ្ងៃទី១៦សីហានេះ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពលរដ្ឋ។ លោក អំ សំអាត អំពាវនាវឱ្យរដ្ឋាភិបាលព្យាយាមបន្តពន្យល់ និងបកស្រាយឱ្យពលរដ្ឋ យល់អំពីគម្រោងអភិវឌ្ឍរបស់រដ្ឋជាមួយឡាវ និងវៀតណាម ជាជាងការប្រើប្រាស់វិធានការក្តៅយ៉ាងដូច្នេះ។

លោកឆាយ គឹមខឿន៖ មនុស្ស១៤នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធបាតុកម្មប្រឆាំងគម្រោងCLV
លោកឆាយ គឹមខឿន៖ មនុស្ស១៤នាក់ត្រូវបានចាប់បញ្ជូនទៅតុលាការ ពាក់ព័ន្ធបាតុកម្មប្រឆាំងគម្រោងCLV © ស្នងការនគរបាលជាតិ

គួរដឹងថា រដ្ឋាភិបាលកម្ពុជាបានប្រកាសដាច់ណាត់ ចាត់ទុកចលនាធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរបស់កម្ពុជាជាមួយឡាវ និងវៀតណាម ថា ជាការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប្រឈមនឹងចលនាបាតុកម្មនេះ ក្រសួងមហាផ្ទៃ តាមរយៈលោករដ្ឋមន្ត្រី ស សុខា បានប្រកាសបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនីមួយៗ រួមមានប៉ូលីស យោធា និងកងរាជអាវុធហត្ថចាប់ផ្តើមប្រមូលផ្តុំគ្នា ដាក់ផែនការរឹតបន្តឹងសន្តិសុខកំរិតខ្ពស់ នៅតាមមូលដ្ឋានសំខាន់ៗ ក្នុងភូមិសាស្ត្ររៀងៗខ្លួន រហូតដល់ចុងខែសីហា។ 

ចំណែកឯក្រសួងយុត្តិធម៌វិញក៏បានព្រមានចាត់វិធានការច្បាប់ធ្ងន់ធ្ងរ ដោយគ្មានការលើកលែង ចំពោះអ្នកចូលរួម និងមេខ្លោងរៀបចំធ្វើបាតុកម្ម។ វិធានការច្បាប់ដែលក្រសួងយុត្តិធម៌បានព្រមានយកមកប្រើប្រាស់នោះ រួមមាន «បទល្មើសឧបឃាត» ដែលត្រូវមានទោសជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ នោះទោសសម្រាប់ «បទល្មើសឧបឃាត» គឺជាប់ពន្ធនាគារអស់មួយជីវិត។ ចំពោះបុគ្គលទាំងឡាយណាដែលគេរកឃើញថា បានចូលរួមក្នុងគម្រោងធ្វើបាតុកម្មវិញ នឹងត្រូវជាប់ទោសក្នុង «បទល្មើសរួមគំនិតក្បត់» ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៥ ទៅ១០ឆ្នាំ ហើយទោសនេះត្រូវបន្ថែមស្ថានទម្ងន់ទោសដាក់ពន្ធនាគារ ពី១០ឆ្នាំ ទៅ២០ឆ្នាំ ប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ៕

What Next?

Recent Articles